កីឡាជាតិ
ជាតិ
អាជ្ញាកណ្តាល FIFA ប្លុង ពេជ្រអក្ខរ៉ា៖ ពេលឈ្នះក្រុមខ្លាំង តែពេលចាញ់បន្ទោសអាជ្ញាកណ្ដាល
08, Aug 2023 , 8:19 pm        
រូបភាព
កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ដឹកនាំការប្រកួត រូបពី កញ្ញា ប្លុង ពេជ្រអក្ខរ៉ា
កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ដឹកនាំការប្រកួត រូបពី កញ្ញា ប្លុង ពេជ្រអក្ខរ៉ា
កញ្ញា ប្លុង ពេជ្រអក្ខរ៉ា អាជ្ញាកណ្ដាលក្របខណ្ឌ FIFA បាននិយាយថា តួនាទីជាអាជ្ញាកណ្ដាល ត្រូវរងសម្ពាធច្រើន ក្នុងការដឹកនាំការប្រកួតនីមួយៗ ឲ្យបានល្អ។ ទោះរងសម្ពាធពីការិះគន់របស់ភាគីកីឡាករ ឬក៏អ្នកគាំទ្រទាំងសងខាងអំឡុងពេលប្រកួត តែ អាជ្ញាកណ្ដាលស្ត្រី វ័យ២៨ឆ្នាំ ត្រូវបំពេញតួនាទីកាត់ក្តីការប្រកួតរបស់ខ្លួនឲ្យបានល្អ និងសុក្រិត មិនលម្អៀង។ អាជ្ញាកណ្ដាល កម្រទទួលបានការសាទរ ព្រោះ ពេលក្រុមមួយឈ្នះ តែងសរសើរកីឡាករ ហើយមានពេលខ្លះ បន្ទោសអាជ្ញាកណ្ដាល កាត់ក្ដីមិនត្រឹមត្រូវ នៅពេលក្រុមចាញ់។



កញ្ញា ប្លុង ពេជ្រអក្ខរ៉ា បានប្រាប់សារព័ត៌មានថ្មីៗ ថា តួនាទីជាអាជ្ញាកណ្ដាល ត្រូវប្រកាន់ភ្ជាប់ភាពសុក្រិត ដើម្បីដឹកនាំការប្រកួត ជាពិសេសផ្ដល់ភាពស្មើគ្នានៅក្នុងទីលាន ដល់គូប្រកួតទាំង ២ក្រុម។ អាជ្ញាកណ្ដាល FIFA រូបនេះ បាននិយាយដូច្នេះថា៖«រាល់ការដឹកនាំការប្រកួតពួកខ្ញុំ ត្រូវប្រមូលអារម្មណ៍ ព្យាយាម ធ្វើអ្វី អស់ពីសមត្ថភាព យើង ត្រូវស្ថិតនៅចំណុចកណ្ដាល ហើយយកច្បាប់ល្បែង ដែលយើង បានរៀនមក មកបង្ហាញទាំងអស់ក្នុងការប្រកួតនីមួយៗ។»។

កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ឈរនៅកណ្ដាល រូបពី កញ្ញា ប្លុង ពេជ្រអក្ខរ៉ា
 
ប្រឡូកក្នុងវិស័យអាជ្ញាកណ្ដាលកម្ពុជា អស់រយៈពេលជាង ១០ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១​៤ មកទល់ពេលនេះ ពេជ្រអក្ខរ៉ា បញ្ជាក់ថា ធ្លាប់ឆ្លងកាត់បទពិសោធន៍ និងសម្ពាធជាច្រើនក្នុងទីលាន។ សម្ពាធទាំងនោះ ពេលខ្លះ កើតឡើងពីក្រុមបាល់ទាត់ គ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រ។ ជាឧទាហរណ៍ ដូចជាការស្រែកដាក់អាជ្ញាកណ្ដាល ពីកីឡាករ នៅពេលទទួលបានកាតពិន័យ ឬការស្រែកពីអ្នកគាំទ្រថាឲ្យ អាជ្ញាកណ្ដាល ជាដើម។ អាជ្ញាកណ្ដាលស្ដ្រីរូបនេះ បន្ដទៀតថា រាល់ការប្រកួតក្រុមឈ្នះ និងអ្នកគាំទ្រ តែងសរសើរថាកីឡាករ របស់គេលេងបានល្អ ចំណែកពេលខ្លះ ក្រុមចាញ់ បានដាក់កំហុស ទៅលើការកាត់សេចក្ដីអាជ្ញាកណ្ដាល។ ដូច្នេះ តួនាទីអាជ្ញាកណ្ដាល កម្រទទួលបានការសរសើរណាស់។
 
«មានករណីខ្លះ ក្រុម ដែលបានចាញ់ បានចោទទៅលើអាជ្ញាកណ្ដាល កាត់សេចក្ដីលម្អៀង។ អាជ្ញាកណ្ដាល តែងត្រូវគេស្ដីឲ្យ ហើយសម្រាប់ក្រុមឈ្នះ គឺជាក្រុមល្អ ជាក្រុមខ្លាំង គឺមិនដែលគិតថាអាជ្ញាកណ្ដាលល្អទេ និយាយទៅ គឺពួកខ្ញុំជួបអស់ហើយ។»។ កញ្ញា ប្លុង ពេជ្រអក្ខរ៉ា បាននិយាយប្រាប់ដូច្នេះ។
 
