ជាតិ
​បច្ចេកវិទ្យា
បច្ចេកសព្ទព័ត៌មានវិទ្យា៖ កូដការី (encoder), សេវាពពក (cloud service), ពពកឯកជន (private cloud)..
17, Aug 2023 , 9:35 am        
រូបភាព
ក្រុមប្រឹក្សាជាតិភាសាខ្មែរ កាលពីថ្ងៃទី១៦ ខែសីហា បានអនុម័តមេពាក្យ និងសេចក្តីពន្យល់នៃ​បច្ចេកសព្ទចំនួន១៤ ដែលដាក់ជូនដោយគណៈកម្មការបច្ចេកទេសព័ត៌មានវិទ្យា។


មេពាក្យទាំងនោះមានដូចជា៖ 
១. សំណេរកូដ (អង់គ្លេស coding, បារាំង codage)៖ សេចក្តីពន្យល់ ដំណើរការឬសកម្មភាពសរសេរកូដនៃកម្មវិធីកុំព្យូទ័រ។
 
២. កូដការី (អង់គ្លេស encoder, បារាំង encodeur)៖ សុសវែរ ហាដវែរ ដែលធ្វើកូដការ។
 
៣. វិកូដការ (អង់គ្លេស decoding, បារាំង décodage)៖ ដំណើរការនៃការបកស្រាយកូដ ឬទម្រង់ជាលេខ០ឬ១ទៅជា ទិន្នន័យដើមពេញលេញដែលយល់បានដោយកុំព្យូទ័រ។
 
៤. វិកូដការី (អង់គ្លេស decoder, បារាំង décodeur)៖ សុសវែរ ហាដវែរ ដែលធ្វើវិកូដការ។
 
៥. កុំព្យូធីង (អង់គ្លេស computing, បារាំង informatique)៖ ដំណើរការនៃការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រសម្រាប់បំពេញកិច្ចការនានា។
 
៦. ពពក (អង់គ្លេស cloud, បារាំង nuage)៖ ផ្នែកមួយនៃអ៊ីនធឺណិតដែលអ្នកប្រើប្រាស់អាចប្រើធនធាន ឬសេវាអនឡាញ។
 
៧. កុំព្យូធីងពពក (អង់គ្លេស cloud computing, បារាំង informatique en nuage)៖ កុំព្យូធីងមួយប្រភេទដែលប្រើក្រុមសេវូបករណ៍ ធនធានលើ អ៊ុនធឺណិត ដើម្បីដំណើរការវេប រក្សាទុកឯកសារ ជាដើម។
៨. ឧបករណ៍និម្មិត (អង់គ្លេស virtual device, បារាំង périphérique virtuel, appareil virtuel)៖ ឧបករណ៍ដែលគ្មានរូបពិត តែត្រូវបានប្រឌិតដោយសុសវែរឱ្យមានក្នុងកុំព្យូទ័រ និងអាចប្រើប្រាស់បានដូចឧបករណ៍ពិត។
 
៩. ឧបករណ៍ផ្ទុកក្នុងពពក (អង់គ្លេស cloud storage device, cloud storage, បារាំង périphérique de stockage en nuage)៖ ឧបករណ៍និម្មិតលើពពកឬអ៊ីនធឺណិតសម្រាប់រក្សាទុកទិន្នន័យ
ព័ត៌មាន ជាដើម។
 
១០. សេវាពពក (អង់គ្លេស cloud service, បារាំង service en nuage)៖ សេវាទាំងឡាយដែលផ្តល់ដោយសេវូបករណ៍លើពពក ឬអ៊ីនធឺណិត។ សេវាពពកនេះ មានបីប្រភេទគឺ សេវាពពកឯកជន សេវាពពកសាធារណៈ និងសេវាពពកអ៊ីប្រ៊ីដ។
 
១១. ពពកឯកជន (អង់គ្លេស private cloud, បារាំង nuage privé)៖ កុំព្យូធីងពពកមួយប្រភេទដែលផ្តល់សេវាលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានជាលក្ខណៈឯកជនសម្រាប់ស្ថាប័នមួយ។
 
 

១២. ពពកសាធារណៈ (អង់គ្លេស public cloud, បារាំង nuage public)៖ កុំព្យូធីងពពកមួយប្រភេទដែលផ្តល់សេវាលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័តឥមានសាធារណៈ។
 
១៣. ពពកអ៊ីប្រ៊ីដ (អង់គ្លេស hybrid cloud, បារាំង nuage hybride)៖ កុំព្យូធីងពពកមួយប្រភេទដែលជាបន្សាំរវាងពពកឯកជន និងពពកសាធារណៈក្នុងស្ថាប័នមួយ។
 
១៤. បន្ទុះពពក (អង់គ្លេស cloud bursting, បារាំង éclatement des nuages)៖ ម៉ូដែលមួយសម្រាប់ពង្រីកធនធានទៅលើពពកសាធារណៈ ក្រោយពេលពពកឯកជនពេញ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com