ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ កំពុងជំរុញការផលិតអង្ករ ដើម្បីទម្លាក់ថ្លៃកំពុងឡើងក្នុងទីផ្សារសម្រាប់ពលរដ្ឋ
11, Aug 2023 , 9:19 am        
រូបភាព
លោក​ ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​។​
លោក​ ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​។​
បច្ចុប្បន្ន ទំនិញដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ជាពិសេសអង្ករ​ បានឡើងថ្លៃគួរឱ្យកត់សម្គាល់​ក្នុងបរិការណ៍ ដែលកម្ពុជារងនូវសម្ពាធសេដ្ឋកិច្ច និងអតិផរណា។​ ​ ដើម្បីទប់ស្កាត់នូវអតិផរណានេះ ក្រសួងពាណិជ្ជកម្ម​  និងស្ថាប័នពាក់ព័ន្ធ រួមនឹងវិស័យឯកជន កំពុងជំរុញការផលិតអង្ករឱ្យបានកាន់ច្រើន ដើម្បីទម្លាក់ថ្លៃ​ដែលកំពុងឡើងក្នុងទីផ្សារសម្រាប់ប្រជាពលរដ្ឋ។​ នេះជាការលើកឡើងរបស់លោក ប៉ែន​ សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

 
ក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងសហព័ន្ធស្រូវអង្ករ​កម្ពុជា​ កំពុងយកចិត្តទុកដាក់តាមដានសភាពការណ៍ លើការឡើងថ្លៃអង្ករ និងទំនិញនានា ក្នុងទីផ្សារ​ ខណៈកម្ពុជា​កំពុងរងនូវសម្ពាធអតិផរណា។​ បើតាមលោក​ ប៉ែន សុវិជាតិ ការឡើងថ្លៃទំនិញ ថ្លៃម្ហូបអាហារ​​ និងស្បៀងនានា​សព្វថ្ងៃនេះ វា គឺជាស្ថានភាពទូទៅនៃក្នុងបរិការណ៍មួយ ដែលការផ្គត់ផ្គង់មិនឆ្លើយតបនឹងតម្រូវការ​។​​


 
 
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នារសៀលថ្ងៃទី១០សីហា​ យ៉ាងដូច្នេះ៖ « នៅក្នុងជំហានដំបូងនៃការវាយតម្លៃនេះ យើងឃើញការឡើងថ្លៃ[អង្ករ]នាពេលបច្ចុប្បន្ននេះ យើងចាត់ទុកវាជាបាតុភូតនៃតម្រូវការ និងការផ្គត់ផ្គង់​ ព្រោះកាលណាការផ្គត់ផ្គង់ខ្វះ ហើយមានតម្រូវការច្រើន នោះវានឹងធ្វើឱ្យទំនិញឡើងថ្លៃហើយ»។ ការដែលអង្ករក្នុងស្រុកឡើងថ្លៃនេះ ក៏ព្រោះតែស្រូវមានតម្លៃខ្ពស់ ហើយមានការបញ្ជាទិញ ឬប្រមូលទិញ​ពីប្រទេសវៀតណាម​ច្រើន។ 
 
ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ​ដែលកំពុងរងសម្ពាធសេដ្ឋកិច្ច​និងអតិផរណានេះ​ ក្រសួងពាណិជ្ជកម្ម ស្ថាប័ន និងដៃគូពាក់ព័ន្ធកំពុងជំរុញការផលិតអង្ករឱ្យបានច្រើនសម្រាប់ដាក់លើនៅទីផ្សារ ធ្វើឱ្យថ្លៃអង្ករចុះថោក ឬស្ថិតនៅក្នុងថ្លៃប្រក្រតីភាពវិញ។ លោក សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះ។​
 
«យើងនឹងជំរុញការផលិតអង្ករឱ្យមានច្រើន ដើម្បីអន្តរាគមន៍ថ្លៃ នៅក្នុងទីផ្សារដែលស្ថិតនៅក្នុងជំហានរបស់ដំបូងយើង »។ នេះជាការរៀបរាប់របស់លោក ប៉ែន សុវិជាតិ ដោយបានបន្ថែមថា ក្នុងករណីការជំរុញផលិតកម្ម​អង្ករនេះនៅតែខ្វះ ឬ ថ្លៃអង្ករនៅទីផ្សារនៅតែឡើងខ្ពស់ នោះ ក្រសួងពាណិជ្ជកម្ម​នឹងបញ្ចេញអង្ករនៃស្បៀងបម្រុងរដ្ឋ ដើម្បីជួយដល់ការរស់នៅរបស់ពលរដ្ឋ។
 
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ​ បានអះអាងថា កម្ពុជាមានអង្ករដែលស្បៀងបម្រុងគ្រប់គ្រាន់​ដែលអាចឆ្លើយតបនឹងតម្រូវការពលរដ្ឋ។ ស្បៀងទាំងនោះត្រូវបានរក្សាទុកនៅតំបន់ដែលងាយរងនូវគ្រោះមហន្តរាយ នៅតាមតំបន់ទន្លេសាប  និងនៅខេត្តចំនួនដែលរងគ្រោះដោយទឹកជំនន់៕ 
 
 

Tag:
 ពាណិជ្ជកម្ម
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com