អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សិង្ហបុរី ប្រាប់ចិនថា ប្រទេសមហាអំណាចគួរដើរតួដ៏សំខាន់ និងផ្តល់ប្រយោជន៍ទៅវិញទៅមក
12, Aug 2023 , 1:59 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ចាប់ដៃជាមួយប្រមុខរដ្ឋាភិបាលសិង្ហបុរី លោក លី សៀនឡុង នៅសិង្ហបុរី នៅថ្ងៃទី១១ ខែសីហា។ រូបភាព ក្រសួងការបរទេសសិង្ហបុរី
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ចាប់ដៃជាមួយប្រមុខរដ្ឋាភិបាលសិង្ហបុរី លោក លី សៀនឡុង នៅសិង្ហបុរី នៅថ្ងៃទី១១ ខែសីហា។ រូបភាព ក្រសួងការបរទេសសិង្ហបុរី
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង នៅថ្ងៃទី១១ ខែសីហា បានប្រាប់រដ្ឋមន្រ្តីការ បរទេសចិន លោក វ៉ាង យី ថា ពិភពលោក ក្នុងពេលបច្ចុប្បន្ន មិនមានសន្តិភាពឡើយ។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី សង្ឃឹមថា ប្រទេសមហាអំណាច អាចដើរតួនាទី ដ៏សំខាន់ និងអាចផ្តល់ប្រយោជន៍ និងគោលនយោបាយឈ្នះ-ឈ្នះ ទៅវិញទៅមក។

 
 
ក្នុងអំឡុងទស្សនកិច្ចនៅសិង្ហបុរី ដោយផ្តើមពីថ្ងៃទី១១ ខែសីហា លោក វ៉ាង យី រដ្ឋមន្រ្តី ការបរទេសចិនថ្មី បានជួបជាមួយប្រមុខរដ្ឋាភិបាលសិង្ហបុរី លោកលី សៀនឡុង និងមន្រ្តី សិង្ហបុរីផ្សេងទៀត ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការ ក៏ដូចជាការលើកកម្ពស់ កម្រិត ទំនាក់ទំនងផ្សេងៗ។ 
 
ក្នុងទំនួបទ្វេភាគី លោក លី បានកត់សម្គាល់ថា ពិភពលោក ក្នុងពេលបច្ចុប្បន្ន គឺមិនមានសន្តិភាពឡើយ។ ទាក់ទិននឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានប្រាប់រដ្ឋមន្រ្តីការបរទេសចិនយ៉ាងច្បាស់ៗថា រដ្ឋាភិបាលសិង្ហបុរី រំពឹងថា ប្រទេសមហាអំណាច អាចដើរតួនាទី និងអាចរក្សាការផ្តល់ប្រយោជន៍ទៅវិញទៅមក រួមទាំងគោលនយោបាយឈ្នះ-ឈ្នះ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ទន្ទឹមនេះ មេដឹកនាំសិង្ហបុរី ក៏បានអះអាងផងដែរថា រដ្ឋាភិបាលខ្លួន គាំទ្រអាស៊ាន និងចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងចូលរួមថែរក្សាការអភិវឌ្ឍ ស្ថិរភាព និងសន្តិភាពក្នុងតំបន់។ 
 
ជាការឆ្លើយតប លោក វ៉ាង បានអះអាងថា ចិន បានរកឃើញរួចហើយនូវមាគ៌ាអភិវឌ្ឍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។ ជុំវិញបញ្ហានេះ លោកវ៉ាង ជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសរបស់បក្សកុម្មុយនីស្តចិនផងនោះ បានបន្តថា ការអភិវឌ្ឍចិន គឺប្រកបដោយសន្តិភាព និងផ្តល់ប្រយោជន៍ដល់ប្រទេសទាំងអស់នៅក្នុងពិភពលោក ជាពិសេសប្រទេសជិតខាង។ 
 
មិនតែប៉ុណ្ណោះ ប្រមុខការទូតចិន ក៏បានចោទអាម៉េរិកយ៉ាងច្បាស់ៗផងដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនចង់ឃើញការអភិវឌ្ឍរបស់ចិន និងប្រជាជាតិផ្សេងឡើយ។ 
 
ក្រៅពីជួបជាមួយប្រមុខរដ្ឋាភិបាលសិង្ហបុរី លោកវ៉ាង យី ក៏បានជួបជាមួយសមភាគីសិង្ហបុរី លោក Vivian Balakrishnan និងរដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី  Lawrence Wong ផង៕ 
 

Tag:
 សិង្ហបុរី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com