កីឡាអន្តរជាតិ
អន្តរជាតិ
ថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់អេស្ប៉ាញ អំពាវនាវឱ្យលោក Rubiales ចុះចេញពីតំណែង
29, Aug 2023 , 6:19 pm        
រូបភាព
ថ្នាក់ដឹកនាំរបស់សហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ បានអំពាវនាវឱ្យលោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ចុះចេញពីតំណែង ក្រោយមានរឿងអាស្រូវថើបកីឡាការិនី អំឡុងពេលកម្មវិធីចែកមេដាយនៅព្រឹត្តិការណ៍ ​Women’s World Cup 2023 ក្នុងប្រទេសអូស្រ្តាលី។



តំណែងរបស់លោក Rubiales កំពុងមានកម្តៅខ្លាំង ក្រោយមានបញ្ហាបន្ទាប់ពីលោកបានថើបកីឡាការិនី Jenni Hermoso ត្រង់បបូរមាត់អំឡុងកម្មវិធីប្រគល់មេដាយមាសដល់ក្រុមនារីអេស្ប៉ាញដែលឈ្នះជើងឯក។ ប្រធានសហព័ន្ធរូបនេះ រងការរិះគន់ខ្លាំង រហូតធ្វើឱ្យអ្នកគាំទ្រ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនក្នុងប្រទេសអេស្ប៉ាញអំពាវនាវឱ្យចុះចេញពីតំណែង។
 
កាលពីថ្ងៃទី២៨ ខែសីហា មានសេចក្តីរាយការណ៍ថា RFEF បានចាត់វិធានការក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន ស្នើសុំឱ្យ UEFA ព្យួរការប្រកួតរបស់ក្រុមខ្លួនមួយរយៈពីការប្រកួតអន្តរជាតិនានា ដើម្បីសង្គ្រោះការងាររបស់លោក Rubiales។ ក្រោយមក សមាជិកនៃរដ្ឋាភិបាលអេស្ប៉ាញជាច្រើនបានបន្ថែមសំឡេងរបស់ពួកគេក្នុងការទាមទារឱ្យលោក Rubiales ចាកចេញពីតំណែង។
 
យ៉ាងមកដល់ពេលនេះ មានសេចក្តីថ្លែងការណ៍រួមមួយពីសំណាថ្នាក់ដឹកនាំសំខាន់ៗក្នុងសហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ ជាក្រុមចុងក្រោយគេបង្អស់ដែលបានដាក់ការអំពាវនាវឱ្យលោក Rubiales ចុះចេញតំណែងប្រធាន RFEF តែម្តង។
 
«បន្ទាប់ពីមានព្រឹត្តិការណ៍ដ៏ក្តៅនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ទាក់ទងនឹងអាកប្បកិរិយាដែលពិបាកទទួលយក ហើយដែលធ្វើឱ្យប៉ះពាល់ដល់រូបភាពនៃបាល់ទាត់អេស្ប៉ាញ ប្រធានបាល់ទាត់គ្រប់តំបន់សូមស្នើសុំឱ្យលោក Luis Rubiales បង្ហាញការលាលែងពីតំណែងជាប្រធាន RFEF ភ្លាមៗ។»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ប្រធានបាល់ទាត់តំបន់របស់អេស្ប៉ាញ។
 
សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA កាលពីថ្ងៃទី២៦ ខែសីហា ក៏បានសម្រេចចិត្តព្យួរការងាររបស់លោក Rubiales ពីការសកម្មភាពបាល់ទាត់រយៈពេល ៣ខែ ដើម្បីបើកការស៊ើប​អង្កេត​លើរឿងអាស្រូវការថើបកីឡាការិនីផងដែរ៕
 

Tag:
 Luis Rubiales
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com