កីឡាអន្តរជាតិ
អន្តរជាតិ
ទីបំផុត Messi ជួយ Miami លើកពាន Leagues Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ
20, Aug 2023 , 12:59 pm        
រូបភាព
វត្តមាន Lionel Messi ពិតជាបានជួយ Inter Miami លើកពាន Leagues Cup ដែលជាពានលើកដំបូងរបស់ក្រុមអាម៉េរិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយឈ្នះ Nashville ដោយបាល់កាត់ក្តីប៉េណាល់ទី។



នៅជំនួបវគ្គផ្តាច់ព្រ័ត្រ Leagues Cup នៅព្រឹកថ្ងៃទី២០ ខែសីហា Messi រកគ្រាប់បាល់នាំមុខឱ្យ Miami នៅនាទី​ ២៣ មុនពេល Fafa Picault រកគ្រាប់បាល់តាមស្មើឱ្យ Nashville នៅនាទី៥៧។ ដោយក្រុមទាំងពីរបញ្ចប់ក្នុងម៉ោងផ្លូវការ៩០នាទី ស្មើគ្នា ១-១ និងមិនតម្រូវឱ្យបន្ថែមម៉ោង ១៥នាទីពីរដង ទើបសម្រេចទាត់បាល់១១ម៉ែត្រតែម្តង។ Miami ឈ្នះក្រុមមកពីអាម៉េរិកដូចគ្នា Nashville ១០-៩។
  


វត្តមានរបស់ប្រធានក្រុមអាហ្សង់ទីន វ័យ៣៦ឆ្នាំ ចំនួន៧ប្រកួត បានជួយ Miami ឈ្នះពាន ពានរង្វាន់ CONCACAF Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។ Messi ត្រូវបានសហម្ចាស់ក្លិប Miami លោក David Beckham បញ្ចុះបញ្ចូលឱ្យទៅចូលរួមក្រុម ពីក្លិបយក្សបារាំង PSG នៅរដូវកាលថ្មីនេះ។
 
ភាពលេចធ្លោរបស់ Inter Miami កើតមានឡើងចាប់តាំងពីវត្តមានរបស់ Messi បើទោះសព្វថ្ងៃសមាជិកសំខាន់ដែលជួយអាហ្សង់ទីនលើកពាន FIFA World Cup ឆ្នាំ២០២២ ឈានដល់វ័យ៣៦ឆ្នាំទៅហើយក្តី។ បង្ហាញខ្លួនឱ្យ Miami សរុបទាំង៧លើក Messi រកបាន១០គ្រាប់៕
 



Tag:
 Lionel Messi
  Inter Miami
  Leagues Cup
© រក្សាសិទ្ធិដោយ thmeythmey.com