កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី ទទួលបានការអនុញ្ញាតឱ្យប្រើភ្លេងជាតិ និងទង់ជាតិក្នុងការប្រកួតកីឡាអេឡិចត្រូនិក
29, Aug 2023 , 8:29 pm        
រូបភាព
សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) បានសម្រេចចិត្តអនុញ្ញាតផ្តល់សិទ្ធិដល់កីឡាករសញ្ជាតិរុស្ស៊ី ឱ្យប្រើប្រាស់ភ្លេងជាតិ និងទង់ជាតិរបស់ខ្លួននៅក្នុងការប្រកួតកីឡាអេឡិចត្រនិកអន្តរជាតិ។



«ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិរុស្ស៊ី នឹងអាចចូលរួមការប្រកួតប្រជែងម្តងទៀតក្រោមរូបភាពទង់ជាតិរុស្ស៊ី និងភ្លេងជាតិរបស់ខ្លួន។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាអេឡិចត្រូនិករុស្ស៊ី នាថ្ងៃទី២៨ ខែសីហា។
 
បច្ចុប្បន្ន IESF ដែលមានលោក Vlad Marinescu ជាប្រធាន កំពុងតែរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិពិភពលោកនៅក្នុងទីក្រុងឡាស៊ី ប្រទេសរូម៉ានី។ លោក Vlad Marinescu ដែលមានតួនាទីជាប្រធាននៃសហព័ន្ធកីឡាយូដូអន្តរជាតិ (IJF) ផង មានសញ្ជាតិរូម៉ានី-អាម៉េរិក។ 
 
បើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាអេឡិចត្រូនិករុស្ស៊ី បានរៀបចំការបោះឆ្នោតដើម្បីដាក់បញ្ចូលសមាជិកខ្លួនចូលប្រកួតឡើងវិញ ដោយមានប្រតិភូចំនួន ៣២នាក់បោះឆ្នោតគាំទ្រ ខណៈ ១៣នាក់បោះឆ្នោតប្រឆាំង និង ២៥នាក់បានអនុប្បវាទ។
 
តាមរយៈលោក Dimitri Smit ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិករុស្ស៊ី បាននិយាយក្នុងសន្និសីទកាសែតដូច្នេះថា ៖«កីឡាត្រូវតែរួបរួម ហើយទម្រង់នៃការរើសអើងណាមួយចំពោះអត្តពលិកនៅលើមូលដ្ឋានជាតិ ឬហេតុផលផ្សេងទៀតគឺមិនអាចទទួលយកបានទេ។ ដូច្នេះយើងមានសេចក្តីរីករាយដែលអាចបដិសេធការសម្រេចចិត្តលើកមុន។»។
 
កាលពីខែឧសភា នៅក្នុងប្រទេសកាតា ដែលជាទីកន្លែងដែលព្រឹត្តិការណ៍កីឡាយូដូពិភពលោក ប្រទេសអ៊ុយក្រែនបានធ្វើពហិការមិនចូលរួមប្រកួត ដោយសហព័ន្ធ IJF បានអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡ៉ារុសចូលរួមប្រកួត។ រុស្ស៊ី និងអ៊ុយក្រែនបច្ចុប្បន្នកំពុងតែមានសង្គ្រាមនឹងគ្នា។
 
ទោះជាយ៉ាងណាការសម្រេចនៅក្នុងកីឡាអេឡិចត្រូនិកនេះ នៅមិនទាន់មានមតិប្រឆាំងណាមួយបានធ្វើឡើងនៅឡើយចំពោះការអនុញ្ញាតឱ្យកីឡាកររុស្ស៊ី អាចប្រើប្រាស់ភ្លេងជាតិ និងទង់ជាតិរបស់ខ្លួនបាន៕
 

Tag:
 កីឡាអេឡិចត្រូនិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com