សៀមរាប៖ លោកស្រី យាប់ ហូន មានវ័យ៦៤ឆ្នាំ និងប្អូនស្រីខ្លួន គឺលោកស្រី លោកស្រី ហាប់ ហៃ មានវ័យ៦០ឆ្នាំ កំពុងផ្ទេរចំណេះជំនាញត្បាញកន្ទេលរំចេក ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាអន្លង់ធំ ដែលស្ថិតលើខ្នងភ្នំគូលែន ស្រុកស្វាយលើ។ ដូនចាស់ ទាំងពីររូបយល់ថា ការមានជំនាញជាប់ខ្លួន ជាការល្អប្រសើរ ដូចជាត្បាញកន្ទេល ដែលជា អត្តសញ្ញាណមួយសម្រាប់អ្នកភូមិនៅលើភ្នំគូលែន។
លោកស្រី យាប់ ហូន មានវ័យ៦៤ឆ្នាំ បានបង្ហាញការត្បាញកន្ទេលយ៉ាងស្ទាត់ជំនាញ ទៅដល់ក្មេងៗ។ លោកយាយ ជាគ្រូបង្គោលមួយរូបនៃគម្រោងលើកម្ពស់កម្រិតជីវភាព និងអភិរក្សមរតកដូនតា របស់អង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ហៅកាត់ថា ADF។
ត្បាញបណ្ដើរ លោកយាយ យាប់ ហូន ឆ្លើយតបជាមួយអ្នកសារព័ត៌មានថ្មីៗ ដែលបានធ្វើដំណើរទៅដល់ សាលាបឋមសិក្សាអន្លង់ធំ នាដើមខែសីហានេះបណ្ដើរថា ខ្លួនបានជួយបង្រៀនក្មេងៗ ឱ្យចេះត្បាញកន្ទេលនៅសាលានេះ ប្រមាណជា២ខែមកហើយ។ ក្នុងគម្រោងនេះ លោកយាយ បង្រៀនដល់សិស្សពីថ្នាក់ទី៥ និងទី៦ មួយថ្ងៃ ក្នុងមួយសប្ដាហ៍ ។
លោកយាយ យាប់ ហូន ពិតជារីករាយ ព្រោះថាខ្លួនកំពុងផ្ទេរជំនាញមរតកប្រពៃណីដល់ក្មេងៗក្នុងភូមិកុំឱ្យបាត់បង់ទៅថ្ងៃក្រោយ។ លោកយាយ យាប់ ហូន លើកឡើងដូច្នេះ ៖« គាត់ឱ្យបង្រៀនកុំឱ្យបាត់បង់ ព្រោះពួកខ្ញុំនេះចាស់ហើយ បង្រៀនក្មេងៗដើម្បីជំនាន់ក្រោយ គាត់ចេះត្បាញដែរ។ ចង់ឱ្យក្មេងៗរៀនរហូតកុំឱ្យបាត់បង់ ព្រោះរបរនេះជារបរបុរាណ»។
ចំណែកលោកយាយ ហាប់ ហៃ ដែលជាប្អូនស្រីលោកយាយ យាប់ ហូន ក៏បង្ហាញ អារម្មណ៍រីករាយ ជាមួយការងារផ្ទេរជំនាញតម្បាញទៅក្មេងៗនៅភូមិដែរ។ មានវ័យ ៦០ឆ្នាំ លោកយាយប្រាប់ថា ចង់ឱ្យក្មេងៗរៀនពីតម្បាញនេះ ដើម្បីលើកស្ទួយសិប្បកម្មខ្មែរ ពិសេស រក្សាអត្តសញ្ញាណតម្បាញបុរាណ ដែលអ្នកភូមិអន្លង់ធំចេះច្រើន ជំនាន់មកហើយ ។
«ចង់ឱ្យក្មេងៗចេះច្រើន កុំឱ្យវាបាត់ បើអត់បង្រៀនគាត់ អត់ចេះ។ ព្រោះអ្នកមុនចេះ តែ ចាស់ៗហើយ។ សប្បាយពេលកំពុងផ្ទេរចំណេះនេះ ដល់ពួកគាត់ ចង់ឱ្យក្មេងរៀនអក្សរផង ចេះត្បាញផង បើចេះកុំឱ្យបាត់បង់ប្រពៃណីខ្មែរយើង ហើយមានជំនាញ អាចត្បាញប្រើ ប្រាស់ និងលក់ដូរជួយសេដ្ឋកិច្ចផង»។ នេះជាការពន្យល់របស់លោកយាយ ហាប់ ហៃ ក្នុង ទឹកមុខរីករាយ និងរំពឹងគិតទៅឆ្ងាយ។
