កីឡាជាតិ
ជាតិ
យុទ្ធគុនចម្រុះកម្ពុជា ឈ្នះមេដាយសំរឹទ្ធ២ពីការប្រកួតជើងឯកអាស៊ីនៅប្រទេសថៃ
22, Aug 2023 , 6:59 pm        
រូបភាព
កីឡាករ មាស ម៉ើ (ខោខៀវ) ក្នុងពិធីបំពាក់មេដាយ។ រូបពី ជឹម ធារ៉ា
កីឡាករ មាស ម៉ើ (ខោខៀវ) ក្នុងពិធីបំពាក់មេដាយ។ រូបពី ជឹម ធារ៉ា
ដោយ:
អត្តពលិកកីឡាយុទ្ធគុនចម្រុះជម្រើសជាតិកម្ពុជា ទទួលបានមេដាយសំរឹទ្ធ២ ក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី១ ឆ្នាំ២០២៣ នាំឱ្យកម្ពុជាឈរលំដាប់ទី៨ ក្នុងចំណោមប្រទេសទាំង១៩ ក្នុងតំបន់អាស៊ី ខណៈការប្រកួតបានបញ្ចប់ទៅនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ។

 
កីឡាករ ធាន អាត លេងលើវិញ្ញាសា Modern MMA male -60kg ទទួលបានមេដាយសំរឹទ្ធ១ ក្រោយបរាជ័យក្រោមថ្វីដៃកីឡាករមកពីប្រទេសចិន និងកីឡាករ មាស ម៉ើ លេងលើវិញ្ញាសា Traditional MMA male -77kg ក្រោយចាញ់កីឡាករចិន។
 
ក្នុងការប្រកួតនោះដែរមន្ត្រីអាជ្ញាកណ្ដាលរបស់កម្ពុជា ៥រូបរួមមានលោក សេង ប៊ុនសុង, លោក ហ៊ុន ច័ន្ទរាជ្យ, លោក ជឹម ធារ៉ា, លោក ជា វ៉ាន់សាន្ត និងលោក ស៊ុន ចាន់បូរ៉ី ដែលបានប្រលងជាប់ជាមន្រ្តី "AMMA Judge C" ក៏ត្រូវបានជ្រើសរើសឱ្យចូលរួមកាត់សេចក្តីក្នុងការប្រកួតនោះដែរ។
 
មន្រ្តីអាជ្ញាកណ្តាល និងចៅក្រមយុទ្ធគុនចម្រុះកម្ពុជា។ រូបពី ជឹម​ធារ៉ា

លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា លើកឡើងថាការប្រកួតនៅប្រទេសថៃដែលចាប់ផ្តើមពីថ្ងៃទី១៨ ដល់ទី២១ ខែសីហា នេះគឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីលោក Gordon Tang អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី(AMMA)។
 
«ថ្លៃចំណាយស្នាក់នៅ ហូបចុក សម្ភារៈ ប្រកួតស្តង់ដារ ថ្លៃបង់សិទ្ធិប្រកួត  និងថ្លៃសិក្សាវគ្គបណ្តុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមគឺយើងទទួលបានពីប្រធានសហព័ន្ធ»។ លោក ជឹម ធារ៉ា ប្រាប់សារព័ត៌មានថ្មីៗតាមសារតេលេក្រាមដូច្នេះ។ បន្ថែមពីលើនេះមន្រ្តីកីឡាគុនចម្រុះកម្ពុជារូបនេះបន្តថា ជាមួយនឹងការវិលមកកាន់ប្រទេសកម្ពុជាវិញសហព័ន្ធយុទ្ធគុនចម្រុះក៏ទទួលបាននូវសម្ភារៈហ្វឹកហាត់មួយចំនួនផងដែរពីប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី។
 
គួបញ្ជាក់ថា កីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះជម្រើសជាតិកម្ពុជាដែលបានចូលរួមក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី១ នៅខេត្តឈុនបុរី ប្រទេសថៃ មានបួនរូបរួមមាន កីឡាករ មាស ម៉ើ កីឡាករ ធាន អាត កីឡាករ សូ សុវណ្ណរតនា និងកីឡាការិនី ផល រតនា៕
 

Tag:
 កីឡាយុទ្ធគុនចម្រុះ
© រក្សាសិទ្ធិដោយ thmeythmey.com