កីឡាអន្តរជាតិ
អន្តរជាតិ
Haaland និង Saka ឈ្នះពានកីឡាករឆ្នើម PFA រៀងៗខ្លួនប្រចាំឆ្នាំ ២០២៣
30, Aug 2023 , 1:59 pm        
រូបភាព
Erling Haaland ខ្សែប្រយុទ្ធក្រុម Manchester City ឈ្នះពានកីឡាករឆ្នើមប្រចាំរដូវកាល PFA Player of the Year របស់សហព័ន្ធកីឡាករបាល់ទាត់អាជីពអង់គ្លេស (PFA) ស្របពេល Bukayo Saka ខ្សែបម្រើ Arsenal ជាប់ជាកីឡាករវ័យក្មេងឆ្នើម PFA Young Player ប្រចាំរដូវកាល ២០២២-២៣។



Haaland ទទួលបានសំឡេងគាំទ្រលើសមិត្តរួមក្រុម Kevin de Bruyne, Harry Kane របស់ Spurs ដែលទើបផ្លាស់ទៅ Bayern Munich និងកីឡាករ៣រូបផ្សេងទៀត ដើម្បីក្លាយជាម្ចាស់ពាន PFA Player of the Year ឆ្នាំ២០២៣ នេះ។
 
ខ្សែប្រយុទ្ធអន្តរជាតិន័រវែស វ័យ២៣ឆ្នាំរូបនេះ បានជួយ Man City ឈ្នះជើងឯក Premier League, UEFA Champions League និង FA Cup រដូវកាលមុន។ ក្នុងក្របខណ្ឌលីគកំពូលអង់ក្លេស Haaland អាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុតជាកំណត់ត្រាចំនួន៣៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រចទី៨លើក ក្នុងការបង្ហាញខ្លួនរដូវកាលដំបូង ក្រោយផ្លាស់ពី Borussia Dortmund
 
 ដោយឡែក Saka ខ្សែបម្រើ វ័យ២១ឆ្នាំ ដែលជួយ Arsenal បញ្ជប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងលីគកំពូលអង់គ្លេសរដូវកាលមុន និងទទួលបានកៅអី Champions League សារជាថ្មី ជាប់ជាកីឡាករយុវជនឆ្នើម PFA Young Player។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះ បង្ហាញទម្រង់លេងដ៏អស្ចារ្យ និងស្ថិតនៅជម្រើសដំបូងរបស់លោក Mikel Arteta ជាប្រចាំ។
 
Saka ដែលប្រជែងឈ្នះមិត្តរួមក្រុម Gabriel Martinelli សម្រាប់ពានកីឡាករយុវជនឆ្នើមនេះ រកបាន១៥គ្រាប់ និងបញ្ជូនឱ្យដៃគូសម្រេចទី១៥លើក ក្នុងការបង្ហាញខ្លួនឱ្យកាំភ្លើងធំទាំង៣៨ប្រកួតក្នុងលីគ រដូវកាលមុន។
 
សម្រាប់ផ្នែកកីឡាការិនីវិញ Rachel Daly ខ្សែប្រយុទ្ធក្រុម Aston Villa ឈ្នះពាន Women’s Player of the Year ខណៈកីឡាការិនី Lauren James របស់ Chelsea ឈ្នះពានកីឡាការិនីវ័យក្មេង Women’s Young Player of the Year។
 
១១នាក់ល្អបំផុតសម្រាប់ក្រុមបុរស់នៅជើងឯក Premier League មាន៖
 
 - អ្នកចាំទី៖ Aaron Ramsdale (Arsenal)
- ខ្សែការពារ៖ John Stones, Ruben Dias របស់ Man City រួមជាមួយ William Saliba របស់ ​​​Arsenal និង Kieran Trippier របស់ Newcastle
- ខ្សែបម្រើ៖ De Bruyne, Rodri (Man City) Martin Odegaard និង Bukayo Saka (Arsenal)
- ខ្សែប្រយុទ្ធ៖ Erling Haaland (Man City), Harry Kane (Spurs ផ្លាស់ទៅ Bayern Munic)៕ 
 

Tag:
 PFA Player of the Year
© រក្សាសិទ្ធិដោយ thmeythmey.com