រំឭកកាលពីមុន លោកយាយ យាប់ ហូន ប្រាប់ថា បានចេះត្បាញកន្ទេលរំចេក ពីយាយ និងម្ដាយ ដែលកាលណោះលោកយាយនៅវ័យជំទង់។ ត្បាញដំបូងមានការលំបាក បន្ដិចមែន តែដោយសារការចង់ចេះចង់ដឹង ជំរុញឱ្យលោកស្រីឆាប់ចេះត្បាញ។ ដំបូង លោកយាយ ហូន រៀនត្បាញការ៉ុងរែកស្រូវ ដែលកាលណោះ មិនទាន់មានការ៉ុងប្លាស្ទិក ប្រើប្រាស់នៅឡើយ។ នេះជាការបរិយាយរបស់លោកយាយ ហូន។
ក្រោយសម័យខ្មែរក្រហម តម្បាញនេះ នៅតែមានភាពមមាញឹកសម្រាប់ស្រ្តី នៅភូមិអន្លង់ធំ ។ នៅរដូវក្រោយធ្វើស្រែចម្ការ ស្រ្តីៗតែងរកកាប់ដើមរំចេកយកមកហាលទុក និងត្បាញជា កន្ទេល ឬសម្ភារផ្សេងៗ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ លោកយាយ ហូន រំឭកថា កាល ណោះ រំចេកងាយរក ហើយអ្នកភូមិតែង ត្បាញកន្ទេលសម្រាប់ទុកដេក ហើយកន្ទេល ប្រភេទនេះ មានគុណភាពល្អ និងប្រើបានយូរ ខ្លះក្រាលគេងបាន១៥ឆ្នាំក៏មានដែរ។ លោក យាយបញ្ជាក់ដូច្នេះថា៖«បើខ្ញុំត្បាញអាធំ១៥ឆ្នាំហើយ ប្រវែង១២ហត្ថ វាចូល៦ម៉ែត្រ ក្រាលមួយល្វែងផ្ទះ ក្រាលពេលបងប្អូនភ្ញៀវមានបុណ្យទាន ប្រើបានយូរ»។
ចំណែកលោកយាយ យាប់ ហៃ ជាប្អូនវិញ ក៏មានប្រវត្តិចាប់ត្បាញកន្ទេលដំណាលជាមួយបងស្រីដែរ។ លោកយាយប្រាប់ថា ចេះត្បាញនៅអាយុខ្ទង់១៦ ឬ១៧ឆ្នាំ ហើយជំនាន់នោះ ច្រើនត្បាញពណ៌លាត ដោយពុំមានជ្រលក់ពណ៌ទេ។
ក្រៅពីជាគ្រូបង្គោលសម្រាប់បណ្ដុះបណ្ដាលក្មេងៗនៅក្នុងភូមិហើយ លោកយាយ យាប់ ហូន និងលោកយាយ យាប់ ហៃ ក៏បានត្បាញកន្ទេលសម្រាប់លក់ដល់ភ្ញៀវផងដែរ។ គម្រោងរបស់អង្គការ ADF បានបញ្ជាទិញកន្ទេលពីក្រុមស្រ្តីក្នុងភូមិ ដើម្បីយកទៅលក់ឱ្យ ភ្ញៀវបន្ត។ គម្រោងនេះបានជួយឱ្យក្រុមស្រ្តីដែលមានវ័យចំណាស់ទៅហើយ មានប្រាក់ ចំណូលសមរម្យពីរបរដូនតាមួយនេះ។
លោកយាយ យាប់ ហៃ បានឱ្យដឹងថា ក្នុងមួយខែលោកយាយ អាចត្បាញកន្ទេលបាន៣ ឬ៤ ដែលកន្ទេលមួយលក់បានតម្លៃពី១០ ទៅ១២ម៉ឺនរៀល។ លោកយាយសប្បាយចិត្ត ដែលគម្រោង បានដាក់ផែនការទទួលទិញកន្ទេលពីក្រុមស្រ្តី ដែលអាចឱ្យពួកគាត់បាន ចំណូលបន្ថែមក្រៅពីរបរដាំដំណាំតិចតួចនៅផ្ទះ។
រំចេកដែលល្អសម្រាប់យកមកត្បាញ ជារំចេកដែលមានស្លឹកចាស់ មិនខ្ចីពេក។ លោក យាយ យាប់ ហៃ ប្រាប់ថា ស្លឹករំចេកខ្ចីពេកអាចឱ្យកន្ទេលឆាប់ផុយនិងរហែក។ យ៉ាងណា បច្ចុប្បន្ន អ្វីដែលជាបញ្ហាប្រឈម គឺរំចេកកាន់តែខ្សត់ ដែលតម្រូវឱ្យចូលព្រៃឆ្ងាយៗរក មកត្បាញ។ ការណ៍នេះធ្វើឱ្យស្រ្តីខ្លះ មិនមានភាពអំណត់ចំពោះរបរនេះទេ មិនចង់ត្បាញ ដោយងាកទៅរករបរផ្សេងនិងឆាប់បានប្រាក់ចំណេញ ដែលធ្វើឱ្យរបរនេះងាយនឹងបាត់បង់ ទៅអនាគត៕