ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
កញ្ញា ឆែម ស្រីគា ជ្រើសយកសួនច្បារជាទីតាំងជំរុញការអានសៀវភៅ
22, Aug 2023 , 1:59 pm        
រូបភាព
ភ្នំពេញ៖ កញ្ញា ឆែម ស្រីគា កំពុងចូលរួមចំណែកជំរុញការអានសៀវភៅដល់​សាធារណ​ជន តាមរយៈសកម្មភាពមួយឈ្មោះថា «សួនអំណាន»។ «សួនអំណាន» គឺការអាន​សៀវភៅ​នៅសួនសាធារណៈ។ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ កញ្ញា ឆែម ស្រីគា បានយកសៀវភៅ​ចម្រុះប្រភេទដែលខ្លួនសន្សំ និងខ្លះបានពីការបរិច្ចាគ ទៅឱ្យសាធារណជនអាន នៅសួន​មុខ​វត្ត​បទុម​វតី ​រាជ​ធានី​ភ្នំពេញ​ ។ គោលបំណងចម្បងរបស់«សួនអំណាន» គឺជំរុញការអាន និងចង់បង្ហាញថា ការអានសៀវភៅ អាចប្រព្រឹត្តទៅបាននៅគ្រប់ទីកន្លែង។ លើសពីនេះ យុវតី ឆែម ស្រីគា ក៏សង្ឃឹម​ថា​សកម្ម​ភាព​នេះ នឹង​ជួយ​ដល់​អ្នក​ខ្វះ​លទ្ធភាព​ទិញ​សៀវ​ភៅ​ ​មាន​ឱកាស​​អាន​​សៀវ​ភៅ​បាន​ច្រើន​ ដើម្បី​ពង្រីក​ចំណេះ​ដឹង​។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទយកការណ៍ដែលរៀបចំដោយ កញ្ញា ប៉ូ សាគុន នៃសារព័ត៌មានឌីជីថលថ្មីៗដូចតទៅ៖
 

កើត​ក្នុង​គ្រួសារ​​​មាន​ជីវភាព​​មិន​សូវ​ធូរធារ​ កញ្ញា ឆែម ស្រីគា ពុំ​​​មាន​លទ្ធភាព​ទិញ​សៀវ​ភៅ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ ​នៅថ្នាក់​​វិទ្យា​ល័យ​ឡើយ​​។ ការ​ណ៍​នោះ​ជា​ដើម​ហេតុ​ នាំ​​ឱ្យ​នាង​បង្កើត​សួន​អំណាន​ ​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ខ្វះ​ខាត​ដូច​ជា​នាង អាច​មាន​សៀវ​ភៅ​អាន​ ដោយ​មិន​គិត​ថ្លៃ និង​សម្បូរ​បែប​។
 
ដើម្បី​មាន​​សៀវ​ភៅ​​ស្រាវ​ជ្រាវ​ សម្រាប់​ការ​សិក្សា​របស់​ខ្លួន​ ស្រីគា ត្រូវខំ​​សន្សំ​ប្រាក់​​យក​ទៅ​ទិញពួក​វា​ និង​ខ្ចី​មិត្ត​ភក្ដិខ្លះ​​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​មិន​គ្រប់​គ្រាន់​សម្រាប់​ឱ្យ​នាង សិក្សា​ពេញ​ឆ្នាំ​សិក្សា ​នៅ​ថ្នាក់​វិទ្យា​ល័យ​ឡើយ​។ លុះ​បាន​​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​បរិញ្ញា ស្រីគា កើត​គំនិត​​បង្កើត​សួន​អំណាន នៅ​សួន​សាធារណៈ ដើម្បី​​ផ្ដល់​សៀវ​ភៅ​​ឱ្យ​សាធារណជន​ អាន​ដោយ​មិន​គិត​ថ្លៃ​។
 
