អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនជំទាស់ការចោទរបស់នូវែលសេឡង់ពីការជ្រៀតជ្រែករឿងផ្ទៃក្នុង
12, Aug 2023 , 8:59 pm        
រូបភាព
នាថ្ងៃទី ១១ ខែសីហា ចិន បានបង្ហាញការមិនពេញចិត្តជាខ្លាំង ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះចោទប្រកាន់របស់នូវែលសេឡង់ ដែលថាខ្លួនបានជ្រៀតជ្រែកចូលរឿងផ្ទៃក្នុង។

 
នូវែលសេឡង់ បានអះអាងថា ខ្លួនដឹងពីសកម្មភាពចារកម្ម ដែលទាក់ទងនឹងចិន និងការប្រឆាំង នឹងប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកនេះ។ «(ការឈ្លបយកការណ៍របស់ចិន) នេះជាការព្រួយបារម្ភផ្នែកស៊ើបការណ៍ដ៏ស្មុគស្មាញ សម្រាប់នូវែលសេឡង់»។ ទីភ្នាក់ងារស៊ើបការណ៍សន្តិសុខនូវែលសេឡង់ (NZSIS) បានលើកឡើងក្នុងរបាយការណ៍ប្រចាំឆ្នាំ «បរិស្ថានគំរាមកំហែងផ្នែកសន្តិសុខរបស់នូវែលសេឡង់ឆ្នាំ ២០២៣» របស់ខ្លួនបែបនេះ។
 
ឆ្លើយតបភ្លាមនោះ ស្ថានទូតចិននៅទីក្រុងវែលីងតោន បាននិយាយថា រដ្ឋាភិបាលចិនកំពុង ធ្វើការផ្លាស់ប្តូរធម្មតា ជាមួយពលរដ្ឋនៅក្រៅប្រទេស ស្របតាមច្បាប់អន្តរជាតិ ហើយបដិសេធចំពោះការចោទថា ចិនបានស៊ើបការណ៍សំខាន់លើប្រទេសដទៃ។ ទន្ទឹមនេះ ចិនសង្ឃឹមថា ប្រទេសពាក់ព័ន្ធ អាចបង្កើតបរិយាកាសបើកចំហ រួមបញ្ចូល និងមិនរើសអើង សម្រាប់ពលរដ្ឋចិននៅក្រៅប្រទេស និងជនជាតិចិនក្នុងស្រុកផងដែរ។
 
របាយការណ៍របស់នូវែលសេឡង់ខាងលើ ត្រូវបានផ្សព្វផ្សាយជាសាធារណៈជាលើកដំបូង ដែលជាផ្នែកមួយនៃការផ្លាស់ប្តូររបស់រដ្ឋាភិបាល ដើម្បីជូនដំណឹងកាន់តែប្រសើរ ដល់ ប្រជាជន អំពីហានិភ័យដែលប្រទេសនេះកំពុងប្រឈមមុខ ខណៈការបោះ ឆ្នោតថ្នាក់ជាតិ នឹងឈានដល់ក្នុងរយៈពេល២ខែទៀត។ គោលនយោបាយការបរទេស ជាចំណុចដ៏សំខាន់ មួយនៅក្នុងការបោះឆ្នោត។ 
 
របាយការណ៍ដដែល ក៏បានគូសបញ្ជាក់ពីសកម្មភាពជ្រៀតជ្រែកពីបរទេស ពីសំណាក់អ៊ីរ៉ង់ និងរុស្ស៊ីផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ឯកសារនោះបាននិយាយថា ករណីនៃការ ជ្រៀតជ្រែកដែលគួរឱ្យកត់សម្គាល់បំផុត គឺការបន្តកំណត់គោលដៅនៃសហគមន៍ជនជាតិ ចិនចម្រុះរបស់ប្រទេសនូវែលសេឡង់ ដោយក្រុម និងបុគ្គល ដែលមានទំនាក់ទំនងជាមួយ ក្រុមឈ្លបយកការណ៍របស់ក្រុងប៉េកាំង។
ឯកសារក៏បង្ហាញផងដែរថា សេវាស៊ើបការណ៍សម្ងាត់ទាំងនោះ កំពុងស្វែងរកការជូន ដំណឹង ដល់រដ្ឋាភិបាលបរទេសអំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល និងស្វែងរកមធ្យោបាយ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ប្រយោជន៍ពួកគេ។
 
ស្ថានទូតអ៊ីរ៉ង់នៅទីក្រុងវែលីងតោន មិនបានឆ្លើយតបថាយ៉ាងណាឡើយ ខណៈពេលដែល ស្ថានទូតរុស្ស៊ី បានរិះគន់ការចោទប្រកាន់មួយនេះ។
 
ក្រៅពីការស៊ើបការណ៍សម្ងាត់នេះ ការច្នៃប្រឌិតបច្ចេកវិទ្យា អស្ថិរភាពសេដ្ឋកិច្ចសកល និង ការធ្លាក់ចុះនៃទំនុកចិត្តសង្គម ក៏បង្កការគំរាមកំហែងដែរដល់នូវែលសេឡង់។
 
គួរបញ្ជាក់ថា នេះជាការចោទចុងក្រោយបង្អស់របស់ នូវែលសេឡង់ លើមហាអំណាចចិន ហើយដែលបង្ហាញពីការព្រួយបារម្ភ ចំពោះឥទ្ធិពលនិងអំណាចកាន់តែខ្លាំងឡើងរបស់ចិន៕
 
 
 
 
 

Tag:
 ចិន
  នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com