ជាតិ
​«គ្រួសារសុខសាន្ត» រដូវកាលទី២ រឿងទូរទស្សន៍ដែល​បង្ហាញ​ពី​វិធី​សាស្ត្រ ​​ដោះ​ស្រាយ​​បញ្ហា​យុវជន​
28, Aug 2023 , 2:09 pm        
រូបភាព
“​គ្រួសារ​សុខ​សាន្ត​” ជា​រឿង​តាម​​ទូរទស្សន៍​ ដែល​ផ្ដល់​នូវ​ព័ត៌​មាន​​ និង​បំផុស​​ឱ្យ​មាន​​​ការ​ពិភាក្សា​​​ ពី​មធ្យោបាយ​​ ដែល​យុវជន​អាច​​ធ្វើ​សកម្ម​​ភាព ដើម្បី​រួម​ចំណែក​​ជា​វិជ្ជមាន​​ ដល់​ការ​អភិវឌ្ឍន៍​​សហគមន៍​។ រឿងនេះ​ ក៏បាន​បង្ហាញ​​ពី​គំរូ​ភាព​ ចរិត​លក្ខណៈ​ទាំង​វិជ្ជមាន​ និង​អវិជ្ជមាន​ ដែល​អាច​ជួយ​​កសាង​ទំនុក​ចិត្ត​ លើក​ទឹក​ចិត្ត​ និង​ជំរុញ​ឱ្យ​មាន​​ការ​ផ្លាស់​ប្ដូរ​​ អាកប្បកិរិយា​ របស់​ទស្សនិក​ជន ​​ផង​ដែរ​។

 
រឿង “​គ្រួសារ​សុខ​សាន្តរដូវកាលទី​២​” (Soksan Family 2) បាន​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​​ជា​ផ្លូវ​ការ​ លើក​ដំបូង​​លើ​ទូរទស្សន៍​ CBS ចាប់​ផ្ដើម​ពីយប់​ថ្ងៃសុក្រ ទី​២៥ ខែសីហា។ ផ្អែក​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​​ស៊ី​ជម្រៅ​ និង​ការ​ធ្វើ​តេស្ដ​បឋម​ជា​មួយ​ក្រុម​គោល​ដៅ​ “រឿង​គ្រួសារ​សុខសាន្ត​” ត្រូវ​បាន​ផលិត​ចេញ​ ជា​សាច់​រឿង​ភាគ ដែល​បង្ហាញ​ពី​វិធី​សាស្ត្រ​​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​តាម​បែប​ កម្សាន្ត​ កំប្លែង​ និង​មាន​ភាព​ទាក់​ទាញ​។ 
 
វិធី​សាស្ត្រ​​ និង​ទម្រង់​នៃ​ការ​ផលិត​​ ចរិត​​លក្ខណៈ​​របស់​តួអង្គ​ និង​សាច់​រឿង​ ត្រូវ​បាន​រៀប​ចំ​​ឡើង​ ដើម្បី​​ឆ្លើយ​​តប​ទៅ​នឹង​ស្ថាន​ភាព​​ជាក់​ស្ដែង​ របស់​ក្រុម​គោល​ដៅ​ និង​ជំរុញ​​ឱ្យ​មាន​​ការ​ផ្លាស់​ប្ដូរ​ រួមទាំងបង្កើន​​ការ​ចូល​រួម​​របស់​យុវជន​ ដូច​ដែល​បាន​រក​ឃើញ​ ពី​ការ​សិក្សា​ស្រាវជ្រាវ​​ស៊ី​ជម្រៅ​ និង​គោល​បំណង​នៃ​គម្រោង​នេះ​។ កម្ម​វិធី​ទូរទស្សន៍ “​គ្រួសារ​សុខ​សាន្ត​ វគ្គ១” ដែលបាន​​ចាក់​ផ្សាយ​​ក្នុង​ឆ្នាំ​២០២២ ឆ្លុះ​បញ្ចាំង​ពី​ជីវិត​​​រស់​នៅ​ក្នុង​សង្គម​ របស់​គ្រួសារ​មួយ​ តាម​រយៈ​តួអង្គ​សម្ដែង​ ពូសុខ មីង​សាន្ត​ និង​កូន​ៗ​​របស់​ពួក​គាត់​ បាន​រំលេច​ពី​ភាព​​ចម្រូង​ចម្រាស​ភាព​តាន​តឹង​ក្នុង​គ្រួសារ​ សម្ពាធ​សង្គម​ និង​បញ្ហា​​ប្រឈម​នានា​ ក្នុង​ជីវិត​បែប​សម័យ​ទំនើប​។ 
 