ដោយឡែក អាជ្ញាកណ្ដាលរូបនេះ ក៏បានប្រាប់ថា រូបកញ្ញា ក៏ធ្លាប់បង្កើតកំហុស អំឡុងពេលដឹកនាំការប្រកួតផងដែរ ប៉ុន្ដែកំហុសទាំងនោះ គឺអចេតនា និងមិនលម្អៀង ទៅក្រុមណាមួយឡើយ។ កញ្ញា អក្ខរ៉ា បន្ដទៀតថា បើទោះជាដឹងថា បានបង្កើតកំហុសដោយអចេតនាក៏ ប៉ុន្ដែ ត្រូវតាំងស្មារតីដឹកនាំការប្រកួតបន្ដ ហើយដាច់ខាតមិនត្រូវបង្ករជាកំហុស ដដែរៗ ឡើង។ កញ្ញាវ័យ ២៨ឆ្នាំរូបនេះ មានសុទិដ្ឋិនិយមថា រាល់កំហុស ត្រូវតែកែប្រែ ដើម្បីឲ្យការដឹកនាំការប្រកួតបន្ដទៀត បានល្អ ហើយត្រូវអភិវឌ្ឍនៅចំណុចខ្វះខាតទាំងនោះ។
 
កញ្ញា វ័យ២៨ឆ្នាំរបស់កម្ពុជារូបនេះ បាននិយាយបែបនេះ៖«ខ្ញុំ ក៏ធ្លាប់បង្កើតកំហុស ផងដែរ ក្នុងការដឹកនាំការប្រកួត។ យើង ដឹងហើយថាកីឡាករ នៅក្នុងទីលាន ២២នាក់ អ៊ីចឹងសម្រាប់អាជ្ញាកណ្ដាល ក្នុងទីលានមានតែម្នាក់ទេ។ អ្វី ដែលគាត់មើល ពេលខ្លះ អាចមើលអត់អស់។ ខ្ញុំ ដឹកថា ពេលខ្លះ ខ្ញុំ មានចំណុចខ្វះខាត ដូចគ្នា ហើយត្រូវចង់ចាំ និងទទួលយកថា ខ្ញុំខ្វះខាតពិតមែន ប៉ុន្ដែ យើងត្រូវប្រមូលអារម្មណ៍ ហើយបន្ដដឹកនាំការប្រកួត ដោយមិនត្រូវបង្កើតកំហុស ដដែរៗ។ អ្វី ដែលយើងខុសនៅពេលនេះ មិនត្រូវឲ្យកើតមានឡើងម្ដងទៀត នៃពេលខាងមុខ។»
 
ចំពោះកំហុសរបស់អាជ្ញាកណ្ដាល កញ្ញា ពេជ្រអក្ខរ៉ា និយាយថា រាល់ការប្រកួតនីមួយៗ តែងតែមានគ្រូបង្វឹកអាជ្ញាកណ្ដាល នៅចាំដាក់ពិន្ទុ និងពិនិត្យទៅលើការបំពេញតួរនាទី ក្នុងទីលាន។ គ្រូបង្វឹកអាជ្ញាកណ្ដាល នឹងអនុវត្តច្បាប់របស់អាជ្ញាកណ្ដាល ក្នុងការដាក់ពិន័យ។ ដោយឡែក ការដាក់ពិន័យនោះ នឹងមិនត្រូវបានផ្សព្វផ្សាយទេ។ ម្យ៉ាងវិញទៀត ការពិន័យពេលខ្លះ អាចកាត់ពិន្ទុ ឬក៏អាចឈាន ដល់ការភ្ជួរឈ្មោះ មិនឲ្យដឹកនាំការប្រកួត។
 
 «កីឡាករ តាមក្លិបនីមួយៗ គឺមានច្បាប់ តាមក្លិបរបស់គេ។ ដូច្នេះ សម្រាប់ពួកខ្ញុំ ជាអាជ្ញាកណ្ដាល ក៏មានច្បាប់ របស់អាជ្ញាកណ្ដាលដែរ គ្រាន់តែថា ពួកខ្ញុំ មិនបង្ហាញជាលក្ខណៈទូទៅ ព្រោះរាល់ការដឹកនាំការប្រកួតនីមួយៗ មានគ្រូនៅពីលើដូចគ្នា ដែលចាំកែពួកខ្ញុំ»។ ពេជ្រអក្ខរ៉ា អះអាងដូច្នេះមុនបន្ថែមថា ប្រសិនជាការប្រកួតណាមួយ អាជ្ញាកណ្តាលបង្កើតកំហុស នឹងមានអ្នកចាំមើលលើការដឹកនាំប្រកួត នឹងអាចកាត់ពិន្ទុរបស់អាជ្ញាកណ្តាល ហើយ ពេលខ្លះ អាចឈានទៅដល់ការភ្ជួរឈ្មោះ មិនឲ្យដឹកនាំការប្រកួតផងដែរ៕
 

Tag:
 បាល់ទាត់
  ប្លុង ពេជ្រអក្ខរា
© រក្សាសិទ្ធិដោយ thmeythmey.com