ជាតិ
លោក ហ៊ុន ច័ន្ទរាជ្យ រំភើបចិត្ត តែបារម្ភពីអត្តពលិកគុនចម្រុះកម្ពុជាឡើងសង្វៀន MMA
11, Aug 2023 , 2:09 pm        
រូបភាព
ថ្នាក់ដឹកនាំប្រតិភូ និងអត្តពលិកកីឡាយុទ្ធគុនចម្រុះកម្ពុជា ចេញដំណើរទៅប្រទេសថៃ។ រូបពីសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា
ថ្នាក់ដឹកនាំប្រតិភូ និងអត្តពលិកកីឡាយុទ្ធគុនចម្រុះកម្ពុជា ចេញដំណើរទៅប្រទេសថៃ។ រូបពីសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា
ដោយ: ថ្មីៗ
លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកកីឡាគុនចម្រុះជម្រើសជាតិកម្ពុជា រំភើបចិត្តជាខ្លាំង ដែលសហព័ន្ធកីឡា ទទួលបានការអញ្ជើញឱ្យចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី១ (The 1st  AMMA championship 2023) នៅប្រទេសថៃ។

 
គ្រូបង្វឹកយុទ្ធគុនចម្រុះជម្រើសជាតិកម្ពុជារូបនេះ ក៏ព្រួយបារម្ភខ្លះដែរ ចំពោះអត្តពលិកកម្ពុជា ដែលត្រៀមបង្ហាញវត្តមានលើកដំបូងនៅប្រទេសថៃនេះ។ «ចំពោះសមត្ថភាពអត្តពលិកយើងមិនអាចនិយាយបានទេព្រោះពួកគាត់ខានឡើងប្រកួតយូរ ហើយណាមួយនៅកម្ពុជាយើងពុំមានសង្វៀន MMA អីចឹង!ពិបាកខ្លះដែរសម្រាប់កីឡាករ-កីឡាការិនីកម្ពុជាយើងដែលបង្ហាញវត្តមានជាថ្មីនេះ»។ លោក ហ៊ុន ច័ន្ទរាជ្យ ថ្លែងប្រាប់សារព័ត៌មានថ្មីៗបែបនេះ។
 
បុរសវ័យ ៣៧ឆ្នាំរូបនេះ បន្ថែមថា ការប្រកួតយុទ្ធគុនចម្រុះនៅប្រទេសថៃ នឹងអាចជួយកែលម្អរសមត្ថភាព ដល់អត្តពលិកកម្ពុជា។ លោក ច័ន្ទរាជ្យ បានបន្ថែមថា មន្រ្តីសហព័ន្ធបានយកចិត្តទុកដាក់ ចំពោះការចេញទៅប្រកួតកម្រិតអាស៊ីមួយនេះ។
 
លោក ហ៊ុន ច័ន្ទរាជ្យ(កណ្តាល) ចេញដំណើរទៅប្រទេសថៃ។ រូបពីសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា

«ចេញមកប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីនេះយើងប្រកួតតំណាងកម្ពុជាតែម្តងក្រោមការដឹកនាំរបស់សហព័ន្ធ MMA របស់យើង ហើយខ្ញុំសប្បាយចិត្តដែលថ្នាក់ដឹកនាំ MMA របស់យើងយកចិត្តទុកដាក់ជួយសម្រួលទាំងការធ្វើដំណើរទាំងការហូបចុក និងការស្នាក់នៅនិយាយរួមគឺទាំងអស់»។ លោកគ្រូ MMA និយាយដូច្នេះ។
 
គួបញ្ជាក់ថា សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានបញ្ចូនប្រតិភូ គ្រូបង្វឹកកីឡាករ-កីឡាការិនីចំនួន ៩រូប  ចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី១ ឆ្នាំ២០២៣ នៅប្រទេសថៃ។ ទាំងការប្រកួត និងវគ្គបណ្តុះបណ្ដាលអាជ្ញាកណ្តាល មន្រ្តីចៅក្រម  ចាប់ផ្តើមពីថ្ងៃទី១១ ដល់ទី២០ ខែសីហា  ឆ្នាំ២០២៣ នៅខេត្តឈុនបូរី ប្រទេសថៃ។
 
ការប្រកួតនេះដែររៀបចំដោយក្រុមប្រឹក្សាកីឡាអូឡំាពិកអាស៊ី(OCA) និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី(AMMA) ដើម្បីជ្រើសរើសបេក្ខភាពកីឡាករ-កីឡាការិនី  និងមន្រ្តីអាជ្ញាកណ្តាល-ចៅក្រម  ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅប្រទេសចិន និងព្រឹត្តិការណ៍  Asian Indoor and Mixed Martial Arts Games នៅប្រទេសថៃ។
 
ប្រធានប្រតិភូដឹកនាំដោយ លោក  សេង  ប៊ុនសុង, លោក  ហ៊ុន  ច័ន្ទរាជ្យ គ្រូបង្វឹក, លោក ជឹម  ធារ៉ា គ្រូជំនួយ,លោក ជា  វ៉ាន់សាន្ត សមាជិក, លោក ស៊ុន  ចាន់បូរ៉ី សមាជិក,កីឡាករ មាស ម៉ើ, កីឡាករ  សូ  សុវណ្ណរតនា, កីឡាករ ធាន អាត និងកីឡាការិនី ផល រតនា៕
 

Tag:
 កីឡាយុទ្ធគុនចម្រុះ
 ហ៊ុន ច័ន្ទរាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com