ទោះ​បី​​ឪពុក​របស់​តួ​អង្គ​​ក្ដឹប​អំពិល​ មិន​បាន​មើល​ឃើញ​ពី​មហិច្ឆតា​របស់​នាង​ ក្នុង​ការ​ចូល​រួម​​ការ​ងារ​អភិវឌ្ឍ​សហគមន៍​ក៏​ដោយ ក្ដឹប​អំពិល​​បាន​យក​ឈ្នះ​​ផ្នត់​គំនិត​​របស់​ឪពុក​នាង​ ប្រកប​ដោយ​ភាព​ប៉ិន​ប្រសប់​ ការ​តស៊ូ​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​។ សន្តិ​ភាព​នៅ​ក្នុង​គ្រួសារ​មួយ​នេះ មិន​បាន​យូរ​ប៉ុន្មាន​ផង​ ក្ដឹប​អំពិល​​ក៏​ឈាន​ចូល​​ដល់​វ័យ​១៨​ឆ្នាំ ស្រប​ពេល​ជា​មួយ​គ្នា​នោះ ស្រាប់​តែ​មាន​តួអង្គ​ថ្មី​ម្នាក់​ទៀត ដែល​ជា​ភ្ញៀវ​មិន​បាន​អញ្ជើញ​ ក៏​បាន​ចូល​មក​រស់​នៅ​ ក្នុង​ផ្ទះ​របស់​គ្រួសារ​សុខ​សាន្ត​នេះ នោះ​គឺ​តួអង្គ​លោក​យាយ​។​ 
 
វត្តមាន​របស់​តួអង្គ​នេះ នឹង​បង្ក​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស និង​ភាព​តាន​តឹង​នៅ​ក្នុង​​គ្រួសារ​នេះ​ជា​ថ្មី​ ដោយ​បង្ហាញ​​ពី​ភាព​ខុស​​ជំនាន់​គ្នា​ ហើយ​គ្រប់​យ៉ាង​ត្រូវ​តែ​តម្រូវ​ចិត្ត​​តួអង្គ​នេះ ដែល​ប្រៀប​ដូច​ជា​កូន​ក្មេង​ ដែល​កំពុង​ស្វែង​រក​​ពិភព​របស់​ពួក​គេ​។
 
កម្ម​វិធី​ទូរទស្សន៍​ “​គ្រួសារ​សុខ​សាន្ត​” គឺ​ជា​ផ្នែក​មួ​យ​​នៃ​គម្រោង​”​ក្លាហាន​៩ ស្ប៉េស” (Klahan 9 SPACE) ដែល​មាន​គោល​បំណង​ គាំ​ទ្រ​យុវជន​​កម្ពុជា​ ក្នុង​ការ​ចូល​រួម​​ ក្នុង​​សកម្ម​ភាព​​សាធារណៈ និង​ការ​សម្រេច​​ចិត្ត​​តាម​រយៈ​​ ការ​អភិវឌ្ឍន៍ជំនាញ ចំណេះ​ដឹង​ ទំនុក​ចិត្ត ការ​ជំរុញ​ទឹក​ចិត្ត​ និង​ការ​ចង​បណ្ដាញ​ ដែល​មាន​សារៈ​សំខាន់​ ក្នុង​ការ​​ចូល​រួម​ចំណែក​អភិវឌ្ឍ​សហគមន៍​របស់​ពួក​គេ​ ព្រម​ទាំង​ផ្លាស់​​ប្ដូរ​នូវ​អាកប្បកិរិយាជា​អវិជ្ជមាន​ លើ​សមត្ថភាព​​យុវជន​។ រឿង​ “​គ្រួសារ​សុខ​សាន្ត​” ត្រូវ​បាន​ផលិត​ឡើង​ ដោយ​​ផ្ដោត​លើ​​ក្រុម​គោល​ដៅ ​​ដែល​ជា​យុវជន​​ និង​ឪពុក​ម្ដាយ​។ 
 
គម្រោង​នេះ​ ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ ពី​ស្ថាន​ទូត​ស៊ុយ​អែត​ប្រចាំ​ប្រទេស​កម្ពុជា​ (Sida) និង​ភ្នាក់​ងារ​ស្វីស សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​​សហប្រតិបត្តិការ (SDC)៕
 

Tag:
 ភាព​យន្ត​
  សិល្បៈ​
  យុវជន
 
© រក្សាសិទ្ធិដោយ thmeythmey.com