អន្តរជាតិ
ជប៉ុន នឹងបញ្ចេញទឹកពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នៅថ្ងៃទី២៤ ខែសីហា
×
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ
រដ្ឋាភិបាលជប៉ុនប្រកាសនៅថ្ងៃទី២២ ខែសីហាថា នឹងចាប់ផ្ដើមបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មជាតិវិទ្យុសកម្មជាង១លានតោនពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នៅថ្ងៃទី២៤ ខែសីហា បើទោះបីជាមានការរិះគន់យ៉ាងខ្លាំងពីប្រទសជិតខាងដូចជាចិន។
«ខ្ញុំបានស្នើឱ្យក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (Tokyo Electric Power Company) រៀបចំយ៉ាងឆាប់រហ័សសម្រាប់ការបង្ហូរទឹកស្របតាមផែនការដែលបានអនុម័តដោយអាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរ ហើយរំពឹងថាការបញ្ចេញទឹកវិទ្យុសកម្មនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហាខាងមុខ ស្របទៅតាមលក្ខខណ្ឌអាកាសធាតុ»។ នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និយាយបែបនេះនៅថ្ងៃទី២២ ខែសីហា។
ជាមួយគ្នានេះ លោក គីស៊ីដា សន្យាថានឹងទទួលខុសត្រូវទាំងស្រុងក្នុងការធានាឱ្យឧស្សាហកម្មនេសាទអាចបន្តទៅមុខ ទោះបីជាវានឹងចំណាយពេលច្រើនទសវត្សរ៍ក៏ដោយ។
មិនត្រឹមតែប្រទេសជិតខាងឡើង ការបញ្ចេញទឹកពីរោងចក្រនេះ ក៏មានការមិនពេញចិត្តពីឧស្សាហកម្មក្នុងស្រុកដែរ ដោយក្រុមនេសាទខ្លះមានភាពភ័យខ្លាចដល់ការខូចខាតកេរ្តិ៍ឈ្មោះ និងបំផ្លាញជីវភាពរស់នៅរបស់ពួកគេក៏ដោយ។
ជុំវិញបញ្ហនេះ រដ្ឋាភិបាលជប៉ុនបញ្ជាក់ថាការបញ្ចេញទឹកវិទ្យុសកម្មនេះគឺមានសុវត្ថិភាព ហើយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ក៏បានបើកផ្លូវដល់ផែនការមួយនេះកាលពីខែកក្កដា ក្រោយរកឃើញថា បានបំពេញតាមស្តង់ដារអន្តរជាតិ ឯផលប៉ះពាល់វិញក៏មានស្ដួចស្ដើង ។
ប្រទេសជិតខាងមួយចំនួនបានសម្តែងការមន្ទិលសង្ស័យជុំវិញសុវត្ថិភាពនៃផែនការមួយនេះ។ តួយ៉ាងកាលពីខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថាជប៉ុនបានបង្ហាញពីភាពអាត្មានិយម និងក្រអឺតក្រទម ហើយមិនបានពិគ្រោះជាមួយសហគមន៍អន្តរជាតិទាំងស្រុងអំពីការដោះលែងទឹកនោះទេ។
បន្ថែមពីលើនេះ សកម្មជននៅកូរ៉េខាងត្បូងក៏បានតវ៉ាប្រឆាំងនឹងផែនការនេះ បើទោះបីជារដ្ឋាភិបាលទីក្រុងសេអ៊ូលបានសន្និដ្ឋានពីការសិក្សារបស់ខ្លួនថាការបញ្ចេញទឹកត្រូវតាមស្តង់ដារអន្តរជាតិ និងគោរពការវាយតម្លៃរបស់ IAEA ក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com