កីឡាជាតិ
ជាតិ
កម្ពុជា បញ្ជូនអត្តពលិក១៣៦នាក់ ទៅហ្វឹកហាត់នៅចិន ត្រៀមកីឡាអាស៊ី
23, Aug 2023 , 10:49 am        
រូបភាព
អត្តពលិកត្រៀមទៅហ្វឹកហាត់នៅប្រទេសចិន។ រូបពី NOCC
អត្តពលិកត្រៀមទៅហ្វឹកហាត់នៅប្រទេសចិន។ រូបពី NOCC
ដោយ:
លោក វ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី២២ ខែសីហា បានជួបសំណេះសំណាលជាមួយអត្តពលិកកម្ពុជាចំនួន១៣៦នាក់ មុនពេលបញ្ជូនពួកគេទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមនចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហានចូវ។

 
អត្តពលិក១៣៦នាក់ លើ១១ប្រភេទកីឡាក្រោមចំណុះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា ដោយរួមសហការជាមួយក្រសួងអប់រំយុវជន និងកីឡា នឹងចាកចេញពីកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិននៅល្ងាចថ្ងៃទី២៣ ខែសីហានេះ។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយអត្តពលិកដែលនឹងត្រូវចេញទៅហ្វឹកហាត់នៅប្រទេសចិន ថាការបញ្ជូនអត្តពលិកថ្នាល និងពេញវ័យគឺមានគោលដៅសំខាន់ៗជាច្រើនសម្រាប់ឆ្នាំ២០២៣ ឆ្នាំ២០២៥ និងឆ្នាំ២០២៩ ផងដែរ។ «គោលដៅនៃការបណ្តុះបណ្តាលនេះគឺការប្រកួតកីឡាអាស៊ីលើកទី១៩ ហើយសម្រាប់អត្តពលិកពេញវ័យយើងក៏ត្រៀមសម្រាប់ស៊ីហ្គេម២០២៥ នៅប្រទេសថៃផងដែរ។ រីឯប្អូនៗអាយុក្រោម១៣ឆ្នាំ គឺយើងត្រៀមសម្រាប់ឆ្នាំ២០២៩ ដែលយើងជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី»។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ។រូបពី NOCC

អគ្គលេខាធិការ NOCC រូបនេះបញ្ជាក់ថា ការសម្រេចបញ្ជូនអត្តពលិកទៅហ្វឹកហាត់បន្ថែមទៀតនៅប្រទេសចិន គឺព្រោះតែមើលឃើញពីភាពជោគជ័យមួយចំនួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលអត្តពលិកកម្ពុជាដែលហ្វឹកហាត់នៅចិនទទួលបានលទ្ធផលល្អ។
 
«ក្រោយពីការហ្វឹកហាត់នៅចិន កីឡាករ-កីឡាការិនីរបស់យើងភាគច្រើនគឺដណ្តើមបានមេដាយក្នុងពេលស៊ីហ្គេម»។ នេះជាការបញ្ជាក់របស់លោក ចំរើន មុនបន្ថែមថានេះជាយុទ្ធសាស្ត្រសម្រាប់ភាពជោគជ័យរបស់កម្ពុជា និងរក្សាភាពខ្លាំងរបស់អត្តពលិកទាំងភាពឆ្លាតវៃ និងកម្រិតបច្ចេកទេសដើម្បីត្រៀមការប្រកួតព្រឹត្តិការណ៍កីឡាផ្សេងៗដែលត្រូវចូលរួមនាពេកខាងមុខ។
 
គួបញ្ជាក់ថា អត្តពលិកកម្ពុជា ដែលត្រូវទៅហ្វឹកហាត់ និងត្រៀមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅប្រទេសចិន មាន១៣៦នាក់ លើ១១ប្រភេទកីឡា។ ការហ្វឹកហាត់នឹងចាប់ផ្តើមពីចុងខែសីហា រហូតដល់ដំណាច់ឆ្នាំ២០២៣ ដែលជាអាហារូបករណ៍រយៈពេល ៩០ថ្ងៃក្រោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន៕
 

Tag:
 កីឡាអាស៊ី
 វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com