ជាតិ
នារីជនជាតិ​ដើម​ភាគ​តិច​ពីរ​រូប ផលិត​ភាព​យន្ត​ខ្លី ​ពីបញ្ហា​ប្រឈម​របស់​​ស្ត្រី ​ក្នុង​សហគមន៍​
28, Aug 2023 , 7:59 pm        
រូបភាព
(រូប​ផ្ដល់​ឱ្យ)
(រូប​ផ្ដល់​ឱ្យ)
នារី​​ខ្មែរ​លើ​​ពីរ​​រូប គឺ​កញ្ញា កាសល់ ស៊ីនួន ជាជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ និង​កញ្ញា សា រ៉ាឌី ជា​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន​ បាន​ផលិត​​ភាព​យន្ត​ឯកសារខ្លី​ចំនួន​២​រឿង ដែល​មាន​ចំណង​ជើង​ថា “គ្រាន់​ជា​សុបិន​” និង​រឿង“មិន​អាច​បំភ្លេច​”។ រឿង​ទាំង​២នេះ និយាយ​ពី​ជីវិត​និង​បញ្ហា​ប្រឈម ​របស់​ស្ដី្រ​ជន​ជាតិ​ដើម​ភាគ​តិច ដែល​កំពុង​ជួប​ក្នុង​ពេល​បច្ចុប្បន្ន​។ ​ពួក​គេ​មាន​គោល​បំណង​ ចង់​ឱ្យសហគមន៍របស់​​ខ្លួន​ ​កែប្រែការគិត ដោយ​ងាក​មក​ឱ្យ​​តម្លៃ​ដល់​ស្ត្រី​វិញ​​។



ផលិត​ករ​ទាំង​ពីរ​នាក់​ខាង​លើ​ បាន​លើក​ឡើង​ដូច​គ្នា​ថា បញ្ហា​អំពើ​ហិង្សា​ក្នុន​គ្រួសារ និង​ភាព​ក្រី​ក្រក្នុង​សហគមន៍​របស់​ពួក​គេ គឺ​សុទ្ធ​តែ​កើត​ចេញ​ពី​​ការ​ទទួល​បាន​ការ​អប់​រំ​តិច​តួច​​។ 

 កុមារ​ជន​ជាតិ​ដើម​ភាគ​តិច ក្នុង​ខេត្ត​រតនៈគិរី (រូប​ផ្ដល់​ឱ្យ)

“គ្រាន់​ជា​សុបិន​” គឺ​ជា​ស្នាដៃ​របស់​យុវនារី កាសល់ ស៊ីនួន ជា​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ​មក​ពី​​​ភូមិលើហន់ ឃុំកិះចុង ស្រុក​បរកែវ ខេត្ត​រតនៈ​គិរី។ រឿង​នេះ​​បរិយាយ​ពី​​ជីវិត​របស់ ​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិចមួយ​រូប​ ដែល​រង​គ្រោះ​​ដោយសារ​​អំពើ​ហិង្សា​ពី​​ប្ដី​។ នាង​ក្លា​យ​ជា​​​មេគ្រួសារ ដោយ​ត្រូវ​ធ្វើ​ការ​ងារ​គ្រប់​សព្វ​សារពើ​ ដើម្បី​រក​ប្រាក់​មក​​ផ្គត់​ផ្គង់​ក្នុង​គ្រួសារ ​និង​​ចិញ្ចឹម​បី​បាច់​កូន​ៗ។ ចំណែក​ប្ដី​របស់​នាង ស្រវឹង​សឹង​រាល់​ថ្ងៃ។ គាត់​​មិន​ព្រម​ទៅ​ធ្វើ​ចម្ការ​ ឬ​ទៅ​ប្រកប​ការ​ងារ​អ្វី​ឡើយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គាត់​តែង​តែ​រក​រឿង​ឈ្លោះ​​វាយ​ប្រពន្ធ ពេល​គាត់​ស្រវឹង​។  
 
បើ​ទោះ​បី​ជា​ត្រូវ​ប្ដី​វាយ​ធ្វើ​បាប​យ៉ាង​ណា​ក្ដី ក៏​នាង​នៅ​តែ​នឹក​ស្រមៃ​ ​​ចង់​បាន​ជីវិត​គ្រួសារមួយ​ ដែល​មាន​សុភមង្គល​ដូច​គេ បើ​ទោះបី​ជា​ក្រី​​ក្រក៏​ដោយ ​​ឱ្យ​តែ​ចេះ​ស្រឡាញ់​គ្នា មើល​ថែ​គ្នា យល់​ចិត្ត​គ្នា គឺ​គ្រប់​គ្រាន់​សម្រាប់​ជីវិតគាត់​ហើយ។ ប៉ុន្តែ​វា​មិន​ដូច​អ្វី​ដែល​គាត់​ចង់​បាន​ឡើយ​ វា​មិន​អាច​ទៅ​រួច ហើយ​នោះ​គ្រាន់​តែ​ជា​ក្ដី​ស្រមៃ​ប៉ុណ្ណោះ​។ 
 
ឈរ​នៅ​សាល​តាំង​ពិព័រណ៍​ ជាន់​ផ្ទាល់​ដីនៃ​មជ្ឈមណ្ឌល​បុប្ផាណា​ នារី​ជា​កូន​ច្បង​ក្នុង​គ្រួសារដែល​មាន​ប​ង​ប្អូន​៥​នាក់រូប​នេះ អះអាង​ថា​ នាង​​​បាន​ឃើញ​អំពើ​ហិង្សា​ក្នុង​គ្រួសារ នៅ​ក្នុង​សហគមន៍​របស់​នាង តាំង​តែ​ពី​នាង​នៅ​វ័យ​កុមារ។ នារី​សម្បុរ​ស្រអែម​ភ្លឺ​រលោង​រូប​នេះ ថា​គ្រួសារ​របស់​តួឯក​ស្រី​ក្នុង​រឿងនេះ ​មាន​អំពើ​ហិង្សា​ធ្ងន់​ធ្ងរ​ជាង​គេ​នៅ​ក្នុង​ភូមិ​។ 

 ​កញ្ញា កាសល់ ស៊ីនួន ជា​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ

ស៊ីនួន ដែល​​តែង​ចូល​ប្រជុំ​​ជា​មួយ​​អង្គការ​នានា ពេល​អង្គការ​ទាំង​នោះ ​ចុះ​ទៅ​ក្នុង​ភូមិ​​របស់​នាង ដើម្បី​ទទួល​បាន​​ចំណេះ​ដឹង​ថ្មី​បន្ថែម​៖«​​​នៅ​ក្នុង​ភូមិ​ មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ច្រើន​ ប៉ុន្តែ​គ្រួសារ​ដែល​ខ្ញុំ​បាន​ទៅ​ថត​នោះ គាត់​មាន​អំពើ​ហិង្សា​ច្រើន​ជាង​គេ​។ ពេល​នេះ​គាត់(ប្ដី​ដែល​ជា​តួអង្គ​​ក្នុង​រឿង)​មិន​សូវ​វាយ​ប្រពន្ធ​ទេ ព្រោះ​ខ្ញុំ​ឧស្សាហ៍​ចេញ​​ចូល​ផ្ទះ​របស់​គាត់​។ ប៉ុន្តែ​ពី​មុន​គាត់​វាយ​ប្រពន្ធ​ច្រើន​»។ 
 
ចំណែក​ឯយុវនារី សា​ រ៉ាឌី វិញ ជា​ជនជាតិ​ដើម​ភាគ​តិច​​ទំពួន មក​ពី​ភូមិ​ល្អឺន​តាំង​មីស​ ឃុំ​អូរជុំ ស្រុក​អូរជុំ ​ខេត្ត​រតនៈ​គិរី​ បាន​ផលិត​រឿង “មិន​អាច​បំភ្លេច​”។​ តួអង្គ​ក្នុង​រឿង  “មិន​អាច​បំភ្លេច”​ គឺ​ជា​​សិល្បការិនី​​​របាំ​ប្រពៃណី​ជន​ជាតិ​ទំពួន​។ ពេល​នេះ​គាត់​មិន​សូវ​បាន​ទៅ​រាំ​ទេ ព្រោះ​គេ​មិន​សូវ​ហៅ​គាត់​។ ពុំ​សូវ​ហៅ​ពុំ​មែន​គាត់​រាំ​មិន​បាន​ល្អ​ឡើយ ប៉ុន្តែ​​សហគមន៍​របស់​គាត់​ ពុំ​សូវ​ប្រារព្ធ​ពិធីដែល​មាន​ការ​រាំ​របាំ​។ គាត់​នៅ​តែ​អាឡោះ​អាល័យ និងចង់​​ទៅរាំង​វិញ​ជា​និច្ច​។ គាត់​បារម្ភ​ថា​ ថ្ងៃ​ក្រោយ​របាំ​ប្រពៃណី​របស់​គាត់ អាច​បាត់​បង់ព្រោះ​ក្មេង​ជំនាន់​ក្រោយ​ពេល​នេះ  ពុំ​សូវ​ចាប់​អារម្មណ៍​ពី​វា​ ខណៈ​​វត្តមាន​របស់​វា ពុំ​សូវ​បាន​បង្ហាញ​ទូលំទូលាយ​។ 

 កញ្ញា សា​ រ៉ាឌី វិញ ជា​ជនជាតិ​ដើម​ភាគ​តិច​​ទំពួន

ក្នុង​ខ្សែ​ភាព​យន្ត​នេះ អ្នក​ដឹក​នាំ​ថត​ សា រ៉ាឌី ពុំ​គ្រាន់​តែ​ចង់​បង្ហាញ​ពី​របាំ​ប្រពៃណី​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ក៏​ចង់​បង្ហាញ​ពីជីវិត​ របស់​តួអង្គ​ឯក​​ក្នុង​រឿង​នេះ​ដែរ។ ដ្បិត​ជា​សិល្បការិនី ប៉ុន្តែ​ជីវិត​ក្រោយ​ឆាក​របស់​គាត់​ ពិត​ជា​គួរ​ឱ្យចាប់​អារម្មណ៍​។
 
ក្រៅ​ពី​រាំ តួឯក​ក្នុង​រឿង គឺ​ជា​អ្នក​ស៊ីឈ្នួល​គេ ធ្វើ​ការ​គ្រប់​យ៉ាង​ឱ្យ​តែ​បាន​ប្រាក់​ ដើម្បី​ចិញ្ចឹម​កូន៣​នាក់​។ ប្ដី​របស់​នាង បាន​ចាក​ចោល​នាង ទៅ​រក​ស្រី​ថ្មី ដូច្នេះ​នាង​បាន​​ក្លាយ​ជា​ម្ដាយ​ផង​ និង​ឪពុក​ផង​។ នាង​មិន​មាន​ផ្ទះ​សម​រម្យ​ឡើយ​។ រាល់​ថ្ងៃ​នាង​រស់​នៅ​ក្នុង​កូន​​ខ្ទម​តូច​មួយ ​ជ្រក​កោន​លើ​ដី​របស់​ម្ដាយ​​ ដែល​មាន​សមាជិកគ្រួសារ​ប្រមាណ​១០​នាក់​។
 
រ៉ាឌី ពន្យល់​៖«គាត់​ធ្វើ​ការ​មិន​មាន​ថ្ងៃ​យប់​ឡើយ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន៣​នាក់​តែ​ម្នាក់​ឯង។ កូន​ច្បងរបស់​គាត់​ ​ធ្លាប់​ដើរ​ផ្លូវ​ខុស​ទៅ​ដើរ​វាយ​គេ តែ​ពេល​នេះ​កែខ្លួនវិញ​ហើយ ហើយ​មាន​ការ​ងារ​ធ្វើ​ដែរ​​។ កូន​ទី​២ទើប​តែ​អាយុ​​១៥​ឆ្នាំ ទៅ​​ដើរ​តាម​គាត់ស៊ី​ឈ្នួល​គេ​។ នៅ​ភូមិ​ខ្ញុំ​ មាន​គ្រួសារ​ក្រីក្រ​ភាគ​ច្រើន​»។ 

 សកម្មភាព​សំណួរ​ចម្លើយ ពាក់​ព័ន្ធ​នឹង​ការ​ផលិត​ភាព​​យន្ត​ឯកសារ​ខ្លី របស់​ កញ្ញា កាសល់​ ស៊ីនួន និង​កញ្ញា សា រ៉ាឌី

នារី​ដែល​តែង​ខ្លួន​ដូច​មនុស្ស​ប្រុស រាល់​ពេល​ចុះ​ថត​សកម្ម​ភាព​​របស់​តួអង្គ​នីមួយ នៅ​​ចន្លោះ​​ម៉ោង​១ឬ​២យប់ ដើម្បី​ការ​ពារ​ខ្លួន​ពី​ក្មេង​ខិល​ខូច​រូប​នេះ បាន​ប្រាប់​ថា មក​ដល់​ពេល​នេះ ​នាង​បាន​ថត​ភាពយន្ត​ឯកសារ​ខ្លី ចំនួន​២​រឿង​ គឺ​រឿង ​“សែន​ស្រែ​” និង​”មិន​អាច​បំភ្លេច​”​​។ មូល​ហេតុ​ដែល​នាង​ថត​រឿង​ទាំង​នោះ គឺ​នាង​ចង់​ឱ្យ​សហគមន៍​របស់​នាង បោះ​បង់​ប្រពៃណី​មិន​ល្អ​មួយ​ចំនួន​ចោល និង​រក្សា​ប្រពៃណី​ល្អ​ៗ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។​ 
 
រ៉ាឌី បន្ថែម​៖«ខ្ញុំមាន​​ក្ដី​ស្រមៃ ​ចង់​ឃើញ​សហគមន៍​ខ្ញុំ​ មាន​ការ​អភិវឌ្ឍន៍​ មិន​មាន​អំពើ​ហិង្សា និង​ចង់​ឱ្យ​កុមារ​និង​យុវជន​ក្នុង​សហគមន៍ ទទួល​បាន​ការ​អប់​រំ​ច្រើន​ជាង​មុន។ ចង់​ឱ្យ​សហគមន៍​មាន​ការ​សហការ​គ្នា សាមគ្គី​គ្នា​»។ 
 
លោក ជា​ សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផាណា បាន​ប្រាប់​សារព័ត៌​មាន​ថ្មីៗ​ ក្រោយ​ការ​បញ្ចាំង​រឿង​ទាំង​ពី​រ​ថា កម្ម​វិធី​របស់​មជ្ឈមណ្ឌល​បុប្ផាណា ធ្វើ​យ៉ាង​ណា​ឱ្យ​យុវជន​មាន​ឱកាស យក​​បញ្ហាប្រឈម​ក្នុង​សហគមន៍​របស់ពួក​គេ​ ​​មក​​ឆ្លុះ​បញ្ចាំង​និង​ចែក​រំលែក ​ជា​មួយ​សាធារណជន​ ​ជា​មួយ​អ្នក​សម្រេច​ចិត្ត​គោល​នយោបាយ​ និង​ជា​មួយ​​ដៃ​គូរ​អភិវឌ្ឍ​ផ្សេង​ៗ​ ដើម្បី​​ស្វែង​រក​យន្ត​ការ​​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​។ លោក​ថា​ជន​ជា​តិ​ដើម​ភាគ​តិច​ តែង​តែ​មាន​បញ្ហា​ប្រឈម​ផ្នែក​សង្គម​ ដូច​ជា​បញ្ហា​ការ​រៀប​ការ​វ័យក្មេង ការ​មិន​ទទួល​បាន​ការ​អប់​រំ​ខ្ពស់ និង​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ដើម​។ 

 លោក ជា​ សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផាណា

លោក សុភាព បន្ថែម​៖«​ឧទាហរណ៍​ ការ​រៀប​ការ​វ័យ​ក្មេង ​គឺ​ជា​វប្បធម៌​របស់​ពួក​គាត់​ រាប់​ពាន់​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ យើង​មិន​អាច​អនុវត្តន៍​បែប​នេះ​​បាន​ទៀត​ទេ​  ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ច្រើន​ ដូច​ជា​បញ្ហា​សុខភាព និង​រៀន​សូត្រ​មិន​បាន​ខ្ពស់​។ បើ​រៀន​បាន​តិច​ គាត់​មិន​មាន​ឱកាស​មាន​ការ​ងារ​ធ្វើ​ល្អ​ទេ​​។ មិន​មាន​ការ​ងារ​ល្អ​ នាំ​ឱ្យ​ក្រ។ ក្រ​នាំ​ឱ្យ​លំបាក​។ ដូច្នេះ​តើ​​យើង​ត្រូវ​ធ្វើ​ម៉េច ដើម្បី​កែប្រែ​ជា​វិជ្ជមាន​?»។
 
បន្ថែម​ពី​នោះ នាយក​ប្រតិបត្តិ​រូប​នេះ កត់​សម្ភាល់​ថា​ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច កំពុង​តែ​មាន​បញ្ហា​ប្រឈម នូវ​ការ​បាត់​បង់​អត្តសញ្ញាណ វប្បធម៌ ធន​ធាន​ធម្មជាតិ និង​របស់​របរ​ផ្សេង​ៗ​ជា​ដើម​។ មជ្ឈមណ្ឌល​បុប្ផាណា បាន​ព្យាយាម​​​ចង​ក្រង​ការ​ចង​ចាំ និង​ជីវិត​​​រស់នៅ​​​ទាំង​អស់​នោះ​។ ដូច្នោះ​ហើយ​ទើប​​បាន​ជា​មជ្ឈមណ្ឌល ​បង្រៀន​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច ​ចេះ​ផលិត​កុន ដើម្បីឱ្យ​ពួក​គេ​​ចេះ​ចង​ក្រង ​អ្វី​ដែល​​មាន​ក្នុង​​សហគមន៍​របស់​ខ្លួន​។
 
«​យើង​មិន​ស្គាល់​ស៊ី​ជម្រៅ​អ្វី​ដែល​ជា​វប្បធម៌​ របស់​ជន​ជាតិ​ដើ​ម​ភាគ​តិច​ទេ ​មាន​តែ​គាត់​ផ្ទាល់​ទេ ដែល​អាច​យល់​ស៊ី​ជម្រៅ។​ ដូច្នេះ​ទើប​បានជា​​​យើង ​កសាង​សមត្ថភាព​គាត់ ឱ្យ​គាត់​ធ្វើ​ដោយ​ខ្លួន​ឯង ហើយ​ឱ្យ​គាត់យក​រឿង​រ៉ាវវប្បធម៌ អត្តសញ្ញាណ​របស់​គាត់​ មក​បង្ហាញ​សាធារណជន តាមរយៈ​ក្រសែភ្នែក​របស់​គាត់​ផ្ទាល់​»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ជា សុភាព​។

  សកម្មភាព​ថតភាព​យន្ត​ឯកសារខ្លី របស់​ជន​ជាតិ​ដើម​ភាគតិច(រូប​ផ្ដល់​ឱ្យ)

លោក ជា សុភាព រំលឹក​ថាមជ្ឈមណ្ឌល​បុប្ផាណា បាន​បណ្ដុះបណ្ដាល​ ជន​ជាតិ​ដើម​ភាគ​តិច​ បាន​ប្រមាណ​ជា​៥០​នាក់​ ដោយ​ចាប់​ផ្ដើម​ពីឆ្នាំ​២០១៨មក​។ ក្រោយ​ចប់​វគ្គ​នេះ អ្នក​ខ្លះ​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ ហើយ​អ្នក​ខ្លះ​ទៀត ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​វិញ​។ គម្រោង​ទាំង​នោះ​មាន​៣ ដោយ​គម្រោង​ទី​១គឺ​ “​ការ​បន្លឺ​សំឡេងស្ត្រី​​ជន​ជាតិដើម​ភាគ​តិច​” គម្រោង​ទី​២ “ការ​កសាង​សមត្ថភាព​ជន​ជាតិ​ដើម​ភាគ​តិច និង​ការ​បង្កើត​បណ្ណាសារ​ជន​ជាតិ​ដើម​ភាគ​តិច​” និង​គម្រោង​ទី​៣ “​សិល្បៈ​នៃ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​”។ 
 
​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផាណា អះអាង​ថា ភាព​យន្ត​ឯក​សារ​ ដែល​មជ្ឈមណ្ឌល​បុប្ផាណា បាន​បណ្ដុះ​បណ្ដាល​​ដល់​យុវជន ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច​  បាន​ផ្សព្វ​ផ្សាយ​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ​។ ក៏​មាន​ការ​បញ្ចាំង​ភាព​យន្ត​ទាំង​នោះ ក្នុង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ដែរ។ បន្ថែម​ពី​នោះ ភាព​យន្ត​ទាំង​នោះ ក៏​បាន​​បង្ហាញ​នៅ​ក្នុង​មហោស្រព​ភាព​យន្ត​អន្តរជាតិ​ កាល​កន្លង​ទៅ​ដែរ ដូច​ជា​នៅប្រទេស​​អូស្ដ្រាលី វៀតណាម អាមេរិក និង​នៅ​បារាំង​ជាដើម​។ ទោះ​ជា​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា ពុំ​​ទាន់​​គ្រប់ជ្រង់​ជ្រោយ​នៅ​ឡើយ​​។

 អ្នក​ទស្សនារង់​ចាំសួរ​សំណួរ​ទៅ​កាន់​ កញ្ញា កាសល់​ ស៊ីនួន និង​កញ្ញា សា រ៉ាឌី ដែល​បាន​​ផលិត​ភាព​យន្តឯកសារ ស្ដី​ពី​ជន​ជាតិ​ដើម​ភាគ​តិច​

ជា​មួយ​គ្នា​នេះ លោក​បាន​ប្រកាស​ថា​ ប្រសិនសាធារណជន​ មាន​កម្ម​វិធី​ណា​មួយ​ ហើយ​ចង់​យក​ភាព​យន្ត​ឯកសារ​ទាំង​នោះ ​ទៅ​ចាក់​បញ្ចាំង មជ្ឈមណ្ឌល​បុប្ផាណា ស្វាគមន៍​ជានិច្ច។ បន្ថែម​ពី​នោះ ​មជ្ឈមណ្ឌល​បុប្ផាណា មាន​បណ្ណាល័យ​មួយ ដែល​សាធារណជន​ អាចទៅ​មើល​ភាព​យន្ត​ឯក​សារ​បាន​គ្រប់​ពេល នៅ​រៀង​រាល់​ម៉ោង​ធ្វើ​ការ​​​​។
 
សូម​បញ្ជាក់​ថា មជ្ឈមណ្ឌល​បុប្ផាណា មាន​បេសកកម្ម​ធំ គឺ​​ចង​ក្រង​ការ​ចង​ចាំ និង​ផ្សព្វ​ផ្សាយ​ការ​ចង​ចាំ ​របស់​ប្រទេស​កម្ពុជា​​។ មួយ​ក្នុង​ចំណោម​នោះ គឺ​ការ​កសាង​សមត្ថភាព​យុវជន​ ដើម្បី​ឱ្យ​ពួក​គេ​ចង​ក្រង​ការ​ចង​ចាំរបស់​សហគមន៍​ពួក​គេ​៕ 
 

Tag:
 វប្បធម៌​
  សិល្បៈ​
  ភាពយន្ត​
  ជន​ជាតិ​ដើម​ភាគ​តិច
  បុប្ផាណា
  ភាព​យន្ត​ឯកសារ
© រក្សាសិទ្ធិដោយ thmeythmey.com