កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd និង Liverpool រកបាន៣ពិន្ទុទាំងលំបាក ខណៈ Man City ឡើងឈរកំពូលតារាង
28, Aug 2023 , 10:45 am        
រូបភាព
Manchester United និង Liverpool រកបាន៣ពិន្ទុ ទាំងត្រដាបត្រដូសដោយការវាយបកយកឈ្នះរៀងខ្លួន ក្នុងការប្រកួងលីគកំពូលអង់គ្លេស Premier League សប្តាហ៍ទី៣។ ម្ចាស់ការពារជើងឯក Manchester City ឡើងទៅឈរកំពូលតារាងក្រោយឈ្នះ Sheffield United ទាំងលំបាក។



ការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី៣ បានបញ្ចប់ទាំង១០គូហើយនៅថ្ងៃទី២៦ និង២៧ ខែសីហា។ Chelsea រកឃើញជ័យជម្នះដំបូងរបស់ខ្លួន ក្រោយយកឈ្នះ Luton Town ក្នុងលទ្ធផល ៣-០។ Raheem Sterling រកបានដល់ទៅ២គ្រាប់ម្នាក់ឯង និង Nicolas Jackson សម្រេចទីបាន១គ្រាប់ ដើម្បីជួយក្រុមលោក Mauricio Pochettino ទទួលបាន៣ពិន្ទុ។
 
នៅសប្តាហ៍ទី៣នេះ មានតែក្រុមម្ចាស់ការពារតំណែងជើងឯកមួយក្រុមប៉ុណ្ណោះដែលបន្តជ័យជម្នះរបស់ខ្លួនទោះគ្មានវត្តមានអ្នកចាត់ការ Pep Gurdiola។ ក្រោមការដឹកនាំរបស់លោក Juan Manuel Lillo ក្រុម​Man City បានយកឈ្នះ Sheffield United ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១។​
 
 ខ្សែប្រយុទ្ធឆ្នើម Erling Haaland ដែលខកខានស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅតែអាចសម្រេចគ្រាប់នាំមុខឱ្យមេឃខៀវនៅនាទី៦៣ មុនពេល Jayden Bogle តាមស្មើឱ្យ Sheffield United នៅនាទី៨៥។ ៣នាទីបន្ទាប់ពីការតាមស្មើ Rodri ទាត់បញ្ចូលទីសម្រេចគ្រាប់ជ័យជម្នះឱ្យ Man City យកឈ្នះ ២-១។
 
Man Utd និង Liverpool រកបាន៣ពិន្ទុ ពីការវាយបកដូចគ្នា។ នៅកីឡដ្ឋាន Old Trafford ក្រុមភ្ញៀវ Nottingham Forest បាននាំមុខ Man Utd ដល់ទៅ២គ្រាប់មុខត្រឹមរយៈពេល៤នាទីប៉ុណ្ណោះនៃវគ្គទី១ ដោយកីឡាករ Taiwo Awoniyi និង Willy Boly។ យ៉ាងណាក៏ដោយ ក្រុមលោក Erik ten Hag នៅតែអាចតាមបាន៣គ្រាប់វិញទាំងលំបាកដោយខ្សែបម្រើ៣រូប Christian Eriksen, Casemiro និង Bruno Fernandes ដោយការទាត់បាល់ពិន័យប៉េណាល់ទី។ យប់ការប្រកួត Man Utd ឈ្នះ Nottingham Forest ៣-២។
 
Liverpool ក្រោយការនាំមុខរបស់ Newcastle United ដោយការស៊ុតបញ្ចូលទីរបស់ Anthony Gordon នៅនាទី២៥ និងបាត់បង់ខ្សែការពារឆ្នើម Virgil Van Dijk ដោយទទួលកាតក្រហមនៅ៣នាទីបន្ទាប់ ប៉ុន្តែពួកគេនៅតែអាចយកបាន៣ពិន្ទុវិញ។  ខ្សែប្រយុទ្ធ Darwin Nunez រកបាន២គ្រាប់ម្នាក់ឯងនៅចុងម៉ោង ពោលគឺនៅនាទី៨១ និង៩០+៣ ដើម្បីជួយក្រុមលោក Jurgen Klopp ឈ្នះក្រុមសិរិកាព្រៃដែលដឹកនាំដោយអ្នកចាត់ការលោក Eddie Howe ក្នុងលទ្ធផល ២-១។
 
Arsenal បានត្រឹមស្មើ ២-២ ទល់ Fulham។ ពីគ្រាប់របស់ Fulham ធ្វើបានដោយ Andreas Pereira និង Joao Palhinha និង២គ្រាប់របស់កាំភ្លើងធំសម្រេចដោយ Bukayo Saka និង Eddie Nketiah។
 
Tottenham Hotspur រកបានជ័យជម្នះទី២របស់ខ្លួន ដោយយកឈ្នះ AFC Bournemouth ២-០។ កីឡាករចំណូលថ្មី James Maddison និង​ Dejan Kulusevski រកបានម្នាក់១គ្រាប់ឱ្យមាន់ខ្នាយមាស។
 
Everton ដែលស្ថិតនៅបាតតារាង រួមជាមួយ Luton Town, Burnley និង Sheffield United បរាជ័យទាំង៣ប្រកួតជាប់គ្នា។ Man City ឡើងឈរលេខ១បណ្តោះអាសន្នដោយមាន៩ពិន្ទុពេញ តាមពីក្រោយដោយ West Ham United មាន៧ពិន្ទុ ស្មើ Spurs, Liverpool និង Arsenal ដែលនៅលេខរៀងបន្តបន្ទាប់។ Man Utd នៅលេខ៨ មាន៦ពិន្ទុ៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com