ជាតិ
ស្ពានហាលអង្គរ នឹងត្រូវបើកឱ្យដើរឡើងវិញ ថ្ងៃទី៤ ខែវិច្ឆិកា នេះ
15, Oct 2023 , 5:29 pm        
រូបភាព
ទិដ្ឋភាពស្ពានហាលអង្គរ ពីលើអាកាស ក្រោយអាជ្ញាធរជាតិអប្សរា បានជួសជុលរួចរាល់។ ខាងស្ដាំនៃ ស្ពានហាលនេះ ជាស្ពាលបណ្ដែតទឹក ដែលបានជួយចម្លងទេសចរមកពីគ្រប់ទិសទី ដើម្បីទស្សនា ប្រាសាទអង្គរវត្ត។ ចាប់ពីខែ វិច្ឆិការនេះតទៅ ស្ពានហាលទាំងពីរ នឹងបន្តចម្លងទេសចរទស្សនាប្រាសាទជាមួយគ្នា។ រូបថត៖ សែម វណ្ណា
ទិដ្ឋភាពស្ពានហាលអង្គរ ពីលើអាកាស ក្រោយអាជ្ញាធរជាតិអប្សរា បានជួសជុលរួចរាល់។ ខាងស្ដាំនៃ ស្ពានហាលនេះ ជាស្ពាលបណ្ដែតទឹក ដែលបានជួយចម្លងទេសចរមកពីគ្រប់ទិសទី ដើម្បីទស្សនា ប្រាសាទអង្គរវត្ត។ ចាប់ពីខែ វិច្ឆិការនេះតទៅ ស្ពានហាលទាំងពីរ នឹងបន្តចម្លងទេសចរទស្សនាប្រាសាទជាមួយគ្នា។ រូបថត៖ សែម វណ្ណា
សៀមរាប៖ ស្ពានហាលអង្គរ នឹងត្រូវបានបើកជាផ្លូវការនាខែវិច្ឆិកា ក្រោយបិទជួសជុលតាំងពីឆ្នាំ២០១៦។ អាជ្ញាធរជាតិអប្សរា នឹងបន្ថែមរនាំងសុវត្ថិភាព ដែលការពារដល់ក្មេងៗពីហានិភ័យដោយចៃដន្យណាមួយ។

 
 
សូមទស្សនា បទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ 
 

លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានថ្លែងថា ក្រោយក្រុមការងារជួសជុល បានបញ្ចប់គម្រោងជួសជុលស្ពានហាលជាស្ថាពរ អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យទេសចរដើរតាមស្ពានហាលអង្គរឡើងវិញ។ ជាមួយគ្នានេះ ស្ពានបណ្ដែតទឹកបណ្ដោះអាសន្ន ក៏ត្រូវរក្សាទុកដដែល។ 
 
ស្ពានហាលអង្គរ មិនមានបង្កាន់ដៃសម្រាប់ការពារសុវត្ថិភាពនោះទេ។ បញ្ហានេះ អាជ្ញាធរជាតិអប្សរា នឹងដោះស្រាយ ដោយធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ដល់សម្រស់ និងមានហានិភ័យដល់ស្ពានបុរាណនោះទេ។ អាជ្ញាធរជាតិអប្សរា នឹងធ្វើអ្វីមួយ ដើម្បីការពារសុវត្ថិភាពដល់ទេសចរ ជាពិសេសកុមារតូចៗ។ 
 
«ពេលខ្លះទេសចរ អណ្ដែតអារម្មណ៍ជាមួយប្រាង្គប្រាសាទ ដែលអាចមានហានិភ័យ ដោយចៃដន្យ។ ដូច្នេះ យើង នឹងត្រូវរៀបចំឱ្យមានរបាអ្វីមួយ ដើម្បីបង្ហាញ ឬរម្លឹក ដល់ភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្ន។ យើង ត្រូវធ្វើយ៉ាងណា មិនឱ្យប៉ះពាល់សោភ័ណ្ឌភាព និងភ្នែក របស់ទេសចរ នោះទេ»។ លោក ឡុង កុសល ថ្លែងដូច្នេះនៅលើស្ពានហាលអង្គរ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ 
 
សូមរម្លឹកថា ស្ពានហាលអង្គរ ត្រូវបានផ្អាកដំណើរការឆ្នាំ២០១៦ ដើម្បីដំណើរការជួសជុល ដោយអាជ្ញាធរជាតិអប្សរាបានរៀបចំឱ្យមានស្ពានបណ្ដែតទឹកជំនួសវិញ៕

Tag:
 (ស្ពាន​ហាលអង្គរ
  ឡុង កុសល
 
© រក្សាសិទ្ធិដោយ thmeythmey.com