កីឡាជាតិ
ជាតិ
CPL៖ អង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យ ត្រូវការឈ្នះលើកដំបូងរៀងខ្លួននៅទឹកដីសៀមរាប
18, Aug 2023 , 10:35 am        
រូបភាព
លោក សាប៊ូន វិនតា គ្រូបង្វឹគិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
លោក សាប៊ូន វិនតា គ្រូបង្វឹគិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
លោក Alistair Heath គ្រូបង្វឹកក្លិបអង្គរថាយហ្គឺរ បញ្ជាក់ថាការបរាជ័យ ២លើក ក្នុងការប្រកួតពានរង្វាន់ Cambodian Premier League គឺដោយសារកំហុសបុគ្គលម្នាក់ៗ ដែលនាំឲ្យប៉ះពាល់ដល់លទ្ធផលរួម របស់ក្រុម។ គ្រូបង្វឹករូបនេះ ថាការប្រកួតនៅកីឡដ្ឋានហនុមានរបស់ខ្លួន ទល់ គិរីវង់សុខសែនជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៣:៤៥ រសៀល ក្រុមលោក នឹងប្រឹងអស់ពីសមត្ថភាព ដើម្បីឲ្យអ្នកគាំទ្រពេញចិត្ត។ ដោយឡែក លោក សាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ បាននិយាយថា ក្រុមបានត្រៀមខ្លួនរួចជាស្រេច បន្ទាប់ពីឆ្លងកាត់២ប្រកួតដំបូង ដោយបានកែប្រែចំណុចខ្វះខាត។ គ្រូបង្វឹករូបនេះ បន្ថែមទៀតថា ទោះត្រូវប្រកួតជាមួយក្រុមខ្លាំង ទាំងក្នុងដី និងក្រៅដី គិរីវង់សុខសែនជ័យមានគោលដៅ ប្រកួតប្រជែង និងការអភិវឌ្ឍខ្លួន ជារឿងសំខាន់។



នៅសប្ដាហ៍ទី៣ នៃការប្រកួតលីគកំពូល (Cambodian Premier League) នាថ្ងៃទី១៩ ខែសីហា អង្គរថាយហ្គឺរ នឹងធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ ក្រុមភ្ញៀវ គិរីវង់សុខសែនជ័យ នាម៉ោង ៣:៤៥ រសៀល នៅកីឡដ្ឋានហនុមាន ក្នុងខេត្តសៀមរាប។ ក្រុមម្ចាស់ផ្ទះ ចាញ់ ២ប្រកួតជាប់គ្នា ខណៈ ក្រុមភ្ញៀវ ស្មើ១ និងចាញ់១។
 
លោក Alistair Heath ខកចិត្តជាខ្លាំងចំពោះ បរាជ័យទាំង ២ប្រកួតនោះ ដោយសម្លឹងឃើញថា ការប្រកួតទាំងនោះ អង្គរថាយហ្គឺរ សុទ្ធតែមានឱកាសអាចដណ្ដើមបានពិន្ទុខ្លះ ព្រោះសុទ្ធមានគ្រាប់បាល់នាំមុខគូប្រកួត ជាឧទាហរណ៍ ការប្រកួតជាមួយបឹងកេត ក្រុងអង្គរថាយហ្គឺ បាននាំមុខមុន។ គ្រូបង្វឹករូបនេះ ចាត់ទុកថាការប្រកួតមុនៗ គឺដោយសារកំហុស សមាជិកណាម្នាក់ ហើយធ្វើឲ្យប៉ះពាល់ដល់លទ្ធផលរួមរបស់ក្រុម។
  
លោក Alistair Heath គ្រូបង្វឹកអង្គរថាយហ្គឺរ រូបពីក្លិប Angkor Tiger

«ក្រឡេកទៅមើលការប្រកួតពីរលើកកន្លងមកនេះ ទោះបីជាខកចិត្តក៏ដោយ ខ្ញុំ ក៏ឃើញមានភាពវិជ្ជមានខ្លាំងក្នុងពេលតែមួយ។ យ៉ាងហោចណាស់ យើងអាចមាន ៤ពិន្ទុ បានយ៉ាងងាយស្រួល ដោយយើងបានបង្កើតឱកាសជាច្រើន និងគ្រប់គ្រងក្នុងរយៈពេលដ៏ច្រើន ដើម្បីឈ្នះការប្រកួតទាំងពីរកន្លងមក។ ការធ្វើឲ្យ មានកំហុសរបស់បុគ្គលបានធ្វើឲ្យ យើងខាតបង់ ហើយជាការកំណត់រវាងការឈ្នះ និងចាញ់ក្នុងការប្រកួតទាំងពីរ។»។ នេះ បើយោងតាមការផ្សាយរបស់ក្លិបអង្គរថាយហ្គឺរ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។
 
គ្រូបង្វឹជនជាតិអង់គ្លេសរូបនេះ មានជំនឿចិត្តថា ការធ្វើជាម្ចាស់ផ្ទះនេះ នឹងមិនធ្វើឲ្យអ្នកគាំទ្រខ្លួន អស់សង្ឃឹមទេ ព្រោះរូបលោក បានកែប្រែនៅចំណុចខ្វះខាតរបស់ក្រុម បន្ទាប់ពីឆ្លងកាត់ការបរាជ័យទាំង ២លើកកន្លងទៅ។ លោក Alistair Heath បាននិយាយដូច្នេះថា៖ «យើងកំពុងធ្វើការធានាថាកំហុសទាំងនេះត្រូវបានកាត់ចេញ ហើយយើងនឹងធ្វើឲ្យការលេងមានភាពរឹងមាំដែលអ្នកគាំទ្ររបស់យើងសមនឹងទទួលបាន។ ខ្ញុំ ប្រកាន់ខ្ជាប់នូវអ្វី ដែលខ្ញុំបាននិយាយកន្លងមក។ យើង ទាំងអស់គ្នា នឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតក្នុងផ្ទះលើកដំបូងនៃរដូវកាលនេះ ដើម្បីតបស្នងដល់ប្រជាជនខេត្តសៀមរាបដែលបានបង្ហាញការគាំទ្រយ៉ាងសម្បើម។»។
 
ដោយឡែក លោក សាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុក ថាក្រុមរបស់លោក បានត្រៀមខ្លួនរួចជាស្រេចចំពោះការប្រកួតក្រៅដីមួយនេះ។ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតកន្លងទៅ គ្រូបង្វឹករូបនេះ បានស្វែងយល់ច្រើន អំពីចំណុចខ្លាំង និងចំណុចខ្វះខាត ដែលត្រូវបំពេញបន្ថែម ហើយសម្រាប់ការត្រៀមខ្លួន គឺមិនមែនសម្រាប់តែប្រកួត១នេះ ប៉ុន្ដែសម្រាប់គ្រប់ការប្រកួតក្នុងលីគកំពូលកម្ពុជា ទោះបីជាប្រកួតនោះ ក្រៅដី ក្នុងដី ឬជាមួយក្រុមមានកម្រិតបែបណាក៏ដោយ។
 
លោក សាប៊ូន វិនតា បានបន្ថែមទៀតថា ក្លិបគិរីវង់សុខសែនជ័យ តែងតែដាក់គោលដៅសំខាន់ មិនត្រឹមជាជ័យជម្នះតែម្យ៉ាងទេ ប៉ុន្ដែរួមមានការអភិវឌ្ឍសមត្ថភាពកីឡាករ ផងដែរ។ «យើង តែងតែមានជំនឿចិត្ត គ្រប់ការប្រកួតដើម្បីឲ្យក្រុមរបស់យើង មានការអភិវឌ្ឍលើរបៀបលេង កាន់តែល្អជាងមុន ព្រោះយើងចង់ក្លាយជាក្រុមមួយ ដែលអាចប្រកួតទាត់ចូលទីគូប្រកួតច្រើនជាង គូប្រកួតមកទាត់ចូលទីពួកយើង។»។ គ្រូបង្វឹកគិរីវង់សុខសែនជ័យ បាននិយាយដូច្នេះ។
 
ចូលមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ចំពោះការប្រកួត Cambodian Premier League សប្ដាហ៍ទី៣ នាម៉ោង ៣:៤៥រសៀល ព្រៃវែង ត្រូវស្វាគមន៍ បឹងកេត នៅកីឡដ្ឋានខេត្តព្រៃវែង។ ក្នុងថ្ងៃជាមួយគ្នានេះ វេលាម៉ោង ៦:០០ល្ងាច ព្រះខ័នរាជ ស្វាយរៀង ហ្វូតបល់ ក្លិប ឯ.ក ត្រូវទទួល ណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តស្វាយរៀង ស្របពេល វិសាខា ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋានព្រីនស៍៕
 

Tag:
 បាល់ទាត់
  សាប៊ូន វិនតា
© រក្សាសិទ្ធិដោយ thmeythmey.com