ជាតិ
សេដ្ឋកិច្ច
ឥណ្ឌូនេស៊ី នឹងបញ្ជូនប្រតិភូមកពិភាក្សារឿងការទិញអង្ករពីកម្ពុជា
12, Aug 2023 , 12:59 pm        
រូបភាព
រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ឥណ្ឌូនេស៊ី ចង់បញ្ជាទិញអង្ករពីកម្ពុជា។  ប្រទេសនេះ នឹងបញ្ជូនប្រតិភូមកពិភាក្សាឆាប់ៗ ដើម្បីឈានទៅរកការនាំចេញ។ ក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែសីហា លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី បានបញ្ជាក់ថា ឥណ្ឌូនេស៊ីមានបំណងនាំចេញអង្ករពីកម្ពុជា។ នាពេលដ៏ខ្លីខាងមុខ លោក នឹងបញ្ជូនប្រតិភូពាក់ព័ន្ធមកពិភាក្សាលើករណីនេះ ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀង។

 
សម្ដេច ហ៊ុន សែន ស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ី ដែលនឹងមកកម្ពុជានៅពេលខាងមុខ ដើម្បីពិភាក្សា លើការនាំអង្ករចេញពីកម្ពុជា។ ជាការឆ្លើយតប សម្ដេច ណែនាំឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ី ដាក់ទុន បង្កើតរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញ ស្រូវពីកសិករកម្ពុជាតែម្ដង ដើម្បីធានាស្ថិរភា ពសម្រាប់ការនាំចេញរវាងប្រទេសទាំងពីរ។
 


កិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូរវាង សម្ដេច សម្តេច ហ៊ុន សែន នាយកដ្ឋមន្ត្រីកម្ពុជា និងលោក ចូកូ វីដូដូ ប្រធានាធិបតី ឥណ្ឌូនេស៊ី 
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ រូបភាព៖ ពីទំព័រហ្វេសប៊ុកដែលប្រើឈ្មោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា 


 កញ្ញា អ៊ឹម រចនា អ្នកពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅក្នុងរបាយការណ៍នាំចេញកសិផលទៅក្រៅប្រទេស ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ កាលពីថ្ងៃទី៨ សីហាកន្លងទៅថា បច្ចុប្បន្ន តម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងហក់ឡើងខ្ពស់។ ក្នុងបរិបទនេះ កម្ពុជាកំពុងសិក្សាអំពីយុទ្ធសាស្ត្រទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការបង្កើនសមត្ថភាពប្រមូលទិញស្រូវស្តុកទុក ដើម្បីបង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ។  

 
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបាន៣៦២ ៧០៨តោន ដែលគិតជាទឹកប្រាក់ប្រមាណ៣១៣ ៧៤២ ៤២០ដុល្លារ៕ 
 

Tag:
 កសិកម្ម
  ឥណ្ឌូនេស៊ី
  ស្រូវ
  អង្ករ
  ការនាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com