ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន រំពឹងថា រដ្ឋាភិបាលថ្មី នឹងអភិវឌ្ឍន៍ប្រទេសបានល្អ និងល្បឿនលឿនជាងជំនាន់សម្ដេច
22, Aug 2023 , 10:45 am        
រូបភាព
ពីសន្និសីទកាសែតនៅវិមានរដ្ឋសភា ប្រមុខគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន ជឿជាក់ថា រដ្ឋាភិបាលថ្មី នាអាណត្តិទី៧នេះ នឹងអភិវឌ្ឍន៍ប្រទេសបានល្អ ហើយមានល្បឿនលឿនជាងមុន ដោយសារពួកគេសុទ្ធតែជាបញ្ញវ័ន្ត វ័យក្មេង ដែលមានសក្ដានុពល។



«បើមិនទុកចិត្តគេទេ យើងកុំឱ្យគេធ្វើអី»។ នេះជាការឆ្លើយតបរបស់សម្ដេច ហ៊ុន សែន ទៅកាន់សំនួររបស់អ្នកសារព័ត៌មាន ជុំវិញការផ្ដល់ឱកាសឱ្យអ្នកជំនាន់ក្រោយ ដែលសុទ្ធតែជាយុវជនវ័យក្មេង។
 
សម្រាប់សម្ដេច ហ៊ុន សែន ការផ្ដល់ឱកាសឱ្យយុវជនបន្តវេននេះ ដោយសារសម្ដេចមើលឃើញពួកគេសុទ្ធតែជាមនុស្សមានសក្ដានុពល និងមានគំនិតច្នៃប្រឌិតថ្មី ដែលដើរទាន់សម័យបច្ចេកវិទ្យាឌីជីថល។ ក្នុងន័យនេះសម្ដេច ហ៊ុន សែន បានលើកជាទឡ្ហីករណ៍ជាក់ស្ដែងថា មន្ត្រីចាស់ៗជំនាន់សម្ដេច ដ្បិតមានសមត្ថភាពមែន ប៉ុន្តែមិនទាន់អាចធ្វើការងារបែបទំនើបកម្ម តាមឌីជីថលបានដូចក្រុមយុវជននេះឡើយ។ ត្រង់ចំណុចនេះ ប្រមុខបក្សកាន់អំណាច បានបន្ថែមថា រាល់ពេលបំពេញការងារដល់យប់ជ្រៅម្ដងៗ គឺមានតែមន្ត្រី២ ទៅ៣ នាក់ប៉ុណ្ណោះ ដែលអាចធ្វើការជាមួយសម្ដេចបាន ព្រោះមន្ត្រីចាស់ៗផ្សេងទៀត គាត់ត្រូវការសម្រាក។ សម្ដេច យល់ត្រង់ចំណុចនេះ ទើបមិនរំខានដល់ដំណេក និងពេលវេលាសម្រាករបស់មន្ត្រីចាស់ៗទាំងនោះទេ។
 
មូលហេតុនេះហើយ ទើបជាហេតុផលមួយទៀត ដែលសម្ដេច រៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មី សម្រាប់អ្នកបន្តវេន។ «ខ្ញុំមានការរំពឹងទុកយ៉ាងខ្ពស់ថា ជាមួយម្ខាងលើសេចក្តីទុកចិត្ត ប៉ុន្តែសមត្ថភាពកម្លាំងពលំរបស់ពួកគេ និងសមត្ថភាពបច្ចេកវិទ្យារបស់គេ អាចនឹងជំរុញល្បឿននៃការអភិវឌ្ឍបានខ្ពស់ ។ និយាយដូច្នេះខ្ញុំមិនបន្ទោសបង្អាប់មន្ត្រីរដ្ឋាភិបាលអាណត្តិចាស់ទេ ព្រោះតម្រូវការនៅពេលនោះ យើងមានតម្រូវការដូច្នេះ»។ នេះជាការលើកឡើងរបស់អតីតនាយករដ្ឋមន្រ្តី ជាង៣៨ឆ្នាំ ដែលបានបន្ថែមថា វ័យរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មីនេះ អាចធ្វើការដោយល្បឿនលឿនស្របតាមសេដ្ឋកិច្ចឌីជីថល ជាងជំនាន់សម្ដេច។
 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com