ភ្នំពេញ៖ ករណីការផ្ដល់អំណោយក្រៅផ្លូវការ ដែលគេនិយមហៅថា លុយទឹកតែ ,លុយទឹកចិត្ត ឬលុយធីប ឱ្យមន្ត្រីសាធារណៈរបស់រដ្ឋ នៅតែកើតមានក្នុងសង្គមខ្មែរ។ ករណីខ្លះ ពលរដ្ឋឱ្យប្រាក់ដោយសុទ្ធចិត្ត ព្រោះតែការស្រឡាញ់ពេញចិត្ត ឥរិយាបទធ្វើការងារ របស់មន្ត្រីសាធារណៈរបស់រដ្ឋ ដោយពុំមានការទាមទារ ឬការបង្ខិតបង្ខំ។ តើការឱ្យប្រាក់ដោយសុទ្ធចិត្តនោះ អាចជាកត្តាជំរុញឱ្យមានអំពើពុករលួយ នៅក្នុងសង្គមកម្ពុជា ?
យុវជនមួយក្រុម បានបញ្ចេញមតិប្រហាក់ប្រហែលគ្នា អំពីករណីនៃការផ្ដល់ប្រាក់ក្រៅផ្លូវការ ឬហៅថា (លុយទឹកចិត្ត)នេះ។ ពួកគេសុទ្ធតែអះអាងថា ការផ្ដល់ប្រាក់លើកទឹកចិត្តក្រៅផ្លូវការ ពីប្រជាពលរដ្ឋ ទៅកាន់មន្ត្រីសាធារណៈរបស់រដ្ឋ ដែលធ្វើការងារបានល្អ និងមានឥរិយាបទទន់ភ្លន់ ដាក់ប្រជាពលរដ្ឋនៅពេលពួកគេ ទៅទទួលសេវាសាធារណៈ មិនមានអ្វីខុសច្បាប់ឡើយ ហើយថែមទាំងជាឥរិយាបទល្អផង។ ប៉ុន្តែទង្វើនេះ វាអាចនឹងជំរុញឱ្យមានអំពើពុករលួយ នៅក្នុងសង្គមកម្ពុជា នាពេលខាងមុខ យ៉ាងពិតប្រាកដ។ តើដោយសារមូលហេតុអ្វី?
ក្នុងរបត់ប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការផ្ដល់ប្រាក់ក្រៅផ្លូវការ ដែលមិនចាំបាច់(លុយទឹកចិត្ត) ដល់មន្ត្រីសាធារណៈរបស់រដ្ឋ អាចជំរុញឱ្យមន្ត្រីទាំងនោះ កើតចិត្តលោភលន់ ហើយបង្កើតវាជាទម្លាប់ ឬប្រពៃណី។ ជារឿងដែលពុំអាចបដិសេធបាន ថាក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន កំពុកធ្លាក់ចុះគុណធម៌ និងសីលធម៌ធ្ងន់ធ្ងរ។
យុវជននិងព្រះសង្ឃ ក្នុងពិធីប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ថ្ងៃទី១១ សីហា
ខ្ញុំលើកឡើងបែបនេះ ពុំមែនសំដៅដល់ប្រជាជនខ្មែរគ្រប់រូបទេ គឺក៏មានអ្នកប្រកាន់គុណធម៌ និងរក្សាតម្លៃរបស់ខ្លួនខ្ពង់ខ្ពស់ដែរ។ ប៉ុន្តែតើនរណាអាចធានាបានថា មន្ត្រីសាធារណៈរបស់រដ្ឋ ដែលធ្លាប់តែទទួលបានប្រាក់(លុយទឹកចិត្ត) មិនរំភើបចិត្ត និងមិនចង់ឱ្យគេផ្ដល់ប្រាក់ទាំងនោះឱ្យទៀត នៅពេលក្រោយ? ចុះបើពួកគេញៀន នឹងចំណីទាំងនោះ តើវានឹងទៅជាយ៉ាងណា? ខ្ញុំមិនលើកករណី មន្ត្រីសាធារណៈមួយចំនួន ទារប្រាក់ក្រៅផ្លូវការ ដោយខុសច្បាប់ឡើយ។
តើការផ្ដល់ប្រាក់ក្រៅផ្លូវការ(លុយទឹកចិត្ត) ឱ្យដល់មន្ត្រីសាធារណៈរបស់រដ្ឋ អាចជំរុញឱ្យមានអំពើពុករលួយ នៅថ្ងៃអនាគតដោយរបៀបណា?
