កីឡាអន្តរជាតិ
អន្តរជាតិ
បង្ហាញខ្លួននៅ AFC Champions League! ​Ronaldo ថាជាការប្រកួតដ៏លំបាកតែមិនចុះចាញ់
23, Aug 2023 , 6:04 pm        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo បង្ហាញក្តីរីករាយ និងអបអរជ័យជម្នះរបស់ក្រុម Al-Nassr ដែលបានយកឈ្នះ Shabab Al Ahli លទ្ធផល ៤-២ បានកៅអីវគ្គចែកពូលពានរង្វាន់ AFC Champions League រដូវកាល២០២៣-២៤។ Ronaldo ថាការប្រកួតក្លិបអាស៊ីនេះពិតជាលំបាកខ្លាំង ប៉ុន្តែរូបគេ និងក្រុមជឿជាក់ និងមិនចុះចាញ់។



ទោះជា Ronaldo ខ្លួនឯងផ្ទាល់បរាជ័យក្នុងការស៊ុតស្វែងរកគ្រាប់បាល់ក្នុងការប្រកួតនោះ តែមិត្តរួមក្រុមរបស់ខ្លួនជាអ្នកសម្រេចសំណាញ់ទីដោយ Talisca រកបាន ២គ្រាប់ ខណៈកីឡាករ Sultan Al-Ghannam និង Marcelo Brozovic រកបានម្នាក់មួយគ្រាប់សម្រាប់ក្រុមមកពីប្រទេសអារ៉ាប៊ីសាអូឌីត។ ២គ្រាប់របស់ក្លិប Shabab Al Ahli ធ្វើបានដោយកីឡាករ Yahya Al-Ghassani។
 
Al Nassr ត្រូវបានក្រុម Shabab Al Ahli នាំមុខលទ្ធផល ២-១ រហូតដល់ចុងវគ្គទីពីរដោយនៅនាទី៨៨ ដែលហៀបនឹងក្រុមមកពីអារ៉ាប៊ីសាអូឌីតមួយនេះត្រូវធ្លាក់ចេញពីការប្រកួត ប៉ុន្តែកីឡាករ Al-Ghannam ជាអ្នកជួយសង្គ្រោះក្រុមឡើងវិញដោយរកបានគ្រាប់តាមស្មើមកវិញ។ ការប្រកួតនោះ Ronaldo បានទំនាស់ និងមិនសប្បាយចិត្តចំពោះអាជ្ញាកណ្តាលការប្រកួតដែលមិនសម្រេចផ្តល់បាល់ពិន័យ ១១ម៉ែត្រសូម្បីតែមួយលើក នៅពេលដែលកីឡាករ Shabab Al Ahli បានប៉ះទង្គិចលើកីឡាករខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ក្នុងតំបន់គ្រោះថ្នាក់ដល់ទៅ ៣លើក។



ក្រោយការប្រកួតបញ្ចប់ តារាបាល់ទាត់ព័រទុយហ្កាល់ បានបង្ហោះសារនៅលើគណនី Instagram របស់គេដើម្បីអបអរជ័យជម្នះដែលក្រុមឈានជើងទៅវគ្គចែកពូល AFC Champions League។ Ronaldo បាននិយាយលើការបង្ហោះនោះដូច្នេះថា ៖ «ជាការប្រកួតដ៏លំបាក ប៉ុន្តែពិតជាសំខាន់ដែលបានឈ្នះហើយឈានទៅដល់ការប្រកួតសម្រាប់ ​Asian Champions League។ ត្រូវតែជឿជាក់ដល់ទីបញ្ចប់ ហើយមិនត្រូវបោះបង់ឡើយ។»។
 
Ronaldo នឹងបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតប្រជែងទល់នឹងក្រុមខ្លាំងៗដែលជាក្រុមជើងឯកមកពីលីគកំពូលៗក្នុងទ្វីបអាស៊ីដើម្បីប្រជែងពានរង្វាន់ក្លិបកំពូលប្រចាំទ្វីប AFC Champions League។
 
កាលពីដើមខែសីហា ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ ទើបតែជួយក្រុម​ Al-Nassr ឈ្នះពានរង្វាន់លើកដំបូងចាប់តាំងពីគេបានមកចូលរួមក្រុម ដោយជាពាន Arab Club Champion Cup។ ​Ronaldo ក៏ជាកីឡាករដែលឈ្នះស្បែកជើងមាស ក្រោយរូបគេរកបាន ៦គ្រាប់ក្នុងការប្រកួតថែមទៀត៕
 

Tag:
 Cristiano Ronaldo
  AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com