ជាតិ
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងប្ដូរទៅជា«ក្រសួងអធិការកិច្ច»
25, Aug 2023 , 9:10 am        
រូបភាព
លោកនាយកមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃសភា នាថ្ងៃទី២៤សីហា។ រូបថត៖ HMN
លោកនាយកមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃសភា នាថ្ងៃទី២៤សីហា។ រូបថត៖ HMN
រដ្ឋាភិបាលសម្រេចប្តូរឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា «ក្រសួងអធិការកិច្ច»។ សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤សីហា។​

 
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច​ ត្រូវបានរដ្ឋាភិបាលបង្កើតឡើង​នៅក្នុងឆ្នាំ១៩៩៩ ដោយ​រួម​បញ្ចូល​គ្នា​រវាង​ស្ថាប័ន​​​​រដ្ឋលេខា​ធិការ​ដ្ឋាន​ទំនាក់​ទំនង​សភា​ និង​​អគ្គលេខា​ធិការដ្ឋាន​​អធិការកិច្ច​រាជរដ្ឋាភិបាល។​ ការបង្កើតក្រសួងនេះឡើងមានគោលដៅ​កសាង​សង្គម​​​កម្ពុជាឲ្យមានភាពរឹងមាំ​ប្រកបដោយយុត្តិធម៌ គុណធម៌ និង​សមធម៌​ លើ​គ្រប់វិស័យ។ ក្រសួងនេះក៏មានតួនាទីជំរុញប្រជាពលរដ្ឋគ្រប់​ស្រទាប់​ឱ្យ​យល់ដឹង​ទូលំទូលាយ​អំពីច្បាប់ សេរីភាពក្នុងសង្គមជាតិ ព្រមទាំងចូលរួមទប់ស្កាត់ ​ប្រយុទ្ធប្រឆាំង កាត់បន្ថយ​ និងឈានទៅលុបបំបាត់អំពើពុករលួយផងដែរ​។ 
 
ផ្អែកតាមសាវតាលើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រដ្ឋាភិបាល ក្នុងការប្រគល់តួនាទីលើវិស័យទំនាក់ទំនងជាមួយសភា ព្រឹទ្ធសភាជូនស្ថាប័ននានា ការប្តូរឈ្មោះទៅជា«ក្រសួងអធិការកិច្ច​»  គឺជាការឆ្លើយតបនឹងគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិទី៧។ លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃសភា នាថ្ងៃទី២៤សីហា បានបញ្ជាក់ថា ការប្តូរឈ្មោះទៅជា«ក្រសួងអធិការកិច្ច​» នេះ គឺដើរទន្ទឹមគ្នានឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រដ្ឋាភិបាលដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តចាប់ពីពេលនេះតទៅ។  
 
បច្ចុប្បន្ន ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច​ មានលោក ហួត ហាក់ ជារដ្ឋមន្ត្រី ដែលមានរដ្ឋលេខាធិការចំនួន១៨នាក់ និងអនុរដ្ឋលេខាធិការ៩នាក់ ហើយការផ្លាស់ប្តូរឈ្មោះទៅជាក្រសួងអធិការកិច្ច​ ត្រូវរង់ចាំការអនុម័តពីសភា៕
 

Tag:
 ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com