ជាតិ
រដ្ឋមន្ត្រីសុខាភិបាលហាមពលរដ្ឋប្រើ«ម្សៅកន្ទួតព្រៃអាយុវែង»ជាបន្ទាន់ ​ព្រោះមានផ្ទុកសារធាតុប៉ះពាល់ខ្លាំងដល់សុខភាព
16, Aug 2023 , 9:46 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ហាមពលរដ្ឋប្រើ ម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN)ជាបន្ទាន់ ក្រោយរកឃើញផលិតផលនេះ​មានផ្ទុកសារធាតុ Betamethasone និង Meloxicam ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។

 
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៥សីហា ថា ផលិតផល«ម្សៅកន្ទួតព្រៃអាយុវែង»របស់សិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» មានទម្ងន់១២០ក្រាមក្នុងមួយដបកែវ ដែលបានផ្សព្វផ្សាយលក់តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះកន្ទួតព្រៃសុខភាព គឺមានដាក់សារធាតុ​ Betamethasone និង Meloxicam ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។ 
 
«​ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ផលិតផលនេះជាបន្ទាន់»។​ នេះការអំពាវនាវរបស់លោក ម៉ម ប៊ុនហេង។​
 
បច្ចុប្បន្នសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» ដែលមានអាសយដ្ឋាន ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបិទ ហើយផលិតផល«ម្សៅកន្ទួតព្រៃអាយុវែង»ទាំងអស់ត្រូវបានប្រមូលកម្ទេចចោល ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់សិប្បកម្ម។ ​បើតាមលោក ម៉ម ប៊ុនហេង ​ រាល់សកម្មភាពរបស់សិប្បកម្មនេះ គឺមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលឡើយ៕
 

Tag:
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com