កីឡាជាតិ
ជាតិ
ទោះធ្លាក់ពី AFF U23 តែលោក Felix នៅតែជឿជាក់ក្រុមកម្ពុជានឹងធ្វើបានល្អនៅប្រកួតក្រោយៗ
22, Aug 2023 , 3:09 pm        
រូបភាព
ការប្រកួតក្រុមជម្រើសជាតិកម្ពុជា និងក្រុមថៃ ក្នុងព្រឹត្តិការណ៍ AFF U23 Championship រូបពី FFC
ការប្រកួតក្រុមជម្រើសជាតិកម្ពុជា និងក្រុមថៃ ក្នុងព្រឹត្តិការណ៍ AFF U23 Championship រូបពី FFC
បន្ទាប់ពីហាលអាវត្រឹមវគ្គសន្សំពិន្ទុ ព្រឹត្តិការណ៍ AFF U23 Championship 2023 លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នៅតែបង្ហាញមហិច្ឆតាចង់ឈ្នះក្រុមខ្លាំងជាងខ្លួន និងជឿថានៅប្រកួតក្រោយៗ កម្ពុជា នឹងធ្វើបានល្អជាងនេះ។



ក្រុមម្ចាស់ផ្ទះ ជម្រើសជាតិថៃអាយុក្រោម ២៣ឆ្នាំ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2023 បន្ទាប់ពីឈ្នះកម្ពុជានៅប្រកួតចុងក្រោយ ក្នុងវគ្គសន្សំពិន្ទុ ក្នុងពូល A លទ្ធផល ២-០ នៅកីឡដ្ឋាន PTT Rayong នាថ្ងៃទី២១ ខែសីហា។ 
 
លោក Felix Dalmas ជឿច្បាស់ក្នុងវិស័យបាល់ទាត់ ការជួបជាមួយក្រុម ដែលមានសមត្ថភាពខ្លាំង គឺជារឿងជៀសមិនផុត។ ប៉ុន្ដែ គ្រូបង្វឹករូបនេះ ឃើញថា កីឡាករកម្ពុជាម្នាក់ៗ សុទ្ធតែមានឆន្ទៈ និងការព្យាយាមអស់ពីសមត្ថភាព ដើម្បីជ័យជម្នះ។ គ្រូបង្វឹកវ័យ ៣៥ឆ្នាំរូបនេះ បន្ដទៀតថា ប្រសិនជាកីឡាករ បន្ដឆន្ទៈ ដ៏ខ្លាំងក្លា និងប្រឹងប្រែងបន្ថែមទៀត ក្រុមជម្រើជាតិកម្ពុជា​ នឹងធ្វើបានល្អ ចំពោះការប្រកួតលើកក្រោយទៀត។ 
 
យោងលើវេបសាយ AFF លោក Felix Dalmas បាននិយាយដូច្នេះថា៖«ការចង់ឈ្នះ និងការព្យាយាម ប្រកួតជាមួយក្រុមខ្លាំងជាងយើង គឺត្រូវតែឆ្លងកាត់ ប៉ុន្ដែ យើង នឹងធ្វើបានល្អជាងនេះ នៅពេលក្រោយទៀត។»។
 
ចំពោះការប្រកួតនេះ គ្រាប់បាល់ទី១ របស់ម្ចាស់ផ្ទះ ត្រូវបានអ្នកចាំទីកម្ពុជា កីឡាករ សុខ លីហេង ចាប់បាល់ភ្លាត់ រួចក៏របូតចូលទីខ្លួន នៅនាទី៥០ និងគ្រាប់ទី២ នៅនាទី៨០ ដោយកីឡាករថៃ Nethithorn Kaewcharoen ស៊ុតនៅក្នុងតំបន់គ្រោះថា្នក់។
 
ទន្ទឹមពេលជាមួយគ្នា ក្នុងពូល A ដដែរនេះ មីយ៉ាន់ម៉ា ក៏បានយកឈ្នះ លើព្រុយណេ ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋានខេត្ត Rayong។ ក្នុងពូល A ក្រុមថៃ គឺជាក្រុមតែមួយ ដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចំណែក កម្ពុជា, មីយ៉ាន់ម៉ា និងព្រុយណេ ត្រូវចប់ភារកិច្ចប្រកួត៕
 

Tag:
 បាល់ទាត់
  AFF U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com