អន្តរជាតិ
កូរ៉េខាងជើង និងរុស្ស៊ីប្តេជ្ញាពង្រឹងទំនាក់ទំនងកាន់តែរឹងមាំ
15, Aug 2023 , 6:09 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន​ នៅថ្ងៃទី១៥ ខែសីហា បានផ្លាស់ប្តូរលិខិតគ្នាក្នុងទិវាបុណ្យ​ជាតិនៃ​ការ​រំដោះ​កូរ៉េ​ពី​អាណានិគមជប៉ុន។ ក្នុងសារឆ្លើយឆ្លងគ្នានេះ មេដឹកនាំទាំងពីរបានប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។



ក្នុងទិវាខួប​លើក​ទី៧៨ នៃ​ការ​រំដោះ​កូរ៉េ​ពី​អាណានិគមជប៉ុន​ឆ្នាំ១៩១០-១៩៤៥ ដែល​ត្រូវ​បាន​​ប្រារព្ធ​ជា​ថ្ងៃ​បុណ្យ​ជាតិនៅ​កូរ៉េ​ខាង​ត្បូងផងដែរ លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើលិខិតអបអរដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ក្នុងលិខិតនេះ លោក ពូទីន បានប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគីរវាងប្រទេសទាំងពីរ។
 
យោងតាម KCNA លោក ពូទីន បានលើកឡើងថា រុស្ស៊ីនឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីសុខុមាលភាពរបស់ប្រជាតិទាំងពីរ រក្សាស្ថិរភាព និងសន្តិសុខដ៏រឹងមាំនៃឧបទ្វីបកូរ៉េ និងអាស៊ីទាំងមូល។ 
 
ក្នុងលិខិតឆ្លើយតបទៅលោក ពូទីន វិញ លោក គីម បានលើកឡើងថា មិត្តភាពរបស់ប្រទេសទាំងពីរត្រូវបានបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យជម្នះលើជប៉ុន ហើយបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរបានវិវត្តកាន់តែប្រសើរ និងឆន្ទៈរួមក្នុងការប្រឆាំងនឹងអនុត្តរភាពរបស់ចក្រពត្តិនិយម។ 
 
«ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងសាមគ្គីភាព (របស់ប្រទេសទាំងពីរ) នឹងត្រូវបានអភិវឌ្ឍបន្ថែមទៀតទៅជាទំនាក់ទំនងយុទ្ធសាស្រ្តយូរអង្វែង ស្របតាមតម្រូវការនៃយុគសម័យថ្មី»។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ស្រង់សំណេរពីលិខិតរបស់លោក គីម។ 
 
កន្លងមក អាម៉េរិកបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្តល់អាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន​ដែលរូមមានកាំភ្លើងធំ គ្រាប់រ៉ុក្កែត និងមីស៊ីលជាដើម។ យ៉ាងណាមិញ ទីក្រុង​ព្យុងយ៉ាង និងទី​ក្រុង​មូស្គូ​តែងបាន​បដិសេធ​រាល់ការចោទប្រកាន់ទាំងនេះ។ 
 
គួរបញ្ជាក់ថា កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានឈរក្បែរគ្នាលោក គីម នៅកូរ៉េខាងជើងដើម្បីត្រួតពិនិត្យមើលកាំជ្រួចដែលមានសមត្ថភាពនុយក្លេអ៊ែរថ្មីបំផុត និងយន្តហោះដ្រូនរបស់កូរ៉េខាងជើងនៅឯព្យុហយាត្រាយោធាក្នុងទីក្រុងព្យុងយ៉ាងផងដែរ៕
 

Tag:
 កូរ៉េខាងជើង
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com