ជាតិ
សង្គមជាតិ
CCFC៖ សៀវភៅ គាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ នឹងជួយកសិករចេះទាញប្រយោជន៍
15, Aug 2023 , 8:19 pm        
រូបភាព
លោក ថេង សាវឿន ប្រធានCCFC បង្ហាញពីគម្រោងសៀវភៅមូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ ដល់កសិករ។ រូបពី CCFC
លោក ថេង សាវឿន ប្រធានCCFC បង្ហាញពីគម្រោងសៀវភៅមូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ ដល់កសិករ។ រូបពី CCFC
ភ្នំពេញ៖ កសិករ ក្នុងវិស័យស្បៀងអាហារ នឹងចេះទាញប្រយោជន៍ពី គោលនយោបាយកិច្ចគាំពារសង្គម តាមរយៈសៀវភៅ «មូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ» ដែលរៀបចំដោយ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC។

 
លោក​ ថេ​ង​ ​សាវឿន​ ​​ប្រធាន​​សមាគម​សម្ព័នកសិករកម្ពុជា (CCFC) បាននិយាយថា សៀវភៅ «មូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ» នឹងបង្ហាញឱ្យកសិករយល់ដឹងវិស័យស្បៀងអាហារ ប្រព័ន្ធគាំពារសង្គម ជាពិសេសការទទួលបានពីកិច្ចគាំពារសង្គម ស្របតាមគោលនយោបាយជាតិ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី១៤ សីហា លោក សាវឿន បន្ថែមថា សៀវភៅនេះ មានធាតុចូលពីបណ្ដាញកសិករ រួមទាំងសង្គមស៊ីវិល​ និងស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធវិស័យស្បៀងអាហារ។ 
 
​​សៀវភៅ «មូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ» ត្រូវបានក្រុមការងារ CCFC ផ្តួចផ្ដើមបង្កើតនៅចុងឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣។ ដំណើរការចងក្រងនិងតាក់តែងសៀវភៅនេះ ជួបបញ្ហាលំបាកច្រើន ដោយសារមូលដ្ឋានគ្រឹះ នៃការជំរុញវិស័យស្បៀងអាហារ ឱ្យទទួលបានកិច្ចគាំពារសង្គមនៅកម្ពុជា គឺជាករណីថ្មី ទើបពិបាកស្វែងរកឯកសារដើម្បីគាំទ្រ។ តែយ៉ាងណា មានក្រុមសង្គមស៊ីវិល អុកស្វាម អង្គការពលកម្មអន្តរជាតិ ILO រួមទាំងបណ្ដាញសហគមន៍កសិករប្រមាណ១៣០នាក់ បានចូលរួមគាំទ្រ និងផ្ដល់យោបល់ជាធាតុផ្សំផងដែរ។ ទាំងនេះ ជាការលើកឡើងរបស់ លោក ថេង សាវឿន ។

លោក ថេង សាវឿន ប្រធានCCFC បង្ហាញពីគម្រោងសៀវភៅមូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ ដល់កសិករ។ រូបពី CCFC
 
លោកសង្កត់ធ្ងន់បែបនេះ៖ «គោលដៅសំខាន់នៃសៀវភៅ គឺដើម្បីស្វែងយល់ពីកសិ-ស្បៀងអាហារ ហើយឱ្យកសិករភ្ជាប់ខ្លួនទៅគោលនយោបាយកិច្ចគាំពារសង្គម ធ្វើយ៉ាងណាឱ្យពួកគេទទួលបានសេវាថែទាំសុខភាព ព្យាបាលជំងឺ ដូចកម្មករក្នុងប្រព័ន្ធដែរ»។ 
 
ប្រធាន CCFC ពន្យល់បន្ថែមថា សៀវភៅ «មូលដ្ឋានគ្រឹះកិច្ចគាំពារសង្គមក្នុងវិស័យកសិ-ស្បៀងអាហារ» ជាផែនទីចង្អុលបង្ហាញ​ផ្លូវ​មួយ ដល់សកិករ ឱ្យចេះចងក្រងគ្នាជាសហគមន៍។ លើសពីនេះគឺបង្ហាញកសិករឱ្យយល់ពី​វិស័យ​ស្បៀងអាហារ ​ ដោយលើកទឹកចិត្តពួកគេជំរុញ​រដ្ឋាភិបាល​ ឱ្យ​​លើកកម្ពស់​វិស័យ​ស្បៀងអាហារ​ និងផ្ដល់កិច្ចគាំពារ ខណៈពួកគេ ពុំទាន់ទទួលបានកិច្ចគាំពារសង្គមពេញលេញ ដូចកម្មករក្នុងប្រព័ន្ធនៅឡើយ។ 
 
ទន្ទឹមនឹងនេះ ប្រធាន CCFC មើលឃើញគោលដៅរួមជាមួយរដ្ឋាភិបាល ក្នុងការពង្រីកប្រព័ន្ធគាំពារសង្គម ដើម្បីបញ្ចប់ភាពក្រីក្រ ក្រោមគោលនយោបាយក្របខណ្ឌកិច្ចគាំពារសង្គម នៅឆ្នាំ២០២៥។ ដូច្នេះ សៀវភៅខាងលើ លោកថាក៏ជាចំណែកចូលរួមកាត់បន្ថយភាពក្រីក្រ ដូចគោលដៅរដ្ឋដែរ៕ 
 

Tag:
 កសិករ
  គាំពារសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com