ជាតិ
អ្នកជំនាញ៖ កម្ពុជាចរចានាំដូងទៅចិន ខណៈការផ្គត់ផ្គង់ក្នុងស្រុក មិនទាន់គ្រប់នៅឡើយ
10, Aug 2023 , 10:19 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក ចម្ការដូងក្រអូប
រូបភាព៖ ហ្វេសប៊ុក ចម្ការដូងក្រអូប
ភ្នំពេញ៖ ការចរចានាំចេញដូងទៅចិន បានឈានដល់ដំណាក់កាល វាយតម្លៃហានិភ័យសមាសភាពចង្រៃហើយ។ ជុំវិញរឿងនេះ សហគមន៍កសិកម្មដូងក្រអូបកម្ពុជា មើលឃើញថា កម្ពុជាមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ដល់ចិននោះទេ ព្រោះបច្ចុប្បន្ន កម្ពុជានៅនាំចូលពីថៃ និងវៀតណាម ដើម្បីបំពេញភាពខ្វះខាត នៅឡើយទេ។



លោក សួង ណយ ប្រធានសហគមន៍កសិកម្មដូងក្រអូបកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១០ ខែសីហានេះថា ការពង្រីកទីផ្សារដូងទៅកាន់ចិន គឺជារឿងល្អ។ យ៉ាងណា លោក មើលឃើញថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានដូងគ្រប់គ្រាន់សម្រាប់ការនាំចេញនោះទេ ព្រោះតែកម្ពុជាកំពុងនាំចូលពីថៃ និងវៀតណាម ដើម្បីបង្គ្រប់តម្រូវការនៅឡើយ។  
 
ក្នុងមួយថ្ងៃៗ កម្ពុជាបាននាំចូលដូងទុំ និងខ្ចីយ៉ាងតិច៥ម៉ឺនផ្លែ ពីថៃ និងវៀតណាម។ កម្ពុជាត្រូវការពេល ៣ទៅ៥ឆ្នាំទៀត ដើម្បីកសាងអ្នកដាំ ធ្វើយ៉ាងណាឱ្យបាន២លានដើម ទើបអាចបំពេញតម្រូវការក្នុងស្រុកបាន​។ បច្ចុប្បន្ន កម្ពុជាមានដូងក្រអូបប្រហែល១លានដើមប៉ុណ្ណោះ។ 
 
លោក សួង ណយ ប្រាប់ដូច្នេះថា៖«ការនាំទៅចិននេះ ខ្ញុំគិតថា អត់គ្រប់ទេ ព្រោះឥឡូវ អត់គ្រប់សម្រាប់ទីផ្សារក្នុងស្រុកយើងផង។ សព្វថ្ងៃនេះ យើងនៅនាំចូលពីថៃ ពីវៀតណាម នៅឡើយទេ ទាំងដូងទុំ និងខ្ចី»។    
 
ដូងក្រអូប កំពុងមានទីផ្សារល្អ ឯតម្លៃក៏ប្រសើរដែរ។ ដូងក្រអូបដែលលក់តាមចម្ការមួយផ្លែ មានតម្លៃចន្លោះពី១៥០០ ទៅ២៣០០ រៀល។  
 
សូមជម្រាបថា ដូងស្រស់កម្ពុជា​បានឈានដល់វាយតម្លៃហានិភ័យសមាសភាពចង្រៃសម្រាប់នាំចេញទៅចិនហើយ កាលពីថ្ងៃទី៧ ខែសីហា។ ការវាយតម្លៃនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយក្រុមការងារជំនាញនៃអគ្គរដ្ឋបាលគយចិន ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងនិងតំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជា៕ 
 

Tag:
 កសិកម្ម
  ពាណិជ្ជកម្មកម្ពុជា-ចិន
  ដូង
© រក្សាសិទ្ធិដោយ thmeythmey.com