ជាតិ
មគ្គទេសក៍ទេសចរណ៍ម្នាក់​អភិរក្ស «រ៉ឺម៉កកង់»ឡើងវិញ
19, Aug 2023 , 7:09 pm        
រូបភាព
 លោក បូរ សុភា ជាមួយនឹងរ៉ឺម៉កកង់ របស់លោក។
លោក បូរ សុភា ជាមួយនឹងរ៉ឺម៉កកង់ របស់លោក។
សៀមរាប៖ លោក បូរ សុភា ជាមគ្គទេសក៍ទេសចរណ៍ នៅខេត្តសៀមរាប។ ថ្មីៗនេះលោកបានជួសជុល និងដំឡើងរទេះមួយប្រភេទគឺ «រ៉ឺម៉កកង់» ឬ«រ៉ឺម៉កជើង» ដើម្បីដឹកទេសចរនៅរមណីយដ្ឋានអង្គរ និងផ្នែកខ្លះក្នុងខេត្តសៀមរាប។ លោកចង់ឃើញវត្តមានរទេះប្រភេទនេះ នៅកម្ពុជា ក៏ដូចជាចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងបង្កើតការងារឱ្យអ្នកភូមិ ។



តទៅនេះសូមប្រិយមិត្តទស្សនាវីដេអូសម្ភាសន៍រវាងលោក ស៊ុល រ៉វី និងលោក បូរ សុភា ដូចតទៅ៖


ជាអ្នកចូលចិត្តប្រមូលវត្ថុចាស់ៗ និងជាមគ្គទេសក៍ទេសចរណ៍តំបន់អង្គរ និងថ្នាក់ជាតិ លោក បូរ សុភា បានប្រមូល និងជួសជុល «រ៉ឺម៉កកង់» ឬ«រ៉ឺម៉កជើង»ឡើងវិញ ដើម្បីដឹកទេសចរណ៍នៅផ្នែកខ្លះនៃរមណីយដ្ឋានអង្គរ និងខេត្តសៀមរាប។ រ៉ឺម៉កកង់ ទាំងនោះត្រូវបានលោក សុភា យកវាមកពីបណ្ដាខេត្តនានា។ 
 
«រ៉ឺម៉កកង់» ជារទេះដឹកអ្នកដំណើរ ឬដឹកជញ្ជូនអ៊ីវ៉ាន់មួយប្រភេទ ដែលធ្លាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរកាលពីអតីតកាល។ រទេះប្រភេទនេះ គេឃើញលែងប្រើប្រាស់ ឬនៅខ្លះនៅតាមខេត្តមួយចំនួន ដោយសារយានយន្តដើរប្រេងឥន្ធនៈជំនួស។ 
 
ក្រោយបាត់បង់មួយរយៈកាលធំ មនុស្សមួយចំនួនលែងនឹកភ្នកដល់ ឯក្មេងៗជំនាន់ក្រោយខ្លះក៏មិនបានស្គាល់រទេះប្រភេទនេះដែរ។ ដោយខ្លាចបាត់បង់ដូច្នេះហើយ បុរសវ័យ៣៣ឆ្នាំរូបនេះ បានទៅប្រមូលទិញពីតាមបណ្ដាខេត្តមួយចំនួន ដូចជានៅតាមផ្ទះអ្នកភូមិ និងនៅកន្លែងលក់អេតចាយជាដើម។ បន្ទាប់មកយកវាមកជួសជុល និងដំឡើងអាគុយ ដើម្បីសម្រួលកម្លាំងអ្នកធាក់ តែរក្សាទ្រទ្រាយដើម។
 
ការយករទេះប្រភេទនេះមកប្រើប្រាស់ដឹកទេសចរនៅសៀមរាបឡើងវិញ ដោយសារលោកបារម្ភពីការបាត់បង់រទេះប្រភេទនេះ, ចង់ចូលរួមកាត់បន្ថយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈដែលបំពុលបរិស្ថាន និងលោកចង់ចូលរួមចំណែកបង្កើតការងារដល់ពលរដ្ឋក្នុងសហគមន៍លោក។ 
 
បច្ចុប្បន្នលោកមានរទេះប្រភេទនេះចំនួន៥គ្រឿង។ ប៉ុន្តែមានតែ២គ្រឿងប៉ុណ្ណោះ ដែលកំពុងដឹកទេសចរណ៍នៅផ្នែកខ្លះនៅតំបន់អង្គរ និងខេត្តសៀមរាប៕
 

Tag:
 ThmeyThmey
  រ៉ឺម៉កកង់
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com