កីឡាជាតិ
ជាតិ
ទោះរវល់ហាត់គុនខ្មែរ តែ លី វិបុលសេនា មិនបោះបង់ការសិក្សា
06, Aug 2023 , 6:59 pm        
រូបភាព
កីឡាករ លី វិបុលសេនា ពេលកំពុងហ្វឹកហាត់
កីឡាករ លី វិបុលសេនា ពេលកំពុងហ្វឹកហាត់
ដោយ:
សៀមរាប៖ ទោះរវល់ហ្វឹកហាត់កីឡាករប្រដាល់គុនខ្មែរ លី វិបុលសេនា ប្តេជ្ញាសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។ វិបុលសេនា បញ្ជាក់ថាការសិក្សា និងការហាត់ប្រដាល់គុនខ្មែរ ត្រូវដើរទន្ទឹមគ្នាមិនអាចខ្វះមួយណាឡើយ។

«បាទ!សម្រាប់ខ្ញុំផ្ទាល់ពិសេសការសិក្សាគឺអត់ចោលទេ ខ្ញុំនឹងបន្តការសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ»។ កីឡាករគុនខ្មែរ លី វិបុលសេនា និយាយក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានឌីជីថលថ្មីៗ ពីទឹកដីអង្គរ។ ជាមួយនឹងការសិក្សាផង ហ្វឹកហាត់ប្រដាល់ផង វិបុលសេនា បញ្ជាក់ច្បាស់ៗថារូបគេបានបែងចែងពេលវេលារៀនសូត្រ និងហ្វឹកហាត់បានច្បាស់លាស់។
 
កីឡាករមានវ័យ ១៩ឆ្នាំរូបនេះនិយាយថា៖«ការសិក្សា និងការហ្វឹកហាត់អត់លាយឡំគ្នាទេ។ ខ្ញុំហ្វឹកហាត់ពេលព្រឹក និងពេលថ្ងៃ អ៊ីចឹង!ខ្ញុំរៀនវេនយប់»។ ជាមួយនឹងអាជីពជាអ្នកប្រដាល់កីឡាករមានដើមកំណើតមកពីខេត្តស្វាយរៀង រូបនេះបញ្ជាក់ថារូបគេក៏បានជួយសម្រាលដល់បន្ទុកគ្រួសារផងដែរដោយទទួលបានប្រាក់ពីការប្រកួតយកទៅបង់ថ្លៃសាលាដោយខ្លួនឯង។
 
កីឡាករគុនខ្មែរ លី វិបុលសេនា នៃក្លិបប្រដាល់ MR.LY គុនខ្មែរ

«ខ្ញុំគិតថាសមត្ថភាពខ្ញុំ នឹងកើនឡើង! យើងអាចរកចំណូលបានពីការប្រកួតដើម្បីផ្គត់ផ្គង់ការសិក្សាយើងដែរ»។ កីឡាករគុនខ្មែរសិស្សគុនក្លិបប្រដាល់ MR.LY គុនខ្មែរ និយាយដូច្នេះ។ យ៉ាងណាចំពោះភាពជោគជ័យរបស់កីឡាករគុនខ្មែរ លី វិបុលសេនា គឺកើតចេញពីការតស៊ូ និងជំនះរាល់ឧបសគ្គរបស់ខ្លួនគេផ្ទាល់ ហើយក៏មានអ្នកមានគុណទាំងពីរដែលបានជំរុញ និងលើកទឹកចិត្តរហូតគេមានថ្ងៃនេះផងដែរ។
 
កីឡាករចំណាកស្រុកមកកាន់ទឹកដីសៀមរាប រៀបរាប់ថា៖«ឪពុកម្តាយខ្ញុំគឺគាត់បានជំរុញខ្ញុំ ទាំងការលើកទឹកចិត្ត។ គាត់សប្បាយចិត្តពេលដែលឃើញខ្ញុំខិតខំប្រឹងប្រែងហ្វឹកហាត់»។ កីឡាករគុនខ្មែរ លី វិបុលសេនា បន្ថែមដូច្នេះ។
 
គួបញ្ជាក់ថា កីឡាករគុនខ្មែរ លី វិបុលសេនា វ័យ១៩ឆ្នាំជាសិស្សរៀនឆ្នាំទី២ នៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប។ បច្ចុប្បន្ន សេនា ហ្វឹកហាត់ប្រដាល់គុនខ្មែរនៅក្លិបប្រដាល់ MR.LY គុនខ្មែរ ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 លី វិបុលសេនា
© រក្សាសិទ្ធិដោយ thmeythmey.com