មាន​សម្បុរ​ស្រអែម​ស្រស់កញ្ញា​ ឆែម ស្រីគា គឺ​ជា​នារី​វ័យ​​២១​ឆ្នាំ ដែល​មក​ពី​ខេត្ត​ប៉ៃ​លិន​។ កាល​នៅ​រៀន​ថ្នាក់​វិទ្យា​ល័យ ស្រី​គា ពិត​ជា​ពិបាក​ស្វែង​រក​សៀវ​ភៅ​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ណាស់​។ នាង​ពុំ​មាន​ប្រាក់​ទិញ​សៀវ​ភៅ​ឡើយ​។
 
ដើម្បី​បាន​សៀវ​ភៅ​អាន​ នារីមុខ​មូល​​ញញឹម​ស្រស់​រូប​នេះ ត្រូវ​ទៅ​ខ្ចី​សៀវ​ភៅ​​នៅ​បណ្ណា​ល័យ​។​ ប៉ុន្តែ​បណ្ណាល័យ​ ​អនុញ្ញា​ត​ឱ្យ​នាង​យកមក​ផ្ទះ​បាន​តែ​ប្រមាណ ៣​ឬ​​៤​ថ្ងៃ​ប៉ុណ្ណោះ​ ដែល​វា​ពុំ​អាច​គ្រប់​គ្រាន់ឡើយ​​ ដើម្បី​ឱ្យ​នាង​​អាន​ និងសិក្សា​ស្រាវ​ជ្រាវ​​​។
 
ដោ​យ​សារ​តែ​ភាព​ពិបាក​ស្វែង​រក​សៀវ​ភៅ​អាន កាល​ពី​អតីត​​នោះ​ហើយ បាន​ជំរុញ​ចិត្ត​នាង​បង្កើត​សួន​អំណាន​ឡើង​ ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ខ្វះ​ខាត​ដូច​ជា​នាង​។ ស្រី​គា សង្ឃឹម​ថា​សកម្ម​ភាព​នេះ នឹង​ជួយ​ដល់​អ្នក​ខ្វះ​លទ្ធភាព​ទិញ​សៀវ​ភៅ​ អាច​មាន​ឱកាស​​អាន​​សៀវ​ភៅ​បាន​ច្រើន​ ដើម្បី​ពង្រីក​ចំណេះ​ដឹង​។ 
 
ស្រីគា បន្ថែម​៖«កាល​​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​​ខ្ចី​សៀវ​ភៅ​ពី​បណ្ណាល័យ​ម្ដង ​បាន​តែ៣​ថ្ងៃប៉ុណ្ណោះ​ ដូច្នេះ​ខ្ញុំ​ពិបាក​ក្នុង​ការ​ស្រាវ​ជ្រាវ​។ ខ្ញុំ​​​ខ្ចី​មិត្តខ្លះ និង​សន្សំ​ប្រាក់​ទៅ​ទិញ​ខ្លះ ​ប៉ុន្តែ​មិន​បាន​ច្រើន​ទេ ព្រោះ​ខ្ញុំ​ខ្វះ​ខាត»​។
 
រហូត​មក​ដល់​ពេល​នេះ សួន​អំណាន​ បាន​ពង្រីក​ទីតាំង​ចំនួន​៤​ខេត្ត​ និង​១រាជ​ធានី។ ទី​តាំង​ដំបូងដែល​បាន​អនុវត្តន៍​ គឺ​នៅ​ខេត្ត​​ប៉ៃលិន ដែល​ជា​ខេត្ត​កំណើតរបស់​ ស្រី​គា​ តែ​ម្ដង​។ ក្រៅ​ពី​នោះ មាន​សួន​អំណាន​ នៅ​ភ្នំពេញ កំពង់​ចាម​ និង​សៀម​រាប​។ ហើយ​នៅ​ខែ​សីហា​នេះ សួន​អំណាន​ នឹង​ពង្រីក​ទៅ​ដល់​ខេត្ត​បាត់​ដំបង​។ ចំពោះ​ខេត្ត​គោល​ដៅ​បន្ទាប់​ គឺ​ខេត្ត​កណ្ដាល​។ ​
 
