កីឡាអន្តរជាតិ
អន្តរជាតិ
វត្តមាន Ronaldo ជួយលីគអារ៉ាប៊ីសាអូឌីតកើនចំណូលពីការផ្សាយ ៦៥០ភាគរយ
30, Aug 2023 , 8:29 am        
រូបភាព
លោក Carlo Nohra ប្រធានផ្នែកប្រតិបត្តិការរបស់លីគកំពូលអារ៉ាប៊ីសាអូឌីត (SPL) ជឿជាក់ថាវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo មានឥទ្ធិពលយ៉ាងខ្លាំងទៅលើលីគ ដោយទាក់ទាញចំនួនអ្នកទស្សនាច្រើន និងកើនឡើងការចាក់ផ្សាយនៅប្រទេសចំនួន ១៤០ ដែលកើនចំណូលជាង៦ដង។



«ការចុះកិច្ចសន្យារបស់ Cristiano Ronaldo មកលេងនៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតបានជួយឱ្យការផ្សព្វផ្សាយក្របខណ្ឌលីគកំពូលមួយនេះទៅកាន់ ១៤០ប្រទេស និងបង្កើនប្រាក់ចំណូលប្រមាណ ៦៥០ភាគរយ។»។ នេះជាការអះអាងរបស់លោក Nohra ទៅកាន់កាសែត​ ​ACE។
 
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់បានចាកចេញពីក្រុម Manchester United នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពីបរាជ័យក្នុងការបង្ហាញសមត្ថភាពនៅក្នុងក្រុមស្ថិតក្រោមអ្នកចាត់ការក្រុមលោក Erik ten Hag។ Ronaldo បានចូលរួមក្រុម Al-Nassr ដោយក្លាយជាកីឡាករល្បីឈ្មោះលើកដំបូងពីតំបន់អឺរ៉ុប ទៅកាន់បាល់ទាត់នៅប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូពា៍។
 
បើតាមនាយកប្រតិបត្តិលីគអារ៉ាប៊ីសាអូឌីតដដែល បានពន្យល់ពីចក្ខុវិស័យរបស់លីគ ថាបណ្តាក្លិបនឹងរក្សាលទ្ធភាពហរិញ្ញវត្ថុរបស់ពួកគេបន្ទាប់ពីបានចំណាយប្រាក់យ៉ាងច្រើនក្នុងរដូវកាល ២០២៣-២៤ ដើម្បីទាក់ទាញកីឡាករកំពូលៗ។ លោក Nohra បានអះអាងប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះថា គម្រោងនៃលីគ Saudi Pro League គឺធ្វើឡើងរយៈពេលវែង មិនមែនជាមុខងារបោះលុយចោលទទេនោះឡើយ។
 
នាទីផ្សារដោះដូរកីឡាករដើមរដូវកាល ២០២៣-២៤ Saudi Pro League ចាប់ផ្តើមក្លាយជាទីកន្លែងដ៏គួរឱ្យចាប់អារម្មណ៍បំផុតពីសំណាក់កីឡាករតំបន់អឺរ៉ុប ដោយមានកីឡាករប្រមាណជាង ២០រូបបានផ្លាស់ពីក្លិបនៅអឺរ៉ុបទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ កីឡាករល្បីឈ្មោះខ្លាំងដូចជា Neymar Jr, Karim Benzema, N’Golo Kante, Sadio Mane, Riyad Mahrez ជាដើមដែលបានផ្លាស់ទៅ Saudi Pro League៕
 

Tag:
 Cristiano Ronaldo
  Saudi Pro League
© រក្សាសិទ្ធិដោយ thmeythmey.com