FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួបផ្តាច់ព្រ័ត្ររវាងអង់គ្លេស-អេស្ប៉ាញ នឹងបំបែកកំណត់ត្រា World Cup នារី
20, Aug 2023 , 4:09 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស និងអេស្បាញ ត្រូវតតាំងគ្នានៅវគ្គផ្តាច់ព្រ័ត្រ FIFA Women’s World Cup ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី ២០ ខែសីហា វេលាម៉ោង ៥ល្ងាច [ម៉ោងនៅកម្ពុជា]។ ជំនួបទាំងពីរ នឹងបំបែកកំណត់ត្រាមានអ្នកចូលទស្សនាច្រើនទាំងផ្ទាល់ ទូរទស្សន៍ និងបង្កើនក្តីសង្ឃឹមនៃការកើនឡើងការចាប់អារម្មណ៍ការប្រកួតរបស់ស្ត្រី។



World Cup នារីដែល​រៀបចំ​ដោយ​សហម្ចាស់ផ្ទះ​អូស្ត្រាលី និង​នូវែលសេឡង់ ជាព្រឹត្តិការណ៍បាល់ទាត់ពិភលោកទី​៩​។ World Cup នារីឆ្នាំ២០២៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយអង់គ្លេស និងអេស្ប៉ាញត្រូវប្រជែងគ្នា ក្រោយស៊ុយអែតដណ្តើមបានចំណាត់ថ្នាក់ទី៣ក្រោយឈ្នះអូស្ត្រាលី ២-០ នៅថ្ងៃទី១៩ ខែសីហា។
 
ជំនួបរវាងអង់គ្លេស និងអេស្ប៉ាញ ត្រូវបានគេជឿជាក់ថានឹងទទួលបានអ្នកទស្សនាច្រើនជាកំណត់ត្រាក្នុងព្រឹត្តិការណ៍ World Cup នារី
នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងម្ចាស់ផ្ទះអូស្ត្រាលីទល់អង់គ្លេស បានទាក់ទាញអ្នកទស្សនាជាមធ្យម ៧,១៣លាននាក់លើកញ្ចក់ទូរទស្សន៍ក្នុងស្រុក Seven Network ដែលជាចំនួនអ្នកទស្សនាខ្ពស់បំផុតមិនធ្លាប់មាន។ ចំនួននេះ ត្រូវបានកត់ត្រាដោយក្រុមហ៊ុនស្រាវជ្រាវ OzTAM ដែលមានមូលដ្ឋាក្នុងក្រុងស៊ីដនី។
 
ការប្រកួត World Cup នារីកាលពី៤ឆ្នាំមុននៅបារាំង បានទាក់ទាញអ្នកគាំទ្រច្រើនជាង ១,១លាននាក់ សរុបពីការប្រកួតសរុបទាំង ៥២លើក ដោយគិតជាមធ្យម ២១,៧៥៦នាក់ក្នុងមួយប្រកួត។ នេះមានន័យថា នៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២៣ បានបំបែកអ្នកទស្សនាលើសឆ្នាំ២០១៩ ដល់ទៅ៧ដងរួចទៅហើយ។
 
អ្វីដែលពិសេសជាងនេះទៅទៀតនោះ ការប្រកួត World Cup 2023 មានតម្លៃប្រាក់រង្វាន់រហូតល់ ១១០លានដុល្លារច្រើនជាង ៣ដង បើធៀបទៅនឹងឆ្នាំ២០១៩ និងដប់ដងបើធៀបទៅឆ្នាំ ២០១៥​។
 
ច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានផ្តល់ប្រាក់រង្វាន់ដល់ក្រុមនារី ដែលបង្ហាញខ្លួននៅ World Cup ឆ្នាំ២០២៣ ដូចខាងក្រោម៖ ក្រុមធ្លាក់នៅវគ្គចែកពូលទទួលបានម្នាក់៣ម៉ឺនដុល្លារ ធ្លាក់វគ្គ១៦ក្រុមបាន៦ម៉ឺនដុល្លារ វគ្គ៨ក្រុមបាន៩ម៉ឺនដុល្លារ ក្រុមទទួលបានចំណាត់ថ្នាក់លេខ៤ បាន១៦៥០០០ដុល្លារ លេខ៣ បាន១៨ម៉ឺនដុល្លារ រងជើងឯក បាន១៩៥០០០ដុល្លារ និងក្រុមជើងឯក បានម្នាក់២៧ម៉ឺនដុល្លារ។
 
ជំនួបផ្តាច់ព្រ័ត្រ អង់គ្លេស-អេស្ប៉ាញ ត្រូវបានអ្នកជំនាញវិភាគកីឡាបាល់ទាត់ មើលឃើញថា នឹងជួយបង្កើនឱ្យមានអ្នកចូលរួមទស្សនាការប្រកួតកីឡានារី កាន់តែច្រើនឡើងថែមទៀតចាប់ពីពេលនេះទៅ៕
 

Tag:
 FIFA Women’s World Cup
© រក្សាសិទ្ធិដោយ thmeythmey.com