សៀវ​ភៅ​ដែល​ដាក់​ឱ្យ​សារធារណជន​​អាន មានសៀវ​ភៅ​​បែ​ប​​ទស្សនៈ​វិជ្ជា​ និង​​បែប​លើក​ទឹក​ចិត្តភាគ​ច្រើន​។ ចំណែក​សៀវ​ភៅ​នយោបាយ​ និង​សេដ្ឋកិច្ច​មាន​តិច​តួច​។ ក៏​មាន​សៀវ​​ភៅ​ប្រលោម​​លោក​ដែរ ដែល​ជា​ស្នាដៃរបស់​អ្នក​និពន្ធ​​ជំនាន់​មុន​និង​បច្ចុប្បន្ន​។ សៀវ​ភៅ​ទាំង​នោះ មាន​ទាំង​សម្រាប់​កុមារនិង​យុវជន​។ 
 
ជា​ទូទៅ​​សួន​អំណាន​ ទទួល​បាន​សៀវ​ភៅ​ពី​សប្បុរស​ជន​ តាម​រយៈ​​​ការ​ប្រកាស​តាម​ហ្វេសប៊ុក​ផេក​​។ ក៏​មាន​សៀវ​ភៅ​របស់​ ស្ថាបនិកា បាន​សន្សំ​ទុក​ដែរ​។ យូរ​ៗ​ម្ដង​នៅ​ពេល​ដែល​ត្រូវ​ការ​សៀវ​ភៅ​ខ្លាំង ហើយ​​ពុំ​​សូវ​មាន​ការ​ចូល​រួម​​ពី​សាធារណជន ស្រីគា ក៏​ស្នើ​សុំ​ទៅ​អ្នក​និពន្ធ​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ វិធី​នេះ​​ពុំ​សូវ​ប្រើ​ឡើយ​​។
 
«មាន​ផល​វិបាក​ខ្លះ​ដែរ ពេល​ត្រូវ​ការ​សៀវ​ភៅ​ខ្លាំង មិន​សូវ​មាន​អ្នក​ចូល​រួម​។ ប៉ុន្តែ​ពេល​មិន​សូវ​ត្រូវ​ការ បែរ​ជា​មាន​អ្នក​ចូល​រួម​ច្រើន​វិញ​។ ត្រូវ​ការ​សៀវ​ភៅ​ច្រើ​នពេល​ចុះ​ទៅ​បើក​សួន​នៅ​ខេត្ត។ តែ​ត្រូវ​ការ​តិច​តួច​នៅ​រាជ​ធានី ព្រោះ​​ទី​នេះ​មាន​អ្នក​ឧបត្ថម្ភ​​ច្រើន​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ ស្រីគា។
 
ផ្ដោត​តែ​សួន​អំណាន​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ​សួន​មុខ​វត្ត​បទុម​វតី អាច​​មាន​អ្នក​​អាន​ចន្លោះ​ពី​៥០​ទៅ​៧០​នាក់​​ក្នុង​មួយ​ថ្ងៃ​ ដោយ​មាន​ចាប់​ពី​អាយុ​១០​ឆ្នាំ​ដល់​៨០​ឆ្នាំ​​។ អ្នក​អាន​ភាគ​ច្រើន ចូល​ចិត្ត​អាច​សៀវ​ភៅ​ ​បែប​​លើក​ទឹក​ចិត្ត​ ​ដែល​មាន​អាយុ​ចាប់​ពី​​១៥​ឆ្នាំ​​ដល់​​៣០​ឆ្នាំ​។ 
 
