កីឡាជាតិ
ជាតិ
កម្ពុជា បញ្ជូនអត្តពលិកគុនល្បុក្កតោ ៥រូប ទៅប្រកួតកីឡាយុទ្ធគុនអន្ដរជាតិ នៅកូរ៉េខាងត្បូង
16, Aug 2023 , 6:59 pm        
រូបភាព
ប្រតិភូកីឡាគុនល្បុក្កតោ ចេញទៅប្រកួត Internationa Martial Art Contest រូបពី សហព័ន្ធគុនល្បុក្កតោកម្ពុជា
ប្រតិភូកីឡាគុនល្បុក្កតោ ចេញទៅប្រកួត Internationa Martial Art Contest រូបពី សហព័ន្ធគុនល្បុក្កតោកម្ពុជា
លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ថា កម្ពុជា ក្នុងនាមជាសមាជិករបស់ World Martial Art Union តែងបញ្ជូនប្រតិភូកីឡា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់ស្ថាប័នយុទ្ធគុនអន្ដរជាតិនេះ។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា ក្រៅអំពីកិច្ចប្រជុំប្រចាំឆ្នាំ សហព័ន្ធ ក៏ចូលរួមប្រកួតកីឡាយុទ្ធគុនអន្ដរជាតិ (International Martial Art Contest) ផងដែរ។ សម្រាប់ឆ្នាំ២០២៣ កម្ពុជា បញ្ជូន កីឡាករ-កីឡាការិនី ៥រូប ទៅប្រកួត ដើម្បីបង្ហាញពីក្បាច់គុន តំណាងអត្ដសញ្ញាណជាតិកម្ពុជា លើឆាកអន្ដរជាតិ។



កាលពីយប់ថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៣ ប្រតីភូកីឡាគុនល្បុក្កតោកម្ពុជា បានចេញដំណើរទៅ ទីក្រុង ឃ្យុងយូរ ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ស្ថាប័នក្បាច់គុនអន្ដរជាតិ និងចូលរួមការប្រកួត International Martial Art Contest។ ការប្រកួត នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៣។
 
លោក អ៊ូ តារា មានជំនឿចិត្តថា កីឡាករ-កីឡាការិនីកម្ពុជា អាចដណ្ដើមបានមេដាយណាមួយជូនប្រទេសជាតិ ព្រោះការចូលរួមកន្លងមកចាប់តាំងពីឆ្នាំ២០១៣ មក អត្ដពលិកកម្ពុជា ធ្វើបានល្អ។ «គុនល្បុក្កតោ ជាកីឡាតំណាងតំណាងអត្ដសញ្ញាណជាតិកម្ពុជា បានចូលជាសមាជិក World Martial Art Union តាំងពីឆ្នាំ២០២១៣។ ជារៀងរាល់ឆ្នាំ កីឡាករ-កីឡាការិនីកម្ពុជា តែងប្រកួតបានលទ្ធផលល្អ។ សហព័ន្ធ ក៏រំពឹងខ្ពស់ ព្រោះកីឡាករ-កីឡាការិនី មានសមត្ថភាពអាចដណ្ដើមបានមេដាយ  ជូនជាតិបាន។»។ អគ្គលេខាធិការរងរូបនេះ បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា World Martial Art Union បច្ចុប្បន្ន មានសមាជិក ៧០ប្រទេស ដោយរាប់បញ្ចូលទាំងកម្ពុជា ផងដែរ៕
 

Tag:
 គុនល្បុក្កតោ
  អ៊ូ តារា
© រក្សាសិទ្ធិដោយ thmeythmey.com