អន្តរជាតិ
G7 ថ្កោលទោសការបាញ់ផ្កាយរណបកូរ៉េខាងជើងដែលបរាជ័យ
26, Aug 2023 , 11:00 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសនៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) បានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងនៅពីថ្ងៃទី២៤ ខែសីហា ទោះការបាញ់នោះបរាជ័យក្ដី។ G7 លើកហេតុផលថា កូរ៉េខាងជើងបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងដែលត្រូវបានហាមឃាត់។

 
នៅក្នុងសេចក្តីថ្លែងការណ៍រួម ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អាម៉េរិក និងសហភាពអឺរ៉ុប បានបញ្ជាក់ថា ទង្វើរបស់កូរ៉េខាងជើងបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិ។
 
«ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីសហគមន៍អន្តរជាតិក៏ដោយ ក៏កូរ៉េខាងជើងនៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីបជាច្រើនដងដែរ»។ រដ្ឋមន្ត្រីការបរទេសមកពីក្រុម G7 និយាយបែបនេះ។ 
 
​ រដ្ឋមន្ត្រីការបរទេសទាំងនោះក៏បាន​ចោទ​ប្រកាន់​ថា​កូរ៉េ​ខាង​ជើង​ធ្វើ​ពិពិធកម្ម​សមត្ថភាព​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក​ខុស​ច្បាប់ ហើយសកម្មភាពដែលមិនប្រុងប្រយ័ត្នទាំងនេះត្រូវតែទទួលការតបយ៉ាងរហ័ស រួបរួម និងរឹងមាំ ជាពិសេសពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
 
គួរបញ្ជាក់ថា ផ្កាយរណបខាងលើនេះបានប្រើប្រាស់បច្ចេកវិទ្យាដូចគ្នានឹងកាំជ្រួចផ្លោងដែលទីក្រុងព្យុងយ៉ាងត្រូវបានហាមឃាត់មិនឱ្យអភិវឌ្ឍក្រោមដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។
 
ជាមួយគ្នានេះ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Florencia Soto Nino អះអាងថា រាល់ការបាញ់ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោងរបស់កូរ៉េខាងជើងគឺផ្ទុយទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ។ លោកស្រីក៏បានរំលឹកឡើងវិញឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពនេះ ហើយបន្តការសន្ទនាឡើងវិញយ៉ាងឆាប់រហ័សដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីសម្រេចបាននូវគោលដៅនៃសន្តិភាពប្រកបដោយនិរន្តរភាព និងការលុបបំបាត់នុយក្លេអ៊ែរពេញលេញ និងអាចផ្ទៀងផ្ទាត់បាននៅឧបទ្វីបកូរ៉េ៕ 

Tag:
 (កូរ៉េខាងជើង)
© រក្សាសិទ្ធិដោយ thmeythmey.com