ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិបញ្ចេញប្រាក់រៀល​ក្នុងទីផ្សារ កើនជាង៨៣ភាគរយ​ នៅឆមាសទី១​
07, Aug 2023 , 2:29 pm        
រូបភាព
ការបញ្ចេញសន្ទនីយភាពជារៀលរបស់ធនាគារជាតិនៃកម្ពុជា ដល់​ប្រព័ន្ធធនាគារ​និងមីក្រូហិរញ្ញវត្ថុ​​ ​ តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា(LPCO) បានកើនដល់៨៣,៨ភាគរយ ក្នុងឆមាសទី១។ ធនាគារជាតិធ្វើបែបនេះ គឺដើម្បីបំពេញប្រាក់រៀលនៅលើទីផ្សារ​។​

 
ការចេញផ្សាយមូលបត្រអាចជួញដូរបាន(NCD)ទាំងជារៀល និងជាដុល្លារ​ មានការធ្លាក់ចុះ ខណៈការបញ្ចេញសន្ទនីយភាពជារៀល តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា(LPCO) មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ទៅវិញ។ របាយការណ៍របស់ធនាគារជាតិបានបង្ហាញថា ក្នុងឆមាសី១ ឆ្នាំ២០២៣ ការចេញផ្សាយ NCD ជារៀល បានថយចុះ១៥,២ភាគរយ ដោយមកនៅត្រឹមទឹកប្រាក់៥,៩ទ្រីលានរៀល និងជាដុល្លារអាម៉េរិក ថយចុះ៧៤,៨ភាគរយ មកនៅត្រឹមទឹកប្រាក់៤,១ពាន់លានដុល្លារ ប៉ុណ្ណោះ។​
 
ប៉ុន្តែ ចំពោះការបញ្ចេញសន្ទនីយភាពជារៀល តាមរយៈLPCOដល់ទំហំទឹកប្រាក់១,៥ទ្រីលានរៀល បែរជាកើនជាង៨៣,៨ភាគរយ បើធៀបនឹងឆមាសទី១ កាលឆ្នាំ២០២២។ សម្រាប់ទំហំទឹកប្រាក់LPCO ដែលមិនទាន់ដល់ឥណប្រតិទាន១,៥ទ្រីលានរៀល​ ក៏មានកើនបាន៤១,៩ភាគរយ ផងដែរ។ ធនាគារជាតិបញ្ចេញសាច់ប្រាក់ក្រោមយន្តការដេញថ្លៃLPCOនេះ ជារៀងរាល់ពីរម្តងក្នុងខែ ដើម្បីបំពេញតម្រូវការប្រាក់រៀលនៅលើទីផ្សារ ក្នុងអត្រាការសមរម្យ​ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ 
 
បើតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃកម្ពុជា អត្រាការប្រាក់ដេញថ្លៃឈ្នះLPCOមានកម្រិតប្រហាក់ប្រហែលនឹងគ្រាឆ្នាំមុន ព្រោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានតម្រូវការប្រាក់រៀល ស្របពេលដែលធនាគារជាតិបានដំឡើងទំហំទឹកប្រាក់LPCO ដាក់ឱ្យដេញថ្លៃ សម្រាប់បំពេញតម្រូវការប្រាក់រៀលនៅលើទីផ្សារ ។
 
​អត្រាប្រាក់ដែលដេញថ្លៃឈ្នះជាមធ្យមមានកម្រិត៥,៦ភាគរយ ដោយក្នុងអត្រាសម្រាប់ឥណប្រតិទាន៩១ថ្ងៃ មានកម្រិត៥,៥ភាគរយ ខណៈឥណប្រតិទាន១៨២ថ្ងៃមានអត្រា៦,១ភាគរយ និងឥណប្រតិទាន៣៦៤ថ្ងៃ ឬ១ឆ្នាំ មានក្នុងកម្រិត៥,១ភាគរយ។​
 
