ជាតិ
គោលបំណង១ ក្នុងចំណោម៣ របស់រដ្ឋមន្រ្តីការងារថ្មី គឺរក្សាឆ្នាំងបាយចាស់ និងបង្កើតឆ្នាំងបាយថ្មី
27, Aug 2023 , 2:00 pm        
រូបភាព
លោក ហេង សួរ ចុះជួបជាមួយកម្មករ កម្មការិនី រោងចក្រនៅតាមបន្ទប់ជួល ដោយឥតគ្រោងទុក ក្រោយពេលលោក ទទួលបានតំណែង ជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបថត៖ ហ្វេសប៊ុក ហេង សួរ
លោក ហេង សួរ ចុះជួបជាមួយកម្មករ កម្មការិនី រោងចក្រនៅតាមបន្ទប់ជួល ដោយឥតគ្រោងទុក ក្រោយពេលលោក ទទួលបានតំណែង ជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបថត៖ ហ្វេសប៊ុក ហេង សួរ
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់រដ្ឋាភិបាល អាណត្តិទី៧ មានគោលបំណងចំនួន៣ ដូចគ្នាជាមួយកម្មករ។ អតីត អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ​ ក្រសួងការងាររូបនេះ បានចុះជួបកម្មកររោងចក្រនៅតាមផ្ទះជួលរបស់ពួកគេភ្លាមៗ ក្រោយទទួលបានតំណែង ជារដ្ឋមន្រ្តី។

 
 
បើតាមការផ្សាយរបស់ក្រសួងការងារ គោលបំណង៣ធំៗ របស់លោក ហេង សួរ ដូចទៅនឹងក្ដីស្រមៃ និងគោលបំណងរបស់តំណាងកម្មករនិយោជិតដែរ។  គោលបំណងទាំងនោះ ពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មរបស់កម្ពុជា។ 
 
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីក្ដីស្រមៃជាសាធារណៈ ដូច្នេះ៖ «​១. ការពារកិត្តិយស សេចក្តីថ្លៃថ្នូ និងធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅរបស់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាពលករនៅក្រៅប្រទេស។ ២. ខិតខំរក្សា និងទាក់ទាញអ្នកវិនិយោគបន្ថែម ដើម្បីរក្សាឆ្នាំងបាយចាស់ និងបង្កើតឆ្នាំងបាយថ្មី (ការងារថ្មីកាន់តែសមរម្យ) ដល់យុវជនដែលជាកូនចៅជំនាន់ក្រោយ និងធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែរឹងមាំ។ ៣. រក្សាភាពសុខដុមរមនានៅកន្លែងធ្វើការ ដោយឈរលើមនសិកាវិជ្ជាជីវៈ យកច្បាប់ជាគោល និងការសម្របសម្រួលគ្នាជាធំ ចៀសវៀងការប្តឹងផ្តល់ញុះញង់អុជអាល់ ចង់ចាញ់ចង់ឈ្នះ ដោយមិនសមហេតុផល»។ 
 
ក្នុងពេលចុះជួបជាមួយកម្មករ ដោយគ្មានការគ្រោងទុក លោក ហេង សួរ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា កម្មករ កម្មការិនី ទាំងនោះ មិនបានស្គាល់ពីតួនាទីរបស់លោកនោះទេ។ លោក ហេង សួរ ក៏បានបញ្ជាក់ថា លោកនឹងខិតខំរៀន នឹងខិតខំស្តាប់បន្ថែមពីកម្មករ៕ 

Tag:
 (ហេង សួរ
  ក្រសួងការងារ)
© រក្សាសិទ្ធិដោយ thmeythmey.com