ជាតិ
លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មី
15, Aug 2023 , 8:52 am        
រូបភាព
ព័ត៌មាននេះត្រូវបានប្រកាសដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាល្ងាចថ្ងៃទី១៤ខែសីហា ក្នុងពិធីបំពាក់មេដាយដល់ក្រុមអ្នកកាសែតនាវិមានសន្តិភាព។ គឺជាការបំពាក់មេដាយលើកទឹកចិត្តដល់ក្រុមអ្នកសារព័ត៌មាន និងក្រុមការងារសារព័ត៌មានជាង១០០នាក់ ដែលតាមយកព័ត៌មានអំពីសកម្មភាពការងាររបស់សម្ដេចជាច្រើនឆ្នាំមកហើយ។

 
អ្នកកាសែតដែលមានវត្តមាននៅក្នុងពិធីបានបង្ហើបប្រាប់សារព័ត៌មានថ្មីៗថា សម្ដេចបានសំណេះសំណាលជាមួយអ្នកកាសែត និងបានរំឭកឡើងវិញអំពីការរៀបចំមេដឹកនាំបន្តវេន ហើយថាលោកនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត នឹងទទួលរែកបន្ទុកធ្ងន់។
 
យោងតាមប្រភពព័ត៌មានដដែល ក្រោយពីសម្ដេចលើកឡើងវិញអំពីការចាកចេញរបស់របស់លោក ខៀវ កាញារីទ្ធ និងលោក អ៊ុក ប្រាថ្នា ដែលជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងព័ត៌មានបច្ចុប្បន្ន ដោយមានរដ្ឋមន្ត្រីថ្មីនៃក្រសួងនេះ សម្ដេចក៏បានប្រកាសថា លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលអណត្តិទី៧។
 
លោក ប៉ែន បូណា ដែលបច្ចុប្បន្នគឺជារដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏មានវត្តមាននៅក្នុងពិធីនោះដែរ។
 
បើតាមការបញ្ជាក់របស់ប្រភពព័ត៌មានដដែលនោះ សម្ដេចបានបង្ហើបថា លោក ហ៊ុន ម៉ាណែត និងលោក ប៉ែន បូណា បានពិភាក្សាគ្នារួចហើយអំពីកិច្ចការទាំងនេះ ហើយថាលោក ហ៊ុន ម៉ាណែត ក៏បានពិភាក្សាសុំយោបល់ពីសម្ដេចរួចហើយដែរ។
 
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងពិធីនោះថា ក្រុមអ្នកដឹកនាំបន្តវេន សុទ្ធតែជា«ក្រុមខ្លាំង»។ នេះបើតាមរៀបរាប់របស់ប្រភពព័ត៌មានដដែល៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com