អន្តរជាតិ
ចិន បារម្ភពីការរាតត្បាតជំងឺលើដំណាំនិងសត្វក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់
10, Aug 2023 , 11:06 am        
រូបភាព
រដ្ឋាភិបាលចិន បានព្រមានពីការរាតត្បាតនៃជំងឺដែលកើតលើដំណាំ និងសត្វ ស្របពេលទឹកជំនន់ចាប់ផ្ដើមស្រកចុះនៅខេត្តភាគខាងជើងប្រទេស ហើយទីក្រុងមួយចំនួនជួបប្រទះការលំបាកក្នុងការស្ដារការ​ផ្គត់​ផ្គង់ទឹកឡើងវិញ។

 
ខេត្តហឺប៉ីដែលមានព្រំប្រទល់ជាប់ជាមួយទីក្រុងប៉េកាំង ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ ខ្លាំង​កាល​ពីសប្ដាហ៍មុន​ ហើយថែមទាំងរងការវាយប្រហារពីព្យុះទីហ្វុង Doksuri ។ ជំនន់ទឹកភ្លៀង បំផ្លាញដំណាំក្នុងរដូវស្លឹកឈើជ្រុះ និងសម្ភារៈកសិកម្មជាច្រើន។ កសិដ្ឋាននៅទូទាំងខេត្តហឺប៉ី​ត្រូវ​បាន​រង​ផល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជ្រូក និងចៀមជាច្រើនពាន់ក្បាលបានលង់ទឹកងាប់។
 
ស្របពេលដំណើការស្ដារឡើងវិញកំពុងធ្វើឡើង ចិនចាប់ផ្ដើមពីបារម្ភពីជំងឺឆ្លងលើសត្វនិងដំណាំវិញម្ដង។ រដ្ឋមន្ត្រីក្រសួងកសិកម្មចិន Tang Renjian បាននិយាយបន្ទាប់ពីការត្រួតពិនិត្យតំបន់រង​ផល​ប៉ះពាល់​នាថ្ងៃទី៨ ខែសីហាថា អាជ្ញាធរមូលដ្ឋានត្រូវតែបង្កើនវិធានការដើម្បីការពារ និងគ្រប់គ្រង​ការផ្ទុះ​ឡើងជំងឺដែលបង្កឡើងដោយសត្វងាប់ និងសត្វល្អិត។ 
 
«មន្ទីរកសិកម្ម និងជនបទគ្រប់លំដាប់ថ្នាក់គួរតែវាយតម្លៃឱ្យបានត្រឹមត្រូវអំពីស្ថានភាពគ្រោះ មហន្តរាយរបស់កសិករជួយកសិករដែលរងផលប៉ះពាល់ដោះស្រាយការលំបាកជាក់ស្តែង និង​ទប់ស្កាត់​ភាពក្រីក្រដែលបណ្តាលមកពីគ្រោះមហន្តរាយ ឬត្រឡប់ទៅភាពក្រីក្រវិញ» ។​ លោក Tang បញ្ជាក់​បែបនេះរួចបន្តថា ការដាំស្រូវសាលីរដូវរងាមិនមានផលប៉ះពាល់អ្វីឡើយ។
 
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរដ្ឋចិន Xinhua បានរាយការណ៍ថា នៅតំបន់ជ័រចូវដែលជាទីតាំងរងគ្រោះ​ខ្លាំងបំផុតក្នុងខេត្តហឺប៉ី ក្រុមការងារពាក់ឯកសណ្ឋានការពារ បានបាញ់ថ្នាំសម្លាប់មេរោគ​នៅ​ក្នុង​តំបន់​ដើម្បីការពារការរីករាលដាលនៃជំងឺ។
 
ការផ្គត់ផ្គង់ទឹកស្អាតត្រូវបានកាត់ផ្តាច់នៅតំបន់ជនបទមួយចំនួនដោយសារបំពង់បង្ហូរទឹក និង​អណ្តូង​ត្រូវបានបំផ្លាញដោយសារទឹកជំនន់ដែលប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់។ ក្រសួងធនធានទឹកចិន បានប្រកាសការឆ្លើយតបជាបន្ទាន់ដើម្បី ស្តារការផ្គត់ផ្គង់ទឹកស្អាតឡើងវិញយ៉ាងឆាប់រហ័ស​រួមទាំងបង្កើនការផ្គត់ផ្គង់ និងការបញ្ជូនរថយន្តដឹកទឹកផងដែរ។ 
 
គិតត្រឹមថ្ងៃទី៩ ខែសីហា មនុស្សចំនួន៣៣​នាក់ក្នុងក្រុងប៉េកាំងបានស្លាប់ ខណៈមនុស្ស១៨ នាក់​ផ្សេង​ទៀតកំពុងបាត់ខ្លួនដោយសារឥទ្ធិពលព្យុះ Doksuri ៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com