ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
យុវតីជនជាតិដើមភាគតិច២រូប ខំរៀនដើម្បីធ្វើជាគំរូដល់ក្មេងស្រីក្នុងភូមិ
29, Aug 2023 , 1:59 pm        
រូបភាព
ភ្នំពេញ៖ កញ្ញា កាសល់ ស៊ីនួន ​និងកញ្ញា សា រ៉ាឌី ជាជនជាតិដើមភាគតិច ​ដែលបាន​បង្ហាញ​ការ​តស៊ូដ៏​​មោះមុត ដើម្បីទទួលបានការអប់រំ​ខ្ពង់ខ្ពស់ ហើយ​ធ្វើជាគំរូ​ដល់ក្មេង​ស្រី​ជន​ជាតិ​​ដើម​ភាគតិចដទៃទៀត។ យុវតីទាំង២រូបនេះ  បាន​ ប្រឆាំង​នឹង​ប្រពៃណី​ដែល​ស្ត្រី​ជនជាតិដើមភាគតិច ត្រូវឆាប់រៀបការ ហើយនៅមើលថែគ្រួសារ ព្រមទាំងជម្នះការទិតៀន ពីមជ្ឈដ្ឋានជុំវិញផង ចំពោះការស្វែងរកចំណេះដឹងជ្រៅជ្រះរបស់ខ្លួន។  ​ទាំងស៊ីនួន និងរ៉ាឌី ចង់ឃើញក្មេងស្រីជនជាតិដើមភាគតិច មានការអប់រំខ្ពស់ ដូច្នេះពួកគេត្រូវតែធ្វើជាគំរូ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទយកការណ៍ដែលរៀបចំដោយ កញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 
 
 
កញ្ញា កាសល់ ស៊ីនួន ជាជនជាតិដើមភាគតិចចារ៉ាយ ហើយកញ្ញា សា រ៉ាឌី ជាជនជាតិដើមភាគតិចទំពួន ត្រូវបានអ្នកភូមិទិតៀនយ៉ាងខ្លាំង ព្រោះតែពួកនាងមិនព្រមឈប់រៀន។ បច្ចុប្បន្ន ស៊ីនួន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ហើយ រ៉ាឌី កំពុងសិក្សានៅមហាវិទ្យាល័យឆ្នាំទី៣។ ពួកគេទាំងពីរ ចង់ឃើញក្មេងស្រីជនជាតិដើមភាគតិច មានការអប់រំខ្ពស់ ដូច្នេះពួកគេត្រូវតែធ្វើជាគំរូ។
 
ការរៀនចប់ថ្នាក់វិទ្យាល័យ គឺជារឿងដ៏សាមញ្ញបំផុតសម្រាប់ខ្មែរកណ្ដាល ពិសេសអ្នករស់នៅរាជធានី ឬនៅទីក្រុង។ ប៉ុន្តែសម្រាប់ខ្មែរលើ ដែលជាជនជាតិដើមភាគតិច ការរៀនចប់ថ្នាក់ទី១២ គឺជារឿងដ៏កម្របំផុតទៅវិញ។  អ្នកដែលអាចតស៊ូ ជម្នះគ្រប់ឧបសគ្គ រហូតបានរៀនចប់វិទ្យាល័យ ត្រូវរងការរិះគន់យ៉ាងច្រើនពីអ្នកភូមិ កុំថាឡើយដល់រៀនចប់ថ្នាក់បរិញ្ញាបត្រនោះ។
 
ខ្មែរលើ ឬជនជាតិដើមភាគតិច មានប្រពៃណី និងទំនៀមទម្លាប់ ឱ្យកូនស្រីរៀបការពីក្មេង ហើយនៅមើលថែគ្រួសារ។ ពួកគេមិនលើកទឹកចិត្ត ឱ្យក្មេងឬកូនស្រីចូលរៀនឡើយ។ ពិសេសមិនគាំទ្រ ឱ្យរៀនសូត្របានជ្រៅជ្រះតែម្ដង។ តាំងពីដើមរហូតដល់បច្ចុប្បន្ន ចាស់ៗជនជាតិដើមភាគតិចមួយចំនួន នៅតែបន្តគិតថា ក្មេងស្រីដែលរៀនចេះដឹងច្រើន ពួកគេនឹងខូចខិល។
 