យុវតីដែល​​យល់​តម្លៃ​នៃ​ការ​អប់​រំ និង​ចាប់​ផ្ដើម​ចូល​ចិត្ត​អាន​សៀវ​ភៅ​ខ្លាំង​ ក្នុង​អំឡុងឆ្នាំ​២០១៨​​​រូប​នេះ ថា​​ការ​អាន​សៀវ​ភៅ​ មិន​ប្រកាន់​ទី​តាំង​ឡើយ ពោល​គឺ​អាន​នៅ​ទី​ណា​ ​ក៏​អាច​​ទទួលបាន​​ចំណេះ​ដឹង​ដែរ។ នាង​ស្នើ​សុំ​សាធារណជន បញ្ឈប់​គំនិត​​​ថា​ ការ​អាន​សៀវ​ភៅ​នៅ​ទី​សាធារណៈ គឺ​ជា​រឿង​ដែរ​ជោរ​តាម​គ្នា​ ឬ​គ្រាន់​តែ​ជា​ការ​សម្ដែង​ ដើម្បី​ទាញ​ចំណាប់​អារម្មណ៍ ​ពី​អ្នក​​ដើរ​​តាម​សួន​បន្ត​ទៀត​​។ បន្ថែម​ពី​នោះ​ នារី​មាន​បង​ប្អូន​៥​នាក់​រូប​នេះ ក៏​បាន​ស្នើ​សុំ​ដល់​សាធារណជន ដែលមាន​​សៀវ​ភៅ ហើយ​ឈប់​ប្រើ​ប្រាស់​​ សូម​ផ្ដល់​សៀវ​ភៅ​ទាំង​នោះ ទៅ​​សួន​អំណាន​​ នៅ​ភ្នំពេញ​ផង​ដែរ​។ 
 
អ្នក​ប៉ៃលិន​ បន្ថែម​៖«ខ្ញុំ​ចង់​សំណូម​ពរ​ដល់​បង​ប្អូ​ន​ទាំង​អស់គ្នា ប្រសិន​មាន​សៀវ​ភៅ តែ​ទុក​ចោល ឬ​ជា​សៀវ​ភៅ​ចាស់ អាច​បរិចា្ចគ​មក​សួន​អំណាន​នៅ​ភ្នំពេញ​បាន​ ព្រោះ​យើង​ទទួល​សៀវ​ភៅ ដោយ​មិន​គិត​ថា​ចាស់ ឬ​មាន​សភាព​បែប​ណា​ទេ គឺ​ពួក​យើង​ទទួល​ទាំង​អស់»​។ 
 
សូម​បញ្ជាក់​ថា សួន​អំណាន​ភ្នំពេញ​ បើក​ឱ្យ​សាធារណជន​អាន​សៀវ​ភៅ​ នៅ​ថ្ងៃ​សៅរ៍ ​និងថ្ងៃ​​អាទិត្យ​ ចាប់​ពី​ម៉ោង​៥​ល្ងាច​ ដល់ម៉ោង​​៧​យប់។ ការ​ជ្រើស​រើស​ពេល​វេលានេះ ដោយ​សារ​ចំពេល​ទំនេរ​ ពី​ការ​សិក្សា និង​ការ​ងារ​​របស់ ស្រីគា ផ្ទាល់​។ ​ម្យ៉ាង​ជាថ្ងៃ​ឈប់​សម្រាក​​ របស់​សាធារណជន​​ និង​ជា​ពេល​ត្រជាក់​ល្អ​ សម្រាប់​ការ​អាន​។ សួន​អំណាន​នេះ អាច​​មិន​មាន​វត្តមាន តាម​ថ្ងៃ​កំណត់​ខាង​លើ ដោយ​សារ​​ស្ថាបនិកា​ រវល់​ចុះ​ខេត្ត​​ មើល​ការ​ងារ​សួន​អំណាន​នៅ​ទី​នោះ​។ ​យ៉ាង​ណា​ក៏​ដោយ ប្រសិន​មាន​ការ​ខក​ខាន​ ទំព័រ​ហ្វេស​ប៊ុក​ផេក​ សួន​អំណាន​ភ្នំពេញ នឹង​ជូន​ដំណឹង​​ជា​មុន​៕
 

Tag:
 សៀវ​ភៅ
  អំណាន
  សួន​អំណាន
  បណ្ណាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com