អន្តរជាតិ
មន្រ្ដីអាម៉េរិកថា កិច្ចប្រជុំកំពូលជាមួយជប៉ុន និងកូរ៉េខាងត្បូងនឹងពង្រឹងរវាងសម្ព័ន្ធភាពត្រីភាគី
17, Aug 2023 , 9:39 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
មន្ត្រីសេតវិមានអាម៉េរិកលោក Kurt Campbell បានបញ្ជាក់ថា កិច្ចប្រជុំកំពូលរវាងអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូងនៅថ្ងៃ១៨ ខែសីហា នឹងរួមបញ្ចូលគំនិតផ្តួចផ្តើមដ៏មានមហិច្ឆតាមួយដើម្បីពង្រឹងដំណើរការរវាងសម្ព័ន្ធមិត្តទាំង៣។ បើតាមលោក Campbell សម្ព័ន្ធភាពនេះ នឹងកំណត់និយមន័យនៃទំនាក់ទំនងត្រីភាគីក្នុងសតវត្សទី២១។

 
«អ្វីដែលអ្នកនឹងឃើញនៅថ្ងៃ១៨ ខែសីហា គឺជាគំនិតផ្តួចផ្តើមដ៏មានមហិច្ឆិតាមួយដែលពង្រឹងការចូលរួមត្រីភាគីទាំងបច្ចុប្បន្នភាព និងនាពេលអនាគត»។ លោក Kurt Campbell និយាយបែបនេះ។ 
 
លោក Campbell បានបន្ថែមថា ភាគីទាំងបីនឹងស្វែងយល់ពីរបៀបពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខដែលត្រូវអនុវត្តដោយសេចក្ដីពិចារណា ប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ។ លោក Campbell ដែលជាអ្នកសម្របសម្រួលគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិកផងនោះ បានសរសើរពីភាពក្លាហានរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីជប៉ុនលោក គីស៊ីដា ហ្វូមីអូ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរដោយលោកចាត់ទុកជាប្រភេទការទូតដ៏អស្ចារ្យ។  
 
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលខាងមុខនេះនឹងដាក់ចេញគំនិតផ្តួចផ្តើមរួមគ្នាស្តីពីបច្ចេកវិទ្យា និងការការពារជាតិ ចំពេលដែលរដ្ឋទាំងបីមានការព្រួយបារម្ភរួមគ្នាអំពីចិន និងកូរ៉េខាងជើង។
 
ស្របជាមួយគ្នានេះ លោក ចូ បៃឌិនក៏សង្ឃឹមថាកិច្ចប្រជុំកំពូលនៅ Camp David នាពេលខាងមុខនេះនឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងបី ដ្បិតជប៉ុន និងកូរ៉េខាងត្បូងកំពុងតែព្យាយាមផ្សះផ្សាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលបានដាច់រហែក នៅពេលប្រឈមមុខនឹងការគំរាមកំហែងក្នុងតំបន់កើនឡើង។
 
បច្ចុប្បន្ន ក្រុងវ៉ាស៊ីនតោនមានសន្ធិសញ្ញាការពារជាតិសមូហភាពដោយឡែកជាមួយក្រុងតូក្យូ និងក្រុងសេអ៊ូល។ ប៉ុន្តែក្រុងវ៉ាស៊ីនតោនចង់ឱ្យក្រុងតូក្យូ និងសេអ៊ូលធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ដោយសារមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអំណាច និងចេតនារបស់ចិន ក៏ដូចជាបញ្ហាកូរ៉េខាងដែរនោះ៕
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com