កីឡាជាតិ
ជាតិ
ប្រតិភូកីឡាយុទ្ធគុនចម្រុះ៖ បរទេសចាប់ផ្តើមស្គាល់កម្ពុជា ក្រោយរៀបស៊ីហ្គេមលើកទី៣២
17, Aug 2023 , 3:11 pm        
រូបភាព
លោក សេង ប៊ុន សុង(ស្តាំ) ទទួលវិញ្ញាប័ណ្ណបត្រមន្រ្តីអាជ្ញាកណ្តាលពីលោក David Thong អគ្គលេខាធិការកីឡាយុទ្ធគុនចម្រុះអាស៊ី
លោក សេង ប៊ុន សុង(ស្តាំ) ទទួលវិញ្ញាប័ណ្ណបត្រមន្រ្តីអាជ្ញាកណ្តាលពីលោក David Thong អគ្គលេខាធិការកីឡាយុទ្ធគុនចម្រុះអាស៊ី
ដោយ:
លោក សេង ប៊ុនសុង ប្រធានប្រតិភូដឹកនាំកីឡាយុទ្ធគុនចម្រុះជម្រើសជាតិកម្ពុជាទៅចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ នៅប្រទេសថៃ បង្ហាញអារម្មណ៍រំភើបនៅពេលមានបរទេសស្គាល់ និងសាទរចំពោះមន្រ្តីក៏ កីឡាករ-កីឡាការិនីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។



«គេសាទរចំពោះជនជាតិខ្មែរយើងណាស់ បន្ទាប់ពីស៊ីហ្គេម២០២៣មក គេស្គាល់យើង។ យើងមានមោទកភាពដែរនូវពេលដែលគេស្គាល់ខ្មែរយើងស្ទើរគ្រប់ប្រទេសដែលមកចូលរួម»។ លោក សេង ប៊ុនសុង ប្រាប់សារព័ត៌មានថ្មីៗដូចច្នេះនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ស្រប់ពេលដែលលោក និងមន្រ្តី៤រូបទៀតបានប្រលងជាប់ជាមន្រ្តីចៅក្រម-អាជ្ញាកណ្តាល AMMA អន្តរជាតិ។
 
មន្រ្តីសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ៥រូបទទួលបានវិញ្ញាប័ណ្ណបត្រមន្រ្តីចៅក្រម-អាជ្ញាកណ្តាល អន្តរជាតិកម្រិតអាស៊ី "Asian MMA Judge C" បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ នៅខេត្តឈុនបុរី ប្រទេសថៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែសីហា។
 
សិក្ខាកាមដែលប្រលងជាប់ចៅក្រម និងអាជ្ញាកណ្តាលយុទ្ធគុនចម្រុះអាស៊ី

ចំណែកលោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះជម្រើសជាតិកម្ពុជាដែលបានជាប់ជាមន្រ្តីអាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិយុទ្ធគុនចម្រុះ និយាយដោយក្តីរំភើបខ្លាំងនូវពេលដែលមន្រ្តីកម្ពុជាបានជាប់ទាំង ៥រូប។ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ យើងមកបានជាប់ទាំងគ្នា។ ខ្ញុំនឹងនាំយកបទពិសោធនេះទៅផ្ទេរជូនកីឡាករ-កីឡាការិនីកម្ពុជាយើងជំនាន់ក្រោយៗទៀត»។ លោក ច័ន្ទរាជ្យ និយាយដូច្នេះ។
 
គួបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្រ្តីអាជ្ញាកណ្តាល ចៅក្រមកីឡាយុទ្ធគុនចម្រុះកម្រិតអាស៊ី ប្រតិភូគ្រូបង្វឹកកម្ពុជា បានប្រលងជាប់ទាំង៥រូបរួមមាន លោក សេង ប៊ុនសុង, លោក ហ៊ុន ច័ន្ទរាជ្យ, លោក ជា វ៉ាន់សាន្ត, លោក ឈីម ធារ៉ា និងលោក ស៊ុន ចាន់បុរី។ 
 
គួបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាយុទ្ធគុនចម្រុះអាស៊ី MMA ដែលធ្វើឡើងនៅប្រទេសថៃពី ថ្ងៃទី១១ ដល់ទី២០ ខែសីហា ឆ្នាំ២០២៣ មានសមាសភាពកីឡាករកម្ពុជា ៣រូប និងកីឡាការិនី១រូប ក្នុងនោះមាន ប្រធានប្រតិភូដឹកនាំដោយលោក សេង ប៊ុនសុង លោក ហ៊ុន ច័ន្ធរាជ្យ គ្រូបង្វឹក លោក ធីម ធារ៉ា គ្រូជំនួយ លោក ជា វ៉ាន់សាន្ត សមាជិក និងលោក សាន្ត ចាន់បុរ៉ី៕
 
ប្រតិភូគ្រូបង្វឹកកីឡាគុនចម្រុះកម្ពុជា និងលោក David Thong(អាវស)


Tag:
 កីឡាយុទ្ធគុនចម្រុះ
 សេង ប៊ុនសុង
© រក្សាសិទ្ធិដោយ thmeythmey.com