សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande របស់ចិនខាតបង់ជាង ៤,៥ពាន់លានដុល្លារនៅឆមាសទីមួយ
28, Aug 2023 , 9:29 pm        
រូបភាព
ការដ្ឋាន​សំណង់​មួយ​របស់​ក្រុមហ៊ុន Evergrande Real Estate Group នៅ​ក្នុង​ក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន ។ រូបភាព  AFP ។
ការដ្ឋាន​សំណង់​មួយ​របស់​ក្រុមហ៊ុន Evergrande Real Estate Group នៅ​ក្នុង​ក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន ។ រូបភាព AFP ។
នៅឆមាសទីមួយឆ្នាំនេះ ក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande របស់ចិនបានខាតបង់សុទ្ធជាង៤,៥ពាន់លានដុល្លារ។ ក្រុមហ៊ុនបានអះអាងថា សមត្ថភាពក្នុងការរក្សាប្រតិបត្តិការជាមួយអតិថិជន គឺអាស្រ័យលើការអនុវត្តជោគជ័យនៃផែនការរៀបចំរចនាសម្ព័ន្ធបំណុលបរទេសឡើងវិញ បន្ទាប់ពីចរចាលើការបន្តសងជាមួយម្ចាស់បំណុលដែលនៅសេសសល់។

 
Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនជំពាក់បំណុលគេបំផុតនៅលើពិភពលោកបានប្រកាសថា ខ្លួនបានរងការខាតបង់ខ្លាំងនៅឆមាសទីមួយឆ្នាំនេះ។ 
 
ក្រុមហ៊ុន Evergrande បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៣៣ពាន់លានយ័ន (៤,៥៣ពាន់លានដុល្លារ) ក្នុងអំឡុងខែមករាដល់ខែមិថុនា ដែលទាបជាងចំនួន ៦៦,៤ពាន់លានយ័ន(៩,១១ពាន់លានដុល្លារ) ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
នៅក្នុងឯកសារដែលបានដាក់ជូននិយតករកាលពីថ្ងៃទី ២៧ ខែសីហា ក្រុមហ៊ុន Evergrande ប្រាក់ចំណូលរបស់ខ្លួននៅក្នុងឆមាសទីមួយឆ្នាំនេះ បានកើនឡើង ៤៤ភាគរយ បើធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលកើនដល់ ១២៨,២ពាន់លានយ័ន(ជិត ១៨ពាន់លានដុល្លារ)​ ដោយសារតែក្រុមហ៊ុនរៀបចំគម្រោងបន្តការលក់ និង ចាប់យកឱកាសរីកចម្រើនក្នុងរយៈពេលខ្លីនៅទីផ្សារអចលនទ្រព្យដែលចាប់ផ្តើមកាលពីដើមឆ្នាំនេះ។
 
ប្រាក់ចំណេញដែលបានចេញផ្សាយកាលពីខែមុនបានបង្ហាញថាក្រុមហ៊ុន Evergrande បានកត់ត្រាការខាតបង់សរុបចំនួន ៨១ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ និង២០២២ ខណៈដែលប្រាក់ចំណេញទទួលបានត្រឹមតែ ៨,១ពាន់លានយ័នក្នុងឆ្នាំ២០២០ ។
 
កាលពីថ្ងៃទី១៧ ខែសីហា ក្រុមហ៊ុន China Evergrande Group ដែលធ្លាប់ជាក្រុមហ៊ុនអចលនទ្រព្យធំទីពីររបស់ចិន​ បានដាក់ពាក្យសុំការការពារការក្ស័យធននៅអាម៉េរិក ខណៈដែលវិស័យអចលនទ្រព្យនៅចិនកំពុងជួបវិបត្តិធ្ងន់ធ្ងរ។
 
China Evergrande គឺជាការចាប់ផ្តើមនៃវិបត្តិនៃវិស័យអចលនទ្រព្យរបស់ចិន។ ចាប់តាំងពីចុងឆ្នាំ ២០២១មក ចិនបានមើលឃើញការបរាជ័យជាបន្តបន្ទាប់ចំពោះគម្រោងលំនៅឋានដែលមិនទាន់បញ្ចប់ជាច្រើន ខណៈអ្នកផ្គត់ផ្គង់មិនទាន់បានបង់ប្រាក់។
 
ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Country Garden ដែលខកខានមិនបានបង់ថ្លៃប័ណ្ណបំណុលជាប្រាក់ដុល្លារបានលើកឡើងពីការព្រួយបារម្ភអំពីការរីករាលដាលនៃវិបត្តិនៅក្នុងវិស័យអចលនទ្រព្យនៅបរទេស ធ្វើឱ្យសកម្មភាពផលិតកម្មចុះខ្សោយ និងការកើនឡើងភាពអត់ការងារធ្វើ៕
 

Tag:
 ចិន
 ​ អចលនទ្រព្យ
  Evergrande
© រក្សាសិទ្ធិដោយ thmeythmey.com