ជាតិ
បង្កង​ប៉ាក អន្ទង់ ខ្យង និងត្រី​ដំរី ត្រូវបានអនុញ្ញាតនាំចូលទីផ្សារចិន
09, Aug 2023 , 8:19 pm        
រូបភាព
រូបភាព៖ ស្ថានទូតចិនប្រចាំកម្ពុជា
រូបភាព៖ ស្ថានទូតចិនប្រចាំកម្ពុជា
ភ្នំពេញ៖ រដ្ឋាបាលគយចិន បានអនុញ្ញាតឱ្យកម្ពុជានាំបង្កងប៉ាក អន្ទង់ ខ្យង់ និងត្រីដំរី ទៅកាន់ទីផ្សារខ្លួន បន្ទាប់ពី បញ្ចប់នីតិវិធីនៃការនាំចេញ នាពេលថ្មីៗនេះ។



យោងតាមការចេញផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី៧ខែសីហា ជលផលកម្ពុជា បានបញ្ចប់នីតិវីធីនៃការនាំចេញទៅប្រទេសចិនរួចរាល់ហើយ។ ក្នុងនោះ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង ត្រូវបានរដ្ឋាបាលគយចិនអនុញ្ញាតនាំចេញដោយផ្អែកលើ​ពាណិជ្ជកម្ម​ប្រពៃណីដែលមាន​ស្រាប់​​រវាង​ចិននិង​កម្ពុជា។ 
 
គយចិន បានធ្វើបច្ចុប្បន្នភាពអំពីបញ្ជីឈ្មោះប្រទេស, តំបន់ និងប្រភេទជលផលដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសខ្លួន ហើយមានតែក្រុមហ៊ុនខ្មែរមួយប៉ុណ្ណោះ ឈ្មោះ «Cambodian Tienit International Trading» ជាប់ដំណាក់កាលនៃការត្រួតពិនិត្យនេះ ។ 
 
នេះជាក្រុមហ៊ុនដំបូងគេដែលបានបញ្ចប់ការចុះឈ្មោះដាក់របាយការណ៍ ក្នុងការនាំជលផលទៅកាន់ចិន បន្ទាប់ពីភាគីទាំងពីរ បានចុះហត្ថលេខារួមគេលើ «ពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន»។  
 
ស្ថានទូតបញ្ជាក់ថា ក្រុមហ៊ុន ដែលអនុញ្ញាតឱ្យនាំចេញជលផលចិញ្ចឹមនៅកម្ពុជាទៅចិន បានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ជាមួយរដ្ឋបាលគយចិន កាលថ្ងៃទី២៤ ខែឧសភា។ ចំណែក ក្រុមហ៊ុនដែលអនុញ្ញាតឱ្យនាំជលផលធម្មជាតិវិញ បានបញ្ចប់ការចុះបញ្ជីជីវសាស្ត្រដាក់របាយការណ៍នៅគយចិន កាលពីថ្ងៃទី១ ខែសីហា។ 
 
លោក ឡែមផូរ សុថាវរិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា បានបង្ហាញក្ដីរីករាយ ក្រោយទទួលបានព័ត៌មានពីការបើកទីផ្សារ បង្កង​ប៉ាក អន្ទង់ ខ្យង និងត្រី​ដំរី ដោយគយចិន។ យ៉ាងណា លោក យល់ថា ការនាំចេញប្រភេទជលផលទាំងនេះអាចនឹងពិបាកបន្តិច ដោយសារកម្ពុជាមិនសូវមានអ្នកចិញ្ចឹមច្រើនឡើយ។ 
 
ជុំវិញរឿងនេះ សមាគមវារីវប្បករកម្ពុជា ចង់ឱ្យមានការវិនិយោគរួមគ្នា រវាងកម្ពុជា ដែលជាអ្នកផលិត​ និងចិនជាអ្នកទិញ ដើម្បីកសាងក្រុមអ្នកផលិត និងបច្ចេកទេសផ្សេងៗ។ 
 
លោក សុថាវរិទ្ធ ប្រាប់ដូច្នេះថា៖« សម្រាប់ បង្កង​ប៉ាក អន្ទង់ និងត្រី​ដំរី មិនសូវមានអ្នកចិញ្ចឹមច្រើនទេ ដូច្នេះ យើងត្រូវពិភាក្សា ឬជួបជាមួយក្រុមហ៊ុនចិន ដើម្បីឱ្យគេជួយ បច្ចេកទេស ពូជ និងចំណី បែបម៉េច បានយើងហ៊ានធ្វើ។ ប្រសិនបើ លក្ខណៈទូទៅពួកយើងមិនហ៊ានធ្វើទេ ព្រោះអត់ដែរចិញ្ចឹម»៕ 
 
 

Tag:
 បង្កង​ប៉ាក
  អន្ទង់
  ត្រី​ដំរី
  ខ្យង
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com