គួរជម្រាបថា NCD និងLPCO គឺជាឧបករណ៍គោលនយោបាយរូបិយវត្ថុ ក្នុងចំណោមឧបករណ៍ឯទៀតរបស់ធនាគារជាតិនៃកម្ពុជា​ ដែល​ប្រើប្រាស់ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការប្រាក់រៀលនៅលើទីផ្សារ។ ឧបករណ៍ហិរញ្ញវត្ថុទាំងពីរនេះ ត្រូវបានធនាគារជាតិធ្វើឡើងរាល់ពីរសប្តាហ៍ម្តង។  NCD ជាឧបករណ៍ហិរញ្ញវត្ថុមួយដែលធនាគារជាតិអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ដាក់បញ្ញើជាប្រាក់រៀល និងដុល្លារ ក្នុងរយៈពេលខ្លីនិងមធ្យមណាមួយ ដើម្បីទទួលបានការប្រាក់ហើយថែមទាំងមានសុវត្ថិភាពទៀត ហើយដល់ការកំណត់ណាមួយធនាគារជាតិ នឹងបញ្ចេញសាច់ប្រាក់នៅលើទីផ្សារវិញតាមរយៈ LPCO។
 
គោល​បំណង​នៃ​ប្រតិបត្តិការ LPCO គឺ​ដើម្បី​បង្កើត​ឲ្យ​មាន​អត្រា​ប្រាក់​គោល (Benchmark rate) សម្រាប់​ទីផ្សារ​ដើម្បី​បម្រើ​ដល់​ការ​អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ​ ជំរុញ​តម្រូវការ NCDs ដែល​ជា​ឧបករណ៍​ធានា​ក្នុង​ទីផ្សារ​អន្តរ​ធនាគារ ជំរុញ​ និង​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ ជួយ​គាំទ្រ​វិស័យ​កសិកម្ម និង​រួម​ចំណែក​បន្ទាប​អត្រា​ការ​ប្រាក់​រៀល​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​នា​ពេល​បច្ចុប្បន្ន។​
 
កន្លងមក ​លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា តម្រូវការ​ប្រាក់រៀល​ ​នឹងកាន់​កើន​ឡើង​ច្រើន ​បើ​សិន​ជា​តម្រូវការ​កាន់​តែ​ច្រើនទៅ​លើ​ការ​អនុវត្ត​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដោយ​មាន​ការ​ធានា(LPCO) ពីព្រោះ​ធនាគារ​ជាតិ នឹង​អាច​ស្រូប​យក​ប្រាក់​ដុល្លារ​បាន​ច្រើនពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហើយ​ក៏​បាន​បញ្ចេញ​លុយ​រៀល​បាន​ច្រើន​ដែរ​នៅ​លើ​ទីផ្សារ។

ក្នុងចំណោមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាច្រើនដែលចូលរួមដេញថ្លៃយកLPCO ក៏មានវត្តមានធនាគារអេស៊ីលីដា ផងដែរ។ អ្នកស្រី ម៉ា អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា បានលើកឡើងថា ការចូលរួមរបស់ធនាគារអេស៊ីលីដាក្នុងការដេញថ្លៃយកLPCOកន្លងមក គឺដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការធនាគារ។

បើតាមអ្នកស្រី ម៉ា អមរា LPCO ដែលអេស៊ីលីដាដេញបានពីធនាគារជាតិ គឺប្រើសម្រាប់ការបញ្ចេញឥណទានដល់អតិថិជន និងការទូទាត់តាមរយៈKHQR។ អ្នកស្រីបន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមបណ្តាញតេលេក្រាមនារសៀលថ្ងៃទី៧សីហាយ៉ាងដូច្នេះ ៖ «នេះជាកត្តាមួយយ៉ាងសំខាន់ក្នុងការចូលរួមយើងស្របតាមបេសកម្មចម្បងរបស់ធនាគារជាតិ ក្នុងការកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ សំដៅរក្សាស្ថិរភាពថ្លៃ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា»៕
 
 

Tag:
 ធនាគារ និងហិរញ្ញវត្ថុ
  LPCO
© រក្សាសិទ្ធិដោយ thmeythmey.com