អន្តរជាតិ
រុស្ស៊ី ចាប់ផ្តើមបេសកកម្មស៊ើបអង្កេត​លើកដំបូងលើភពព្រះច័ន្ទ ក្នុងរយៈពេលជិត ៥០ឆ្នាំ
11, Aug 2023 , 10:19 pm        
រូបភាព
យាន Luna-25 របស់រុស្ស៊ី។ រូបភាព AFP
យាន Luna-25 របស់រុស្ស៊ី។ រូបភាព AFP
រុស្ស៊ី នៅថ្ងៃទី១១ ខែសីហា បានចាប់ផ្តើមបេសកកម្មស៊ើបអង្កេតភពព្រះច័ន្ទជាលើកដំបូង ក្នុងរយៈពេល ៥០ឆ្នាំ និងជាបេសកកម្ម ដែលគ្មានការគាំទ្រពីទីភ្នាក់ងារអវកាសអឺរ៉ុប។ បេសកកម្មនេះ បានចាប់ផ្តើមនៅម៉ោង ២ព្រឹក ពីផែអវកាស Vostochny Cosmodrome ដែលស្ថិតនៅភាគខាងកើតរបស់ប្រទេស។

 
នៅម៉ោង ២ និង១០នាទីព្រឹក ក្នុងថ្ងៃទី១១ ខែសីហា យានLuna-25 ត្រូវបានបាញ់ពីផែអវកាស Vostochny Cosmodrome ដែលស្ថិតនៅភាគខាងកើតរបស់ប្រទេស ទៅភពព្រះច័ន្ទលើកដំបូង ចាប់តាំងពីឆ្នាំ១៩៧៦ ដែលជាផ្នែកមួយនៅក្នុងអវកាសរបស់សហភាពសូវៀត។ បេសកកម្មនេះ ធ្វើឡើងដោយគ្មានជំនួយពីទីភ្នាក់ងារអឺរ៉ុប ដែលបានបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ក្រោយសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការផ្សាយពីទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos។ 
 
យានមួយនេះ នឹងត្រូវចំណាយពេល៥ថ្ងៃ ដើម្បីទៅដល់គន្លងរបស់ព្រះច័ន្ទ មុននឹងត្រូវប្រើពេល ៣ ទៅ៧ថ្ងៃ ដើម្បីរើសយកកន្លែងត្រឹមត្រូវសម្រាប់ចុះចតនៅប៉ូលភាគខាងត្បូងរបស់ភពព្រះច័ន្ទ។ 
 
«សម្រាប់ពេលដំបូងក្នុងប្រវត្តិសាស្រ្តនេះ ការចុះចតលើភពព្រះច័ន្ទ នឹងធ្វើឡើងនៅប៉ូលភាគខាងត្បូង»។ មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារអវកាសរុស្ស៊ី លោក Alexander Blokhin បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសនៅពេលថ្មីៗនេះ។ ការចុះចតលើឋានព្រះច័ន្ទ ត្រូវបានរំពឹងថា អាចធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ដែលអាចមានរយៈពេលដូចគ្នានឹងយានរបស់ឥណ្ឌា ដែលបានបញ្ជូនទៅភពព្រះច័ន្ទ នៅថ្ងៃទី១៤ ខែកក្កដា កន្លងមក។ 
 
ការបញ្ជូនទៅប៉ូលភាគខាងត្បូងរបស់ភពព្រះច័ន្ទនៃយានប្រទេសទាំងពីរ ជាកិច្ចការដ៏ពិបាក ដោយសារកន្លងមក គ្មានយានអវកាសណា ចុះចតនៅតំបន់នោះ បានរលូនឡើយ។ រដ្ឋាភិបាលប្រទេស ៣ប៉ុណ្ណោះ ដែលចុះចតលើឋានព្រះច័ន្ទដោយជោគជ័យ ក្នុងនោះមានអាម៉េរិក សហភាពសូវៀត និងចិន។ 
 
ជាការពិត បេសកកម្មរុស្ស៊ី ត្រូវបានអ្នកជំនាយមើលឃើញថា ជាការចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាមហាអំណាចមួយនៅលើអវកាស ស្របពេលបច្ចុប្បន្នមានអាម៉េរិក ចិន និងបណ្តាប្រទេសផ្សេងទៀត។ នៅក្នុងឆ្នាំ២០២២ កន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានប្តេជ្ញាពីកិច្ខខិតខំផ្នែកខាងអវកាសផងដែរ ដោយផ្អែកតាមមហិច្ឆតារបស់សហភាពសូវៀត៕ 
 

Tag:
 រុស្ស៊ី
  ព្រះច័ន្ទ
 ​ អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com