ជាតិ
សេដ្ឋកិច្ច
កម្ពុជាមានរោងចក្រ ១ ០៧៧ ក្នុងវិស័យកាត់ដេរ ផ្តល់ការងារដល់ពលរដ្ឋជិត៨០ម៉ឺននាក់
14, Aug 2023 , 7:59 am        
រូបភាព
រូបតំណាង៖ កម្មការិនីកំពុងបំពេញការងារក្នុងវិស័យកាត់ដេរ នៅរោងចក្រមួយកន្លែងក្នងខេត្តកំពង់ស្ពឺ
រូបតំណាង៖ កម្មការិនីកំពុងបំពេញការងារក្នុងវិស័យកាត់ដេរ នៅរោងចក្រមួយកន្លែងក្នងខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ គិតត្រឹមដើមខែសីហានេះ វិស័យកាត់ដេរដែលបម្រើឱ្យការនាំចេញរបស់កម្ពុជា មានរោងចក្រសរុប ១ ០៧៧ រោងចក្រ។ នេះជាការលើកឡើងរបស់លោក គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដោយបានបញ្ជាក់ថា រោងចក្រទាំងនេះ ផ្តល់ការងារដល់ពលរដ្ឋកម្ពុជាបានប្រមាណ៧៦ម៉ឺននាក់។

 
ក្នុងកិច្ចពិភាក្សានៃវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ដែលសហការរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១សីហា លោក គង់ សាង បានរៀបរាប់យ៉ាងលម្អិតថា ក្នុងចំណោមរោងចក្រទាំងនេះ គឺមានរោងចក្រផលិតសម្លៀកបំពាក់ចំនួន៨០២, រោងចក្រផលិតស្បែកជើងមាន១៤០ និងរោងចក្រផលិតកាបូបមាន១៣៤។


 
លោក គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)
 
 
វេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលបច្ចុប្បន្នភាពនៃបរិយាកាសពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា ដោយផ្តោតលើបញ្ហាប្រឈម ដំណោះស្រាយ និង ឱកាសនៃវិស័យសំខាន់ៗរបស់កម្ពុជា។ បើតាមលោក គង់ សាង សម្រាប់វិស័យកាត់ដេរ នៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ក្នុងឆ្នាំ ២០២២ ការនាំចេញរបស់កម្ពុជាក្នុងវិស័យនេះសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១២,៥ពាន់លានដុល្លារ ស្មើនឹងជិត៦០ភាគរយ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា ហើយបានចូលរួមចំណែកប្រមាណ ១០ ភាគរយ នៃសេដ្ឋកិច្ចកម្ពុជា។  
 
ចំពោះការនាំចេញវិស័យកាត់ដេរនៅក្នុងឆមាសទី១ ឆ្នាំ ២០២៣នេះ មានការថយចុះជាង ១៨ ភាគរយ ធៀបនឹងពេលដូចគ្នាកាលឆ្នាំ២០២២។ ប្រធាន TAFTAC បានបញ្ជាក់ថា ការនាំចេញធ្លាក់ចុះនៃការនាំចេញវិស័យកាត់ដេរនេះ គឺព្រោះតែការធ្លាក់ចុះនូវសេដ្ឋកិច្ចសកល ហើយស្ថានភាពនេះអាចអូសបន្លាយដល់ដំណាច់ឆ្នាំ២០២៣ ដោយសារសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក និង អឺរ៉ុប អាចត្រូវការរយៈពេលយូរបន្តិចក្នុងការងើបឡើងវិញ។
 
ដើម្បីស្តារ និងបន្តធានាបាននូវភាពប្រកួតប្រជែង ជាពិសេស ការប្រកួតប្រជែងពីប្រទេសផ្សេងៗដូចជា វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស លោក គង់ សាង បន្តលើកឡើងថា កម្ពុជាចាំបាច់ត្រូវដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗចំនួន៥។ ក្នុងនោះមាន តម្លៃពលកម្ម និងផលិតភាពការងារ, តម្លៃភ័ស្តុភារ និង កិច្ចសម្រួលពាណិជ្ជកម្ម, ពន្ធដារ, ការវិនិយោគ និង ការអភិវឌ្ឍឧស្សាហកម្មគាំទ្រ រួមទាំងការអនុវត្តប្រកបដោយចីរភាពបរិស្ថាន និងសង្គម៕
 



Tag:
 ពាណិជ្ជកម្ម
  វិស័យកាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com