អន្តរជាតិ
ហ្វីលីពីន កំពុងចរចាជាមួយវៀតណាម និងឥណ្ឌាក្នុងការនាំចូលអង្ករ
13, Aug 2023 , 8:39 am        
រូបភាព
រូបភាព pexels
រូបភាព pexels
ហ្វីលីពីន កំពុងចរចាជាមួយវៀតណាម និងឥណ្ឌា ដើម្បីនាំចូលអង្ករ ខណៈប្រទេសអាស៊ីគ្នេយ៍ដែនកោះមួយនេះ ស្វះស្វែងរកច្រវាក់ផ្គត់ផ្គង់ និងអង្ករ ដែលមានតម្លៃទាប។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ហ្វីលីពីន នៅថ្ងៃទី១១ ខែសីហា។


 
ប្រទេសជាបន្តបន្ទាប់ បានប្រកាសផ្អាកនាំចេញអង្ករ ដើម្បីផ្គត់ផ្គង់នៅក្នុងប្រទេស។ ស្របគ្នានេះ ហ្វីលីពីន ដែលមានវិស័យកសិកម្មរងគ្រោះដោយសារគ្រោះធម្មជាតិ កំពុងចរចាជាមួយវៀតណាម និងឥណ្ឌា សម្រាប់ការផ្គត់ផ្គង់អង្ករនៅក្នុងស្រុក។ 
 
តាមការប្រកាសរបស់មន្រ្តីជាន់ខ្ពស់ក្នុងក្រសួងកសិកម្មហ្វីលីពីន លោក Domingo Panganiban បានអះអាងថា ហ្វីលីពីន កំពុងចរចាជាមួយវៀតណាម និងឥណ្ឌា ហើយពេលនេះ អ្នកនាំចេញអង្ករវៀតណាម បានបញ្ចុះតម្លៃ៤០ ដុល្លារ បើធៀបនឹងកិច្ចចរចាលើកមុន។
 
«ការបញ្ចុះតម្លៃបែបនេះ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ហ្វីលីពីន ដែលទទួលបានលក្ខខណ្ឌមួយ ដែលអាចនាំចូលអង្ករចាប់ពី ៣០ម៉ឺនមេទ្រីកតោន ដល់ ៥០ម៉ឺនមេទ្រីកតោន»។ លោក Panganiban បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១១ ខែសីហា។ ក្នុងពេលបច្ចុប្បន្ន លោកប្រធានាធិបតី Ferdinand Marcos Jr. ក៏ជារដ្ឋមន្រ្តីកសិកម្មផង។ 
 
ទន្ទឹមនេះ មន្រ្តីកសិកម្មបានបន្តថា រដ្ឋាភិបាលក៏កំពុងធ្វើការជាមួយឥណ្ឌាផងដែរ ដើម្បីនាំចូលអង្ករដោយផ្អែកលើមូលដ្ឋានមនុស្សធម៌។ 
 
គួររំឮកថា កន្លងមក លោក Marcos Jr. ធ្លាប់បានលើកឡើងថា ហ្វីលីពីន មានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស បើទោះខ្លួន ត្រូវរងឥទ្ធិពលពីបាតុភូត El Nino ផង៕ 
 

Tag:
 ហ្វីលីពីន
  វៀតណាម
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com