កីឡាអន្តរជាតិ
ជាតិ
AFF U23៖ កម្ពុជាត្រូវការឈ្នះ ថៃ ឬពឹងលទ្ធផលឈ្នះរបស់ព្រុយណេលើមីយ៉ាន់ម៉ា ដើម្បីឡើងវគ្គ១/២
21, Aug 2023 , 4:29 pm        
រូបភាព
ការប្រកួតរវាង កម្ពុជា និងមីយ៉ាន់ម៉ា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ការប្រកួតរវាង កម្ពុជា និងមីយ៉ាន់ម៉ា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ត្រូវការឈ្នះម្ចាស់ផ្ទះថៃ ឬលទ្ធផលឈ្នះរបស់ព្រុយណេលើមីយ៉ាន់ម៉ាជាដាច់ខាត នៅជំនួបចុងក្រោយពូល A ដើម្បីបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF Championship U23 ឆ្នាំ២០២៣។

 
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍ AFF U23 ឈានដល់ការប្រកួតចុងក្រោយរបស់ក្រុម U23 កម្ពុជា ក្នុងវគ្គសន្សំពិន្ទុ។ ក្នុងពូល A កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២ ដោយឈ្នះ ព្រុយណេ និងស្មើជាមួយ មីយ៉ាន់ម៉ា ខណៈថៃឈរ១បណ្តោះអាសន្នមាន៦ពិន្ទុ។ ដើម្បីក្លាយជាក្រុមកំពូលតារាង ឬលេខ ២ល្អជាងគេ ក្នុងចំណោមពូលទាំង៣ កម្ពុជា ដាច់ខាតត្រូវឈ្នះ ម្ចាស់ផ្ទះថៃ ប្រសិនជាព្រុយណេ មិនអាចយកឈ្នះ លើមីយ៉ាន់ម៉ាបាន។ ដោយឡែកបើព្រុយណេ អាចឈ្នះមីយ៉ាន់ម៉ា នោះកម្ពុជាអាចបានកៅទៅវគ្គបន្ត ទោះចាញ់ថៃ។
 
ការប្រកួតចុងក្រោយរបស់កម្ពុជា ទល់ថៃ ក្នុងវគ្គស​ន្សំពិន្ទុពូល A នឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែសីហា វេលាម៉ោង ៨:០០យប់ ស្របពេលគ្នានាជំនួបរវាងព្រុយណេ និងមីយ៉ាន់ ដែលជាប្រកួតបង្គ្រប់កិច្ច។ ឆ្លងកាត់២ប្រកួតពូល A រួចមក ថៃ មាន៦ពិន្ទុ, កម្ពុជា៤ពិន្ទុ, មីយ៉ាន់ម៉ា១ពិន្ទុ និងព្រុយណេ ០ពិន្ទុ។ ក្នុងពូល A មិនគិតពិន្ទុចំពោះការប្រកួតជាមួយក្រុម ដែលអន់ជាងគេ ឬក្រុមបាតតារាងទេ។
 
 រីឯ ពូល B មាន ម៉ាឡេស៊ី (៣ពិន្ទុ), ឥណ្ឌូណេស៊ី (៣ពិន្ទុ) និងទីម័រខាងកើត (០ពិន្ទុ)។ ទីម័រខាងកើត និងប៉ះម៉ាឡេស៊ី ១ប្រកួតទៀត។ ពូល C វៀណាម (៣ពិន្ទុ), ហ្វីលីពីន (១ពិន្ទុ) និងឡាវ (១ពិន្ទុ) ដោយវៀណាម ត្រូវប៉ះ ហ្វីលីពីន ១ប្រកួតចុងក្រោយ។
 
ក្នុងពូលទាំង៣ ក្រុមលេខ២បណ្តោះអាសន្ន មានកម្ពុជា ពូល A, ឥណ្ឌូណេស៊ី ពូល B និង ហ្វីលីពីន ពូល C។ គិតតាមលទ្ធផលបណ្តោះអាសន្ន លេខ២ល្អបំផុត ដែលមានភាគរយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រច្រើនជាងគេ គឺឥណ្ឌូណេស៊ី ដោយមាន ៣ពិន្ទុស្មើជាមួយ ក្រុមលេខមួយ ម៉ាឡេស៊ីដែលសល់១ប្រកួតក្នុងដៃ។ ប៉ុន្ដែ កម្ពុជា ក៏នៅមានឱកាស ២ ក្នុងការឡើងទៅវគ្គបន្ទាប់។ ឱកាសទីមួយ ប្រសិនជា ព្រុយណេ យកឈ្នះ លើក្រុមមីយ៉ានម៉ា នោះ ការឈ្នះរបស់កម្ពុជា លើក្រុមព្រុយណេ ក្នុងលទ្ធផល ៥-០ នឹងត្រូវបានគិតពិន្ទុ ហើយចំពោះការប្រកួតរបស់កម្ពុជា ជាមួយមីយ៉ាន់ម៉ា ស្មើក្នុងលទ្ធផល ១-១ នឹងមិនត្រូវគិតទេ។ ដូច្នេះកម្ពុជា នឹងក្លាយជាក្រុមទី២ ល្អជាងគេក្នុងពូលទាំង៣ ដោយមិនចាំបាច់គិតលទ្ធផលប្រកួតទល់ថៃ។
 
ចំណែកឱកាសទី២ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ កម្ពុជា ត្រូវពឹងលើសមត្ថភាពខ្លួនឯង យកឈ្នះ លើម្ចាស់ផ្ទះថៃ ដើម្បីឈរលេខ១ នៅក្នុងពូល A តែម្តង។ ប្រសិនជាស្មើ កម្ពុជា ក៏មិនអាចឡើងដែរ លើកលែងតែ ព្រុយណេ យកឈ្នះ មីយ៉ាន់ម៉ា។
 
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិថៃអាយុក្រោម ២៣ឆ្នាំ ត្រូវស្វាគមន៍ កម្ពុជា ក្នុងពូល A នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន PTT Rayong វេលាម៉ោង ៨:០០ យប់ ស្រប​ពេល  ព្រុយណេ ជួបជាមួយ មីយ៉ាន់ម៉ា នៅកីឡដ្ឋានខេត្ត Rayong៕
 

Tag:
 បាល់ទាត់
  AFF U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com