ស្ថិតក្នុងកម្មវិធីនៃការប្រារព្ធ ទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ កាលពីពេលកន្លងទៅ អ្នកស្រី សាក់ កន្និការ ជាមន្ត្រីតស៊ូមតិផ្នែសិល្បៈនៃអង្គការ YRDP បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរមួយចំនួន អាចយល់ឃើញថា ការផ្ដល់ប្រាក់លើកទឹកចិត្ត ដល់មន្ត្រីសាធារណៈរបស់រដ្ឋ មិនមានអ្វីខុសឡើយ ព្រោះនេះគឺជាទឹកចិត្ត ដែលពុំមានការបង្ខិតបង្ខំ។ អ្នកស្រីក៏គិតបែបនោះដែរ ប៉ុន្តែវាអាចជាកត្តាជំរុញឱ្យមានអំពើពុករលួយក្នុងប្រទេស។
អ្នកស្រី សាក់ កន្និការ មន្ត្រីតស៊ូមតិផ្នែសិល្បៈនៃអង្គការ YRDP ដែលបានចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣កាលពីថ្ងៃទី១១ សីហា
នារីសម្បុរស្រអែម មុខមូលក្រឡង់ សក់រួញវែងរូបនេះ បន្ថែមថា តើអាចធានាបានទេ ថាបុគ្គល(មន្ត្រីសាធារណៈ) ដែលទទួលបានផលលាភនោះ នៅពេលដែលអ្នកផ្សេងមិនផ្ដល់ឱ្យពួកគេ តើនឹងមានអារម្មណ៍បែបណា? តើធានាបានទេ ថានៅពេលដែលមន្ត្រីនោះ ទទួលប្រាក់លើកទីមួយហើយ ថ្ងៃក្រោយផ្លូវចិត្តរបស់ពួកគេមិនចង់បានពីអ្នកដទៃទៀត? នេះគឺជាសំណួរ ដែលមន្ត្រីធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាល សួរទៅប្រជាជនខ្មែរទូទៅ។
កន្និការ ដែលពាក់អាវសារ៉ូពណ៌ខៀវដៃវែង បានឈ្លេចឱ្យពលរដ្ឋខ្មែរគិតថា ការងាររបស់មន្ត្រីសាធារណៈរបស់រដ្ឋធ្វើសព្វថ្ងៃ គឺជាតួនាទី និងកាតព្វកិច្ចរបស់ពួកគេ ដែលត្រូវបំពេញ ដោយទទួលបានប្រាក់បៀវត្សពីការបង់ពន្ធរបស់រាស្ត្ររួចទៅហើយ។
«គ្រាន់តែពាក្យសរសើរ ការអរគុណ និងការគោរពគាត់ គឺជាការរួមចំណែកដ៏ល្អហើយ»។ នេះជាការបន្ថែមរបស់ កន្និការ។
កញ្ញា សល់ រ៉ាញ៉ា គឺជាជនជាតិដើមភាគតិចមួយរូប ដែលបានចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិដែរ។ នាងក៏យល់ថា ការផ្ដល់ប្រាក់ក្រៅផ្លូវការពីរដ្ឋបានកំណត់ ទោះជាទឹកចិត្តក្ដី ក៏អាចជំរុញឱ្យមានអំពើពុករលួយបានដែរ។ អាចទៅរួច ព្រោះមន្ត្រីទាំងនោះ អាចនឹងទាមទារ ពីពលរដ្ឋដទៃទៀតនៅថ្ងៃក្រោយ ព្រោះវាបានក្លាយជាទម្លាប់។
«ព្រោះតែអ្នកមុនៗឱ្យប្រាក់គាត់ ដូច្នេះគាត់គិតថា អ្នកក្រោយអាចនឹងឱ្យគាត់ដែរ។ ប្រជាជនគួរតែបំបាត់ទម្លាប់នេះ»។ នេះជាការបញ្ជាក់របស់នារីសម្បុរស សក់វែងពណ៌ទង់ដែង។
កញ្ញា សល់ រ៉ាញ៉ា គឺជាជនជាតិដើមភាគតិចមួយរូប ដែលបានចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៣កាលពីថ្ងៃទី១១ សីហា
ចំណែកឯ យុវជន ថន សម័យ ដែលជាប្រធានក្រុម នៃក្រុមគ្មានទេសំរាម ថាប្រសិនពលរដ្ឋខ្មែរ មិនចង់ឱ្យមានអំពើពុករលួយនៅក្នុងសង្គមកម្ពុជា ប្រជាជនមិនគួរផ្ដល់ប្រាក់ក្រៅផ្លូវការ ដល់មន្ត្រីសាធារណៈរបស់រដ្ឋឡើយ។ ជាមួយគ្នានេះដែរ សម័យ ក៏សុំឱ្យមន្ត្រីសាធារណៈរបស់រដ្ឋ បដិសេធរាល់ការផ្ដល់អំណោយក្រៅផ្លូវការរបស់ប្រជាជន ដើម្បីចូលរួមទប់ស្កាត់អំពើពុករលួយ។
ពាក់អាវយឺតសដៃខ្លី មានសរសេរពាក្យថា ទិវាយុវជនអន្តរជាតិ២០២៣ បុរសពាក់វែនតាពណ៌សរូបនេះ បន្ថែម៖«អាចកើតជាអំពើពុករលួយ ព្រោះអាចក្លាយជាទម្លាប់។ ប្រសិនមន្ត្រីរាជការមិនចង់ឱ្យមានអំពើពុករលួយ គួរបដិសេធប្រាក់នោះ»។

ចំណែកឯ យុវជន ថន សម័យ ប្រធានក្រុម នៃក្រុមគ្មានទេសំរាម ដែលបានចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី១១ សីហា
ស្រដៀងគ្នានេះដែរ ព្រះភិក្ខុ រឿន រី ជាសម្នាក់និស្សិត នៃសកលវិទ្យាល័យជាតិបាត់ដំបង បានមានថេរដីកាថា មន្ត្រីសាធារណៈ គួរប្រាប់ពលរដ្ឋ ពីតម្លៃដែលច្បាប់បានកំណត់ ហើយមន្ត្រីទាំងនោះមិនគួរ ទទួលប្រាក់ក្រៅផ្លូវការឡើយ។
ព្រះភិក្ខុ បន្តថា ប្រសិនពលរដ្ឋនៅតែបន្ត ឱ្យប្រាក់ក្រៅផ្លូវការទៅមន្ត្រី យូរទៅមន្ត្រីទាំងនោះ អាចមិនធ្វើការ នៅពេលមិនមានប្រាក់ទឹកចិត្តនោះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះភិក្ខុដែលគ្រងកាសាវភ័ស្ត្រ ពណ៌ហង្សបាទអង្គនេះ បានផ្ដល់យោបល់ថា កម្ពុជាគួរបណ្ដុះផ្នត់គំនិតមន្ត្រីរាជការ កុំឱ្យចង់ធ្វើអំពើពុករលួយ។
«ការឱ្យបែបនេះ (ឱ្យលុយទឹកចិត្ត) យូរទៅអាចកើតជាវប្បធម៌ ពេលមិនបានប្រាក់ មន្ត្រីអាចពន្យាពេលធ្វើការងារ»។ នេះជាការបន្ថែមរបស់ព្រះភិក្ខុ រឿន រី។
ចំនែកឯលោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា ទម្លាប់នៃការឱ្យសាគុណ ក៏ជាមូលហេតុមួយនាំឱ្យអំពើពុករលួយ ក្លាយទៅជាវប្បធម៌ដែរ។ លោកថា ការឱ្យលុយ គឺជាទង្វើមួយ ដែលប្រជាពលរដ្ឋ យល់ថាអាចទទួលយកបាន ព្រោះពួកគាត់មិនត្រូវបាន គេបង្ខំឱ្យសូកប៉ាន់ឡើយ។
ប៉ុន្តែនេះគឺជាទម្លាប់មួយដែលមិនល្អ គឺបង្កើតវប្បធម៌នៃការផ្ដល់សាគុណ ដែលមិនចាំបាច់។ ហើយអាចបង្កើតទម្លាប់ថា ប្រសិនមិនមានសាគុណ មន្ត្រីអាចមិនធ្វើការទៅវិញ ហើយនេះអាចជាបញ្ហាធំ។ មន្ត្រីនៃអង្គការក្រៅរដ្ឋាភិបាលរូបនេះ ថាវាអាចបណ្ដាលឱ្យមានភាព កម្សោយនៃការផ្ដល់សេវា។
«ខ្ញុំគិតថា ពលរដ្ឋត្រូវគិតអ៊ីចេះវិញ ប្រាក់បៀវត្សទាំងអស់របស់មន្ត្រីរាជការ គឺគេយកថវិកាជាតិមកប្រើ។ បងប្អូនត្រូវគិតថា ថវិកាជាតិគឺកើតចេញពីការបង់ពន្ធ របស់ប្រជាពលរដ្ឋ។ ដូច្នេះប្រាក់បៀវត្សទាំងអស់នោះ គឺពលរដ្ឋជាអ្នកជូនពន្ត្រីរាជការទេ ដូច្នេះមិនគួរមានការផ្ដល់ប្រាក់បន្ថែមដល់ពួកគាត់ លើសេវាទាំងឡាយណា ដែលមិនបានកំណត់ដោយច្បាប់។
ព្រះភិក្ខុ រឿន រី ជាសម្នាក់និស្សិត នៃសកលវិទ្យាល័យជាតិបាត់ដំបង បានចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី១១ សីហា
យើងគួរតែជំរុញមន្ត្រីទាំងនោះ ធ្វើការដោយប្រសិទ្ធភាព និងវិជ្ជាជីវៈវិញ។ ព្រោះកាលណាយើងជូនសាគុណ វាអាចទៅជាទម្លាប់ដែរ ទោះបីគាត់មិនទារ តែគាត់ទម្លាប់ទទួលបាន ដូច្នេះអ្នកដែលមិនឱ្យគាត់ គាត់អាចអត់ធ្វើឱ្យគេ»។ នេះជាការពន្យល់បន្ថែមរបស់ មន្ត្រីអង្គការដែលមានមុខមូលប្រជាប្រិយ សម្បុរស្រអែម។
តើមន្ត្រីសាធារណៈរបស់រដ្ឋ គួរសប្បាយចិត្តឬទេ នៅពេលពលរដ្ឋផ្ដល់ប្រាក់ ឱ្យក្រៅផ្លូវការដល់គាត់បែបនេះ?
សម្រាប់មន្ត្រីក្រៅរដ្ឋាភិបាលវ័យក្មេងអ្នកស្រី សាក់ កន្និការ ពុំដឹងពីទឹកចិត្តមន្ត្រីទាំងនោះឡើយ។ ប៉ុន្តែអ្នកស្រីថា ប្រសិនអ្នកស្រីជាមន្ត្រីរាជការ ដែលត្រូវបានគេឱ្យប្រាក់លើកទឹកចិត្តនោះ ដំបូងអ្នកស្រីអាចសប្បាយចិត្តដែរ។ ប៉ុន្តែបើគិតពិចារណាឱ្យវែងឆ្ងាយ អ្នកស្រីគ្រាន់តែធ្វើការ ដោយគោរពតាមតួនាទី ហេតុអ្វីគេឱ្យប្រាក់ថែម? ឬពលរដ្ឋគិតថា មន្ត្រីសាធារណៈ មានភាពខ្វះខាតខ្លាំង? តើប្រាក់ចំណូលរបស់មន្ត្រីសាធារណៈ ពុំអាចចំណាយគ្រប់គ្រាន់ សម្រាប់ជីវភាពប្រចាំថ្ងៃ? ហេតុអ្វីបានជា មន្ត្រីសាធារណៈរបស់រដ្ឋ ក្លាយជាមនុស្សគួរឱ្យអាណិត ក្នុងកែវភ្នែកពលរដ្ឋ? នេះគ្រាន់តែជាគំនិតរបស់អ្នកស្រី កន្និការ។
ការនៅតែផ្ដល់ប្រាក់ក្រៅផ្លូវការ ឱ្យមន្ត្រីសាធារណៈរបស់រដ្ឋ អាចទាញចិត្តមន្ត្រីទាំងនោះ ចេះតែមានចិត្តចង់បានបន្តទៀត។ អ្នកស្រីថា ពុំមែនគ្រប់មន្ត្រីទាំងអស់ ធ្វើបែបនោះឡើយ។ ប៉ុន្តែភាគច្រើន អាចធ្វើបែបនោះ ព្រោះមនុស្សមានភាពលោភលន់។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ក្នុងពិធីប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី១១ សីហា
នារីពាក់ក្រវិលរំយោលអង្កាំពណ៌សរូបនេះបន្ថែម៖«ពេលខ្លះគេមិនឱ្យ បែរជាគាត់(មន្ត្រី)បង្ហាញទឹកមុខមិនពេញចិត្ត ឬក៏ពន្យាពេលនៃដំណើរការការងារមួយ ឱ្យកាន់តែយូរជាងធម្មតា ក្រោមហេតុផលផ្សេងៗ។ មន្ត្រីដែលទទួលបានការឱ្យតម្លៃពីពលរដ្ឋ គួរអរគុណសម្រាប់សណ្ដានចិត្តនោះ ប៉ុន្តែគាត់គួរនិយាយថា គាត់មិនទទួលប្រាក់នោះទេ»។
ការបញ្ឈប់ការផ្ដល់ប្រាក់ក្រៅផ្លូវការ(ប្រាក់ទឹកចិត្ត) ដល់មន្ត្រីសាធារណៈរបស់រដ្ឋ គឺជាទង្វើមួយ ជំរុញឱ្យការងាររបស់មន្ត្រីសាធារណៈទាំងអស់ មានប្រសិទ្ធភាព។ ការណ៍នេះ ប្រជាពលរដ្ឋអាចចូលរួមបានយ៉ាងងាយស្រួល។ ការមិនទទួលប្រាក់ក្រៅផ្លូវការពីពលរដ្ឋ ជាសក្ខីភាពបញ្ជាក់ថា មន្ត្រីសាធារណៈរបស់រដ្ឋ គោរពតួនាទីរបស់ខ្លួន ដោយគុណតម្លៃខ្ពស់បំផុត៕
