ជាតិ
សង្គមជាតិ
កំពង់ចម្លង២ទីតាំង នឹងត្រូវផ្អាកដឹកអ្នកដំណើរក្នុងថ្ងៃប្រជុំរដ្ឋសភា នៅថ្ងៃទី២១-២២ សីហា
20, Aug 2023 , 3:16 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ
រូបភាពពីហ្វេសប៊ុក កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ
ភ្នំពេញ៖ កំពង់ចម្លងកោះពេជ្រ-កោះនរា និងភ្នំពេញ-ជ្រោយចង្វារ នឹងត្រូវផ្អាកដំណើរការរយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែសីហា ដើម្បីសម្រួលចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃប្រជុំ និងបោះឆ្នោតរដ្ឋសភា អណត្តិទី៧។ នេះបើតាមសេចក្ដីជូនដំណឹងរបស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នៅថ្ងៃទី១៩ សីហា​។



ក្នុងពិធីបើកសម័យប្រជុំរដ្ឋសភា និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តចំពោះរដ្ឋាភិបាលអណត្តិទី៧ ថ្ងៃទី២១-២២ សីហា កំពង់ចម្លងកោះពេជ្រ-កោះនរា និងកំពង់ចម្លងភ្នំពេញ-ជ្រោយចង្វារ នឹងត្រូវផ្អាកដំណើរការ ចាប់ពីម៉ោង៥ព្រឹករហូតដល់បិទកម្មវិធី។ ចំណែកឯកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ត្រូវប្ដូរចំណតភ្នំពេញ ទៅចតខាងជ្រោយចង្វារវិញ។ 
 
ក្រៅពីកំពង់ចម្លងទាំង២នេះ កំណាត់ផ្លូវចំនួន៤ជុំវិញវិមានរដ្ឋសភា ក៏ត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្ន រយៈពេល២ថ្ងៃនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ដល់សមាជិកដែលចូលរួមកិច្ចប្រជុំ និងរក្សាសណ្ដាប់ធ្នាប់ក្នុងរាជធានីផងដែរ។ កំណាត់ផ្លូវទាំង៤នោះមានដូចជា កំណាត់ផ្លូវរដ្ឋសភា ចាប់រង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រហូតដល់ស្តុបស្ថានទូតរុស្ស៊ី។ កំណាត់ផ្លូវសម្ដេច ហេង សំរិន ចាប់ពីវិថីសម្ដេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា។ កំណាត់ផ្លូវលេខ៧៨ ចាប់ពីវិថីសម្ដេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា និងកំណាត់ផ្លូវបើកថ្មី ហៅផ្លូវ JICA ចាប់ពីវិថីទន្លេតូច រហូតដល់វិថីរដ្ឋសភា៕
 

Tag:
 ប្រជុំសភា
 កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com