ប៉ុន្តែយុវតីទាំងពីរនាក់ខាងលើ មិនយល់ឃើញបែបនោះឡើយ។ ពួកគេមើលឃើញថា ក្មេងស្រី ឬស្ត្រីតែងតែរងគ្រោះគ្រប់បែបយ៉ាង ដូចជារងគ្រោះដោយសារប្ដីប្រើអំពើហិង្សា ក៏ដូចជារងគ្រោះពីសង្គម អស់ជាច្រើនជំនាន់ នោះដោយសារតែពួកគេ រៀនសូត្របានតិចតួចនោះឯង។ 
 
ស្ត្រីជនជាតិដើមភាគតិចភាគច្រើន ធ្វើការងារធ្ងន់ជាងបុរស ទាំងការងារក្នុងផ្ទះសព្វសារពើ ការមើលថែទាំកូន និងការងារចម្ការជាដើម។ ពួកគេក៏ត្រូវខំទៅស៊ីឈ្នួលគេបន្ថែមទៀត ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារទាំងមូល។ ចំណែកប្ដីរបស់ពួកគេមួយចំនួន ញៀនស្រា មិនខ្វល់ពីការរកចំណូលសម្រាប់គ្រួសារ ហើយថែមទាំងបង្កអំពើហិង្សាលើប្រពន្ធកូនទៀត។
 
ស៊ីនួន ដែលបានឃើញរូបភាពទាំងនោះ តាំងតែពីនាងនៅវ័យកុមារ តែងកួចចិត្តប៉ងថា នៅពេលដែលនាងចម្រើនវ័យ តើនាងអាចជួយអ្វីខ្លះដល់សហគមន៍ ពិសេសជួយដល់ស្រ្តី? ក្នុងចំណោមបំណងប្រាថ្នាជាច្រើន ការខំរៀនឱ្យបានខ្ពង់ខ្ពស់ គឺជាអ្វីដែល ស៊ីនួន យល់ថាអាចជួយសហគមន៍ខ្លួនបាន។ 
 

 
ជាជនជាតិដើមភាគតិចចារ៉ាយយុវនារី កាសល់ ស៊ីនួន ស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ ខ្លួនយ៉ាងសមសួន ឈរនៅសាលតាំងពិពណ៌ជាន់ផ្ទាល់ដី នៃមជ្ឈមណ្ឌលបុប្ផាណា។ មានអាយុ២៥ឆ្នាំ មកពីភូមិលើហន់ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី ស៊ីនួន ទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញអភិវឌ្ឍសហគមន៍ នៅប៉ុន្មានខែមុននេះ។ 
 
ជានារីទីមួយក្នុងឃុំ ដែលបានសិក្សាខ្ពស់ដល់មហាវិទ្យាល័យ។ នារីសម្បុរស្រអែម សក់ស្លូតវែងរូបនេះ បច្ចុប្បន្នធ្វើការងារជាអ្នកស្ម័គ្រចិត្ត នៅអង្គការនារីដើម្បីសន្តិភាព និងអង្គការបណ្ដាញទូរសព្ទជំនួយកុមារកម្ពុជា។ 
 
ស៊ីនួន ដែលរៀនចប់ថ្នាក់ទី១២ ក្នុងឆ្នាំ២០១៨ ហើយត្រូវរង់ចាំមួយឆ្នាំ ដោយសារមិនមានលទ្ធភាពមករៀនភ្លាមៗនៅរាជធានី បានប្រឹងប្រែងដាក់អាហារូបករណ៍ជាច្រើនកន្លែង ហើយនៅទីបំផុតនាងបានជាប់មួយកន្លែងដែរ។ «ខ្ញុំបោះបង់មួយឆ្នាំ ដោយសារមិនមានលទ្ធភាពមករៀន។ ហើយក្នុងមួយឆ្នាំនោះ ខ្ញុំទៅធ្វើគ្រូកិច្ចសន្យា ដើម្បីរកប្រាក់រៀនបន្ត។ ឆ្នាំ២០១៩ ខ្ញុំដាក់អាហាររូបករណ៍ច្រើនកន្លែង ប៉ុន្តែបានជាប់១ដែរ ទើបបានឡើងមករៀននៅភ្នំពេញ។ ជំនាន់ប្អូនខ្ញុំ ក៏ជាប់អាហារូបករណ៍ដែរ»។ 
 
ការរៀនបានខ្ពស់ គឺជារឿងគួរឱ្យកោតសរសើរ។ ប៉ុន្តែអ្នកភូមិរបស់ ស៊ីនួន គិតផ្ទុយទៅវិញ។ ពួកគេតែងតែស្ដីបន្ទោសម្ដាយឪពុករបស់ ស៊ីនួន ដែលពុំព្រមបញ្ឈប់កូនស្រីពីការសិក្សា ហើយឱ្យនាងមកធ្វើចម្ការវិញ។ បើទោះបីជាត្រូវបាន អ្នកភូមិបន្ទច់បង្អាក់យ៉ាងណាក៏ដោយ តែនារីដែលមានម្ដាយមិនចេះអក្សរ ហើយឪពុករៀនបានត្រឹមថ្នាក់ទី១រូបនេះ ពិតជាមានសំណាង ព្រោះម្ដាយឪពុករបស់នាង គាំទ្រឱ្យនាងរៀនយ៉ាងពេញទំហឹង។
 
«ខ្ញុំរៀនចប់បរិញ្ញានេះហើយ អ្នកភូមិគេនៅតែនិយាយជាមួយគ្រួសារខ្ញុំថា គេអាណិតគ្រួសារខ្ញុំ ហេតុអ្វីមិនឱ្យកូនមកផ្ទះមក ជួយការងារចម្ការ ព្រោះម្ដាយឪពុកចាស់ៗហើយ ហេតុអីនៅរៀនទៀត? តែអ្នកខ្លះក៏សប្បាយចិត្តជាមួយខ្ញុំដែរ ពេលឃើញខ្ញុំរៀនចប់។ ម៉ែខ្ញុំអត់ចេះអក្សរទេ។ ពុកខ្ញុំរៀនថ្នាក់ទី១ បានតែ៤ខែប៉ុណ្ណោះ តែគាត់ចេះអានខ្វះដែរ។ អាចនិយាយបានថា ខ្ញុំជាគំរូសម្រាប់ក្មេងស្រីដទៃទៀត នៅក្នុងសហគមន៍ខ្ញុំ។  ម្ដាយឪពុកខ្លះ ក៏ចង់ឱ្យកូនៗរបស់ពួកគេ រៀនបានខ្ពស់ដែរ ប៉ុន្តែកូនៗរបស់ពួកគេមិនចង់រៀន»។ នេះជាការបញ្ជាក់បន្ថែមរបស់ ស៊ីនួន ដែលលាបក្រែមមាត់ពណ៌ក្រហម។
 
ចំណែកឯយុវនារី សា រ៉ាឌី វិញ ជាជនជាតិដើមភាគតិចទំពួន មានជីវិតសិក្សាមិនសូវខុសអ្វីពី ស៊ីនួន ប៉ុន្មានដែរ។ នាងបានជម្នះពាក្យអ្នកភូមិ រហូតបានរៀនដល់ថ្នាក់បរិញ្ញា។ មានវ័យ២៤ឆ្នាំ មកពីភូមិល្អឺនតាំងមីស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី នារីញញឹមស្រស់រូបនេះ  ថាកាលពីមុន ស្រីៗក្នុងភូមិរបស់នាង មិនមានអ្នកណារៀនចប់វិទ្យាល័យឡើយ។
 
អ្នកភូមិរបស់ រ៉ាឌី ក៏មិនសូវលើកទឹកចិត្តឱ្យក្មេងស្រីរៀនដែរ ពិសេសគឺមនុស្សចាស់តែម្ដង។ បើទោះបីជាអ្នកភូមិ មើលឃើញថាក្មេងស្រីដែលរៀនច្រើន គឺជាមនុស្សស្រីមិនសូវល្អយ៉ាងណាក្ដី ក៏នារីមុខមូលភ្លឺរលោង រ៉ាឌី នៅតែប្រឹងប្រែងរៀន ហើយត្រឡប់ទៅបង្ហាញ ឱ្យអ្នកភូមិឃើញវិញ ពីលទ្ធផលដែលនាងបានរៀន។
 
«ពេលមានកម្មវិធីប្រជុំ ខ្ញុំឧស្សាហ៍ចែករំលែកទៅ យុវជននិងអ្នកភូមិ ពីការវិវឌ្ឍរបស់សង្គមបច្ចុប្បន្ន និងពីជីវភាពអ្នកនៅរាជធានី។ ភាគច្រើនខ្ញុំមើលទំនោរ របស់យុវជនដែលខ្ញុំបានជួប បើគេជាមនុស្សចូលចិត្តដើរលេង ខ្ញុំលើកពីកន្លែងកម្សាន្តប្រាប់គេ។ និយាយរួម ខ្ញុំមើលថា បើគេចូលចិត្តបែបណា ខ្ញុំនិយាយរឿងពាក់ព័ន្ធនឹងអ្វីដែលគេចូលចិត្តនោះ ដើម្បីទាញចំណាប់អារម្មណ៍របស់គេ»។ នេះជាការបញ្ជាក់បន្ថែមរបស់ រ៉ាឌី។
 

 
បច្ចុប្បន្នបម្រើការងារ ជាអ្នកកាត់តវីដេអូ នៅក្នុងស្ថានីយ៍ទូរទស្សន៍ CTN រ៉ាឌី ដែលពាក់អាវដៃវែងកបត់ពណ៌កាកអំពៅ ថាក្នុងភូមិរបស់នាង ពុំសូវជាឆ្ងាយពីក្រុងប៉ុន្មានឡើយ ហើយផ្លូវក៏ពុំសូវពិបាកដែរ ប៉ុន្តែអ្នកភូមិ មិនចង់ឱ្យកូនស្រីមករៀនតែម្ដង។ 
នារីកំពុងរៀនឆ្នាំទី៣ ផ្នែកទេសចរណ៍រូបនេះ  មានក្ដីស្រមៃចង់ឱ្យក្មេងៗទាំងនារីនិងបុរស ទទួលបានការសិក្សាអប់រំច្រើន និងបានខ្ពង់ខ្ពស់។ 
 
នារីសក់ស្លូតវែងដល់ចង្កេះរូបនេះទទូច៖«ខ្ញុំចង់ផ្ដាំទៅចាស់ៗ សូមជំរុញនិងលើកទឹកចិត្តក្មេងៗជំនាន់ក្រោយ ឱ្យខំរៀនសូត្រឱ្យបានច្រើន។ កុំគិតថាការរៀបការ ទាំងវ័យក្មេងគឺជារឿងល្អ គឺវាមិនល្អទេ។ ប៉ុន្តែការសិក្សាឱ្យបានច្រើនទៅវិញទេទើបល្អ»។ 
 
លោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ផាណា បានប្រាប់សារព័ត៌មានថ្មីៗ ក្រោយការបញ្ចាំងភាពយន្តឯកសារខ្លី ស្ដីពីជីវិតស្ត្រីជនជាតិដើមភាគតិច ដែលផលិតដោយជនជាតិដើមភាគតិចផ្ទាល់ថា ជនជាតិដើមភាគតិចមានបញ្ហាប្រឈមខ្លាំង ពាក់ព័ន្ធនឹងការសិក្សាអប់រំ។ លោកថាកត្តាភូមិសាស្ត្រ ជីវភាព ប្រពៃណី និងកង្វះការលើកទឹកចិត្តជាដើម គឺជាដើមហេតុដែលនាំឱ្យ ជនជាតិដើមភាគតិច ពិបាកទទួលបានការអប់រំល្អ។ 
 
លោក សុភាព បន្ថែមដូច្នេះ៖«សម្រាប់ជនជាតិដើមភាគតិច សាលាគាត់នៅឆ្ងាយ ហើយទីតាំងភូមិសាស្ត្រពិបាក ជួនមានជិះឡើងភ្នំចុះភ្នំ ដែលបង្កជាភាពលំបាក។ ជីវភាពគាត់ក៏ក្រផង តើយើងត្រូវធ្វើយ៉ាងម៉េច ដើម្បីកែប្រែ ដើម្បីឱ្យគាត់ទទួលបានសេវាសាធារណៈ ឱ្យបានស្រួល និងឱ្យបានសមរម្យ? នេះគឺជាការងារដែលត្រូវធ្វើទាំងអស់គ្នា មិនមែនតែរដ្ឋាភិបាល និងមិនមែនតែដៃគូអភិវឌ្ឍន៍ទេ ប៉ុន្តែសម្រាប់យើងទាំងអស់គ្នា ចូលរួមគិតនិងដោះស្រាយទាំងអស់គ្នា»។ 
 
សូមរំឭកថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឲ្យអនុវត្តផែនការជាតិ ស្តីពីការអប់រំពហុភាសា ដែលអាចឲ្យកុមារជនជាតិដើមភាគតិច ទទួលបានការអប់រំ ដោយប្រើប្រាស់ភាសាកំណើតរបស់ខ្លួន ដែលត្រូវបានដាក់ឲ្យអនុវត្ត ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។ នៅក្នុងផែនការនេះ ក្រសួងអប់រំបានបង្កើនសាលារៀនបន្ថែមទៀត ជាមួយនឹងការបណ្តុះបណ្តាលគ្រូ និងការរៀបចំឯកសារបង្រៀន សម្រាប់កម្មវិធីអប់រំពហុភាសា នៅខេត្តប៉ែកឦសាននៃប្រទេស ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងព្រះវិហារ៕
 

Tag:
 សង្គម
  អប់រំ
  ជនជាតិដើមភាគតិច
  វិទ្យាល័